មាន​អ្នក​លួច​ចូល Hack វែបសាយ​សម្តេច ហ៊ុន សែន​

​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា មាន​សកម្មភាព​ប្លន់​គេហទំព័រ​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល (samdechhunsen.gov.kh) កាលពី​វេលា​ម៉ោង​ប្រមាណ​៤ និង​១២​នាទី​ភ្លឺ​។​

បើតាម​សេចក្តីថ្លែងការណ៍ ក្រុម Hacker បាន​ចូល Hacked វេ​ប​សាយ ដោយបាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់​សារ​សំឡេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយស​ម្តេច​នាយករដ្ឋមន្ត្រី ព្រមទាំង​បង្ក​ការរំខាន និង​ធ្វើ​ឲ្យ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅក្នុង​វេ​ប​សាយ​ផងដែរ​។

​ជុំវិញ​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា​នេះ សេចក្តីថ្លែងការណ៍ បាន​លើកឡើងថា ជា​ទង្វើ​មិនអាច​ប្រកែក​បាន​របស់​ក្រុម​បក្សប្រឆាំង​ដែល​តែងតែ​រិះរក​វិធី គ្រប់យ៉ាង​ធ្វើការ​វាយប្រហារ​មកលើ សម្តេច ហ៊ុន សែន​។ «​ជនល្មើស​ទោះបី​មាន​ប្រភព​មកពីណា​ក៏ដោយ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាតិ និង​អន្តរជាតិ​»​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​សេចក្តីថ្លែងការណ៍ ដោយ​នៅពេលនេះ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស​៕