ក្រោយ​ជាប់ពន្ធនាគារ រឿងក្តី​របស់លោក​ស៊ុត ឌី​ណា ស្ថិតក្នុង​ភាព​ស្ងៀមស្ងាត់​

ការនាំ​ខ្លួន​លោក ស៊ុត ឌី​ណា ពី​ប្រទេស​កូរ៉េខាងត្បូង មក​កាត់ទោស​នៅ​តុលាការ​កម្ពុជា បង្ក​ឲ្យ​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​អ្នកសារព័ត៌មាន និង​សាធារណជន​។ ប៉ុន្តែ​រឿងរ៉ាវ​ដ៏​រសើប​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូងរ​រូបនេះ ប្រែក្លាយជា​ស្ងាត់ជ្រងំ ក្រោយ​លោក​ជាប់​ឃុំឃាំង​។

អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ត្រូវបាន​បញ្ជូន​ខ្លូន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​តុលាការ​ចោទប្រកាន់ កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ ។ តុលាការ​បាន​ចោទ​លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស​គឺ «​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​» និង «​ការរំលោភ​អំណាច​មាន​ប្រសិទ្ធភាព​»​។

រហូតមកដល់​ពេលនេះ លោក ហុក ផល្លា មេធាវី​របស់លោក ស៊ុត ឌី​ណា មិនទាន់​សម្រេចចិត្ត ថា​នឹងដាក់​លិខិត​ទៅកាន់​តុលាការ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ក្នុងការ​ដោះលែង​កូនក្តី​របស់ខ្លួន នៅពេលណា​នោះទេ​។ លោក លើកឡើងថា ក្នុងអំឡុង​ពេលនេះ លោក​កំពុងតែ​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ ដើម្បី​សម្រេចចិត្ត​រួមគ្នា​ថា​ត្រូ​ធ្វើ​អ្វី​។

ជាងនេះទៀត លោក ហុក ផល្លា ត្រូវ​ចំណាយពេល​ទៅ​ជួប​លោក ស៊ុត ឌី​ណា ដើម្បី​សួរនាំ​ឲ្យ​លម្អិត​ពី​អង្គហេតុ​។ «​ខ្ញុំ​ត្រូវ​សួរ​ក្រុមគ្រួសារ​ជាមុនសិន ព្រោះ​ខ្ញុំ​មិនអាច​សម្រេច​តែឯង​បានទេ​។ […] ហើយ​ខ្ញុំ​ក៏ត្រូវ​ឆ្លៀតពេល​ទៅ​ជួប​កូនក្តី​ខ្ញុំ​ដើម្បី​ជជែក​គ្នា​ដែរ ថា​ត្រូវធ្វើ​យ៉ាងម៉េច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហុក ផល្លា ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល ថ្ងៃទី​៦ ឧសភា​នេះ​។​

សូមបញ្ជាក់ថា សំណុំរឿង​របស់លោក ស៊ុត ឌី​ណា កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​។ គិត​មកដល់ពេលនេះ លោក ស៊ុត ឌី​ណា បាន​ស្ថិតក្នុង​ពន្ធនាគារ​អស់​រយៈពេល​១​ខែ​ហើយ​៕