ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ប្រគល់​អណ្ដូងទឹក​៤​កន្លែង​​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ប្រគល់​អណ្ដូងទឹក​៤​កន្លែង​​



កំពង់ឆ្នាំង ៖ អណ្ដូង​ទឹក​៤ ដែល​ជា​អំណោយ​របស់​ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ធ្វើការ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ខណៈ​ភាព​រាំង​ស្ងួត ​និង​កម្ដៅ​ ចេះ​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

ការ​ចុះ​ប្រគល់​អណ្ដូងទឹក​ជូន​ប្រជា​ពលរដ្ឋ​សម្រាប់​ប្រើប្រាស់​នេះ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោកជំទាវ កែ ​ច​ន្ទ័​មុន្នី ​​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់ឆ្នាំង​ ឯកឧត្ដម​ឧកញ៉ា កុយ ​សុវណ្ណ អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ លោកជំទាវ​ តុង​ណា​រី សមាជិក​ក្រុម​ប្រឹក្សារ​ខេត្ត​លោក​អភិបាល​ស្រុក មេឃុំ លោក​មេភូមិ​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ ។

ពិធី​ប្រគល់​អណ្ដូង​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៦​ ខែ​ឧសភា ឆ្នាំ​២០១៦ ​ចុង​សប្ដាហ៍​កន្លងទៅ ​នៅ​ក្នុង​ឃុំ​២​ របស់​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង ។

លោកជំទាវ ​កែ ច​ន្ទ័​មុន្នី​ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​ពាំនាំ​ប្រសាសន៍​សាកសួរ​សុខ​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នៅ​គ្រោះធម្មជាតិ នៃ​រលក​កម្ដៅ​ចេះ​តែ​មាន​ការ​កើន​ឡើង​ធ្វើ​ឲ្យ​ស្រះ​អណ្ដូង​បឹងបួ​ស្ងួត​រីង​ខ្វះ​ទឹក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​បងប្អូន​ខណៈ​ដែល​លោក​បាន​ធ្វើការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្រុក​ចុះ​ធ្វើ​ការ​ផ្តល់​ទឹក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​តាម​បណ្ដា​ទី​ឆ្ងាយ​ៗ​ពី​ប្រភព​ទឹក។

ថ្ងៃនេះ​ផង​ដែរ​ លោកជំទាវ​អ្នកតំណាងរាស្ត្រ​បាន​លើក​ឡើង​នៅមុខ​បង​ប្អូន​ប្រជាពលរដ្ឋ​ថា​អណ្ដូងទឹក​ទាំង​៤​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នេះ វា​ជា​ការ​ឧបត្ថម្ភ​របស់​ឯកឧត្ដម​ឧកញ៉ា កុយ​ សុវណ្ណ​​ដែល​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច​ ខណៈ​ដែល​លោក​មើល​ឃើញ​ពី​ទុក្ខ​លំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ទាំង​អស់​នេះ​ វា​ជា​ការ​ចែករំលែក​ជូន​បងប្អូន​នៅ​ទី​ឆ្ងាយៗ។

លោកជំទាវ​អ្នកតំណាងរាស្ត្រ​បានលើកឡើង​ទៀតថា ​អណ្ដូង​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ថ្ងៃនេះ​ មាន​៣​ភូមិ ​២​ឃុំ​ ក្នុង​ស្រុក​កំពង់ត្រឡាច ភូមិ​ធ្លក​យល១ ភូមិ​ឡ​ពាង​១ និង​ភូមិ​ត្រពាំង​ក្តារ ឃុំ​ថ្ម​ឥដ្ឋ​២​កន្លែង​ ខណៈ​ដែល​ភូមិ/​ឃុំ​ខាងលើនេះ​នៅ​ឆ្ងាយ​ ហើយ​អណ្ដូង​ចាស់ៗ ​រីង​ដែល​មិនអាច​គ្រប់គ្រាន់​បំពេញ​ក្នុង​ការ​ប្រើប្រាស់​បាន​នោះ​ឡើយ​ ហើយ​ការ​ចំណាយ​សម្រាប់​ការ​ជីកអណ្ដូង ​វា​ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា កុយ​ សុវណ្ណ អស់​ថវិកា​ចំនួន​១.០២០​ដុល្លារ។

លោកជំទាវ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​អណ្តូងទឹក​ទាំងអស់​សូម​ជួយ​ថែរក្សា​ឲ្យ​បាន​យូរ ព្រោះ​វា​ជា​ប្រយោជន៍​រួម ​ហើយ​អណ្ដូងទឹក​ដែល​បាន​ធ្វើការ​ប្រគល់​ជូន​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងថ្ងៃនេះ​ គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​នោះឡើយ ទីណា​មាន​ការ​លំបាក​ ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅដល់​ទីនោះ​ភ្លាមៗ។

ក្នុង​នោះ ​លោកជំទាវ​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព ​គឺ​ហូប​ស្អាត រស់នៅ​ស្អាត​ និង​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​រាល់​គ្រោះធម្មជាតិ​បាតុភាព​ផ្សេងៗ​កើតឡើង​ជា​យថាហេតុ ​ក្នុង​នោះ​សូម​មើលថែ​ប្អូនៗ​កុមារ​ឲ្យ​បាន​ដិតដល់​ខ្លាច​កើតមាន​ជំងឺ​ផ្សេងៗ​ក្នុង​រដូវក្តៅ​នេះ​ផង​ដែរ។​

នៅ​បញ្ចប់​ពិធី​ មាន​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ៗ​សាប៊ូម្សៅ​១​ថង់​ និង​សាប៊ូ​ក្រអូប​១​ដុំ​ និង​ថវិកា​១០.០០០​រៀល​ផង​ដែរ​៕ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ប្រគល់​អណ្ដូងទឹក​៤​កន្លែង​​

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​ប្រគល់​អណ្ដូងទឹក​៤​កន្លែង​​