បាញ់​ប្លន់​យក​ម៉ូតូ​ពី​គូ​ស្នេហ៍​មួយ​គូ​បានសម្រេច​នៅ​ទួលគោក សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត

បាញ់​ប្លន់​យក​ម៉ូតូ​ពី​គូ​ស្នេហ៍​មួយ​គូ​បានសម្រេច​នៅ​ទួលគោក សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត



ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​និស្សិត​ឆ្នាំ​ផ្នែក​IT រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​រួម​ជាមួយ​មិត្ត​ស្រី​២​នាក់ទៀត ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​១០​នាក់​ ធ្វើ​សកម្មភាព​តាម​បាញ់​ប្រហារ​ដោយ​កាំភ្លើងខ្លី​គំរាម​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ផ្លូវ​សាធារណៈ។

ប៉ុន្តែ​ក្នុង​អំពើ​ប្លន់​នេះ​មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​រង​របួស​នោះទេ ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​បន្សល់​បង់​កាំភ្លើង​មួយ​បង់​ផង​ដែរ ដោយ​ជ្រុះ​នៅ​តាម​ផ្លូវ​សាធារណៈ​នា​កន្លែង​កើតហេតុ​នោះ​។

អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតមានឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក។ បង្កឡើង​ពី​ក្រុម​ល្មើស​មាន​គ្នា​ប្រមាណ​១០​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​យ៉ាងតិច​មួយ​ដើម ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កឡេត ពណ៌​ខ្មៅ ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1CN- 8154 ដែល​ជា​កម្មសិទ្ធិ​របស់​ជនរងគ្រោះ​ឈ្មោះ ចង សុភា​រ៉ា​ក អាយុ ២០ ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ផ្នែក​IT នៅ​សកល​វិទ្យាល័យ​ភូមិន្ទ។

ប្រភព​ព័ត៌មាន​ពី​មិត្តភក្តិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្ត​ស្រី​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ចេញពី​ក្លឹប​រាំ​កម្សាន្ត​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំការមន ដោយ​ជិះ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​មក​ទិស​ខាងជើង​។

នៅ​ពេល​ជិះ​ម៉ូតូ​មកដល់​មុខ​វិទ្យាល័យ​សម្តេច​ជា ស៊ី​ម សាមគ្គី​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​មាន​មាន​គ្នា​ប្រមាណ​១០​នាក់​ជិះ​ម៉ូតូ​ប្រមាណ​៥​ទៅ​៦​គ្រឿង ធ្វើ​សកម្មភាព​តាម​បាញ់​ប្រហារ​ដោយ​កាំភ្លើងខ្លី​គំរាម​ប្លន់​យក​ម៉ូតូ​តែ​ម្តង។

ការ​បាញ់ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ និង​បាន​បន្ថែម​ល្បឿន មកដល់​ផ្លូវ​២៧១ កែង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ក៏​ត្រូវ​ក្រុម​ល្មើស​តាម​ទាន់​និង​បាន​អា​ម៉េ​កាំភ្លើង​រក​បាញ់​បន្ថែមទៀត​ទើប​ជនរងគ្រោះ​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន​ទាំង​៣​នាក់​តែម្តង។ចំណែក​ក្រុម​ល្មើស​ក្នុង​ពេល​នោះ​បាន​លើក​យក​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួន​បាត់ស្រមោល ប៉ុន្តែ​ជនសង្ស័យ​មាន​បន្សល់​បង់​កាំភ្លើង​K54​មួយ​បង់​នៅ​កន្លែងកើតហេតុ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីបញ្ជាការ​ប៉េអិម​ខណ្ឌ​ទួលគោក​ដើម្បី​ឲ្យ​ជួយ​អន្តរា​គមន៍​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់​៕