ប្រឹង​ឡើងមិនរួច​នៅតែ​ខំ មានអី​​ភ្លាត់ខ្លួន​​ឯង

ខេត្តកណ្តា​ល ៖ ​បុរស​ម្នាក់​​បាន​ស្លាប់​​​នៅ​និង​កន្លែង​ បន្ទាប់​ពី​បើករថយន្ត​ច្នៃ​ដឹក​​ខ្សាច់​មួយ​គ្រឿង​​ឡើង​ចំណោទ​ តែឡើង​មិន​​​រួច​បណ្តាល​​ឱ្យ​​ក្រឡាប់​​សង្កត់ស្លាប់​ខ្លួន​ឯង ​ដែល​ហេតុការណ៍នេះ​ កើតឡើងកាលពី​វេលា​ម៉ោង​០៣ ​និង៣០នាទីរសៀល​​ថ្ងៃ​ទី០៦ ឧសភា ២០១៦ ស្ថិត​​នៅ​ចំណុច​ផ្លូវ​​ស្កា​ ​ក្នុងភូមិ​ព្រែក​ចា​ឃុំ​សំបួរ​ ​ស្រុក​ល្វាឯម ​ខេត្តកណ្តាល​ ។

ប្រភព​ឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែលស្លាប់​​ឈ្មោះ​​ថុ​ល ​ភេទ​ប្រុស ​អាយុ​ប្រហែល​៣៧​ឆ្នាំ​ ជាអ្នកស៊ី​ឈ្នួល​​បើក​រថយន្ត​ប្រភេទ​​​​ច្នៃ​ដឹក​ដី​ដឹក​ខ្សាច់ ​លក់​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ ​មានស្រុក​កំណើត​​នៅ​ខេត្តតាកែវ​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​បឹង​​ផ្សោត​​ ​ឃុំ​ពាម​មាន​ជ័យ ​ស្រុក​ពាម​រក៍ ​ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ​គង់​ ស៊ីថា​ ជា​​កម្មករ​កាត់ដេរ​ ។

ប្រភព​បន្ត​​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​​​បាន​បើករ​ថយន្ត​​ដឹក​ដីខ្សាច់​ពី​ចំណុច​មាត់ទន្លេ​ យក​ទៅ​លក់​តាម​ផ្ទះ​ប្រជា​ពល​រ​ដ្ឋ​​​ដូច​សព្វដង ។ ​ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវ​ឡើង​​ចំណោត ​បាន​បើក​ឡើង​លើ​មិន​រួច ​ធ្វើ​ឱ្យ​រថយន្តរ៉ឺ​​យ៉ែ​​ថយក្រោយ​វិញ​បណ្តាល​​ក្រឡាប់​សង្កត់​​តៃកុង​ស្លាប់​​នៅ​និង​កន្លែង​​តែ​ម្តង​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​ពិនិត្យ​ ហើយ​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​​​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។