បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ មន្ត្រី​អាជ្ញាធរ​មិន​ចាត់វិធានការ​ទប់ស្កាត់​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ក្នុងការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​កុំ​ឲ្យ​កើតឡើង​យ៉ាង​រាលដាល​តទៅទៀត​។ ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​បំផ្លាញ​ព្រៃកោងកាង ព្រៃ​ដើម​ក្រញឹម នៅក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា វិធានការ​របស់លោក យន្ត មីន គឺជា​រឿង​លេងសើច​ឥតប្រយោជន៍ ព្រោះ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ទន្ទ្រាន​យក​ដី​ពី​សំណាក់​អ្នកមានអំណាច អ្នកមាន​លុយ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ព្រៃកោងកាង ដែលជា​កន្លែង​ពួកគាត់​អាស្រ័យ​ផល និង​ជា​ជម្រក​ត្រី​ពង​កូន​កំពុង​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា មន្ត្រីជលផល និង​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះសីហនុ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​នោះទេ ហើយ​បានត្រឹមតែ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​យករួចខ្លួន​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​ព្រៃកោងកាង ព្រៃ​ដើម​ក្រញឹម ដែលជា​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​ឃុំ​ទឹកថ្លា ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

បញ្ហា​ខាងលើនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​ព្រៃកោងកាង និង​ព្រៃ​ដើម​ក្រញឹម រាប់ពាន់​ហិកតា​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ការដែល​អ្នកមាន​លុយ អ្នកមានអំណាច អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ គ្មាន​ជំនឿ​លើ​វិធានការ​របស់លោក យន្ត មីន ជា​អភិបាលខេត្ត​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក ទន្ទ្រាន​យក​ដី​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Pic77 Pic78 - Copy Pic78