អាជ្ញាធរ​ខេត្តកោះកុង មិន​ទប់ស្កាត់​ករណី​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​បឹង​ចចូត ស្រុក​បុ​ទុម​សាគរ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់​ឈ្មោះ ហ ហ៊ឺយ កំពុង​ទន្ទ្រាន​កាន់កាប់​យក​ដី​បឹង​ចចូត​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​មេឃុំ​ថ្ម​ស ក៏ដូចជា​អភិបាលស្រុក​បុ​ទុម​សាគរ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ ទន្ទ្រាន​កាន់កាប់​ដី​បឹង​យ៉ាង​គឃ្លើន​តទៅទៀត​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ថា លោក អ៊ិ​ក គួ​ន មេឃុំ​ថ្ម​ស បានដឹង​យ៉ាងច្បាស់​ពី​រឿងនេះ​តែ​គាត់​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ថ្ម​ស បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ប៉ុន្មាន​ខែ​មុន​ពួកគាត់​ធ្លាប់​តវ៉ា​ប្រឆាំង​ទៅនឹង​ការបោះបង្គោល​រំលោភ​យក​ដី​បឹង​ចចូត​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ឈ្មួញ ហើយ​សកម្មភាព​នោះ​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ ដែលជា​អាជីវករ​ក្នុង​ផ្សារ​ថ្ម​ស បាន​យក​គ្រឿងចក្រ​មក​កាយ​ដី​បឹង​ចចូត រួចហើយ​បោះបង្គោល​ព័ទ្ធ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​តែម្តង​។ អ្នកភូមិ​សង្ស័យថា លោក អ៊ិ​ក គួ​ន មេឃុំ​ថ្ម​ស ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ ទើប​មិន​ចាត់វិធានការ​ដោះស្រាយ​តាម​សេចក្ដីអំពាវនាវ​របស់​ប្រជាពលរដ្ឋ​។ ហេតុនេះ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ការទន្ទ្រាន​កាន់កាប់​ដី​បឹង​សាធារណៈ​របស់​រដ្ឋ គឺជា​អំពើ​ខុសច្បាប់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​អ្នកភូមិ​បាន​បញ្ជាក់ថា បើ​គ្មាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដូចជា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ហើយ​មន្ត្រី​អាជ្ញាធរ ប្រាកដជា​ចាត់វិធានការ​ទៅលើ​ឈ្មួញ​រូបនោះ​ជាមិនខាន​។ ករណី​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​បឹង​ចចូត​ធ្វើជា​កម្មសិទ្ធិ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​បឹង​នេះ​ផងដែរ ដូច្នេះ​អាជ្ញាធរ​ខេត្តកោះកុង ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ក្រអឺតក្រទម​តទៅទៀត​។ ចំណែក​មេឃុំ​ថ្ម​ស និង​អភិបាលស្រុក​បុ​ទុម​សាគរ បើ​គ្មាន​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ឈ្មោះ ហ ហ៊ឺយ ទេនោះ​គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

82លោក ប៊ុន លើត អភិបាលខេត្តកោះកុង 001