អធិការនគរបាល​ខ​ណ្ឌ​ទួលគោក រង​ការរិះគន់​ពី​រឿង​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​នៃ​ខណ្ឌទួលគោក​ដូចជា សង្កាត់​បឹងកក់​១ សង្កាត់​បឹងកក់​២ សង្កាត់​ទឹកល្អក់​៣ និង​សង្កាត់​បឹង​សាឡាង​ជាដើម បាន​រិះគន់ថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ជាក់ស្តែង​ការដែល​សមត្ថកិច្ច​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​មេខ្លោង​ជួញដូរ​គ្រឿងញៀន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​នៅក្នុង​សង្កាត់​បឹងកក់​១​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក​ខ្លះ​ផង​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡាង បាន​ឲ្យ​ដឹងថា នៅតាម​ផ្លូវ​នេះ​មាន​ចោរឆក់​ធ្វើ​សកម្ម​ភាពជា​ញឹកញាប់ ហើយ​ជួនកាល​ឆក់​នៅមុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​តែម្តង ហើយ​មិនឃើញ​សមត្ថកិច្ច​នគរបាល ចាត់វិធានការ​បង្ក្រាប​បាន​ទាន់ពេលវេលា​នោះទេ​។ ដោយឡែក​នៅក្នុង​សង្កាត់​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដេប៉ូ​១​ជាដើម ល្បែងស៊ីសង​ដូចជា កន្ទុយលេខ និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប៉ុន្តែ​លោក ហ៊ុន សុធី មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​នោះទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​ពី​ភាព​អសកម្ម​របស់​អធិការនគរបាល​ខណ្ឌ​ទួលគោក​រូបនេះ កាន់តែខ្លាំង​ឡើងៗ​។

មានការ​រិះគន់​ទៀតថា តាម​ផ្លូវធំៗ​នៅក្នុង​ទឹកដី​ខណ្ឌទួលគោក ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅតាម​កែង​ភ្លើងស្តុប ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍​ចេញមក​សម្រួល​សណ្ដាប់ធ្នាប់​កុំ​ឲ្យ​កកស្ទះ​នោះឡើយ​។ ផ្ទុយទៅវិញ​នៅពេល​មានការ​ផាកពិន័យ​អ្នកជិះ​ម៉ូតូ​អត់​ស្លាក​លេខ អត់​ពាក់មួក​សុវត្ថិភាព និង​អត់​ដាក់​កញ្ចក់​ជាដើម គេ​ឃើញ​នគរបាល​ចរាចរណ៍​ខណ្ឌទួលគោក ចេញមក​រាប់សិប​នាក់​ពេញ​ផ្លូវ​តែម្តង​។ បញ្ហា​នេះ​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​នៅក្នុង​ខណ្ឌទួលគោក មានការ​ស្ទះចរាចរណ៍​ស្ទើរ​គ្រប់​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ហើយ​មិនសូវ​ឃើញ​មាន​នគរបាល​ចរាចរ​ណ៍​ចេញមក​បំពេញ​តួនាទី​របស់ខ្លួន​ទាល់តែសោះ​៕

LIM-1174លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក