គណ​ប​បក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​វិមជ្ឈការ​លើ​អាទិភាព​សំខាន់​៣​ចំណុច​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ចុង​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​ប្រមូល​នូវ​សក្តានុពលភាព​របស់ខ្លួន ផ្ដោតទៅលើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​។ ដូច្នេះ​គោលនយោបាយ​ជា​អាទិភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​មូលដ្ឋាន​នេះ​គឺ វិមជ្ឈការ​អំណាច​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​វិមជ្ឈការ​អំណាច ត្រូវ​ឆ្លងកាត់​វិមជ្ឈការ ៣​យ៉ាង​គឺ​៖ ទី​១-​វិមជ្ឈការ ថវិកា ទី​២-​វិមជ្ឈការ ធនធានមនុស្ស និង​ទី​៣-​វិមជ្ឈការ សេវាសាធារណៈ​។

ថ្លែង​ក្នុង​វេទិកា បណ្ដុះបណ្ដាល​គណៈ​ប្រតិ​ប​ត្ដិ និង ពិធី​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្តសៀមរាប នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ដែលមាន​អាសយដ្ឋាន​នៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា វេទិកា បណ្ដុះបណ្ដាល​គណៈ​ប្រតិ​ប​ត្ដិ  បង្កើតឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ដឹកនាំ​មូលដ្ឋាន ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នាពេលខាងមុខ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា វេទិកា​នេះ បង្រៀន​អំពី វិធីសាស្ដ្រ​ក្នុងការ​នាំសារ​នយោបាយ និង​គោលនយោបាយ​មូលដ្ឋាន  គឺ​វិមជ្ឈការ​អំណាច​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ការធ្វើ​វិមជ្ឈការ​អំណាច និង​ការទទួលខុសត្រូវ​សង្គម ទៅដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន ភូមិ​-​ឃុំ រួមជាមួយ​នឹង​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គួបផ្សំ​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ជា​គោលនយោបាយ​សំខាន់​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា បេះដូង ចិត្ត មនោគតិ របស់​ប្រជាពលរដ្ឋ ទទួលស្គាល់ មាន​ជំនឿ​ទំនុក​ទុកចិត្ត​មកលើ​សង្គ្រោះ​ជាតិ ដែល​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំងក្លា​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺ​អាស្រ័យ​ដោយ​ក្រុម​ដឹកនាំ​មូលដ្ឋាន ភូមិ​-​ឃុំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ដោយសារ​ការផ្សារភ្ជាប់រ​វាង​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុម​ដឹកនាំ​មូលដ្ឋាន​ដោយផ្ទាល់ ដែលជា​អ្នក​ផ្សព្វផ្សាយ​សារ​នយោបាយ និង​គោលនយោបាយ​របស់​គណ​បក្ស​៕

13179094_1353762031307759_7421682526134253109_n 13124503_1353762171307745_8500260770312029146_n 13178716_1353030188047610_4359761438527091780_n