ការពារជាតិ​ស្វាគមន៍​អាស៊ី​អឺរ៉ុប ស៊ីម៉ាក់​ប៉ះ​វេ​ស្ទើ​ន ក្រោយ​ក្រោ​ន​ឈ្នះ​ស្វាយរៀង​

​ក្រសួងការពារជាតិ​រំពឹង​បង្កើន​គម្លាត​នាំមុខគេ​លើ​តារាង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៦ នៅពេល​ពួកគេ​ស្វាគមន៍​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត នៅ​ស្តា​ត​ចាស់​នា​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅមុន​ជំនួប​រវាង​ស៊ីម៉ាក់​យូ​ណាយ​ធី​ត និង​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​បើកឆាក​សប្តាហ៍​ទី​៧ កាលពី​ថ្ងៃ​សុក្រ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ ។​

​ក្រុម​ឈរ​នៅ​បាត​តារាង អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ក្រោយពី​យក​ស្មើ​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៣-៣ កាលពី​សប្តាហ៍​ទី​៦ ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​ដែល​កំពុង​ឈរ​កំពូល​តារាង ក្រសួងការពារជាតិ នា​រសៀល​ម៉ោង​៣ និង​៣០​នាទី នៅ​កីឡដ្ឋាន​កងយោធពល​ខេរ​ភូមិន្ទ​។​

​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho ស៊ុត​បាល់​បញ្ចូល​ទី​រាល់​ការប្រកួត​សម្រាប់​ក្រសួងការពារជាតិ រំពឹង​រកបាន​គ្រាប់​បាល់​បន្ថែមទៀត​ដើម្បី​បន្ត​នាំមុខ​លើ​បឹងកេត​អង្គ​រលើ​កំពូល​តារាង ខណៈ​អាស៊ី​អឺរ៉ុប​នៅតែមាន​បេសកកម្ម​ស្វែងរក​ជ័យជម្នះ​លើ​ដំបូង​ប្រចាំ​រដូវ​កាល​។​

​ជាមួយគ្នានេះ ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​ប្រកួត​កាត់ក្តី​រវាង​ក្រុម​ដែល​ឈរ​នៅ​បាត​តារាង វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជានា​វេលា​ម៉ោង​៦​ល្ងាច​។ សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​ទី​៦​កន្លងទៅ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ខណៈ​ក្រុម​ស៊ីម៉ាក់ ចាញ់​ណាហ្គា​វើ​ល ៣-១​។ ក្រុម​ទាំងពីរ​កំពុង​ស្វែងរក​ជ័យជម្នះ​លើកដំបូង​រៀងៗ​ខ្លួន​ផងដែរ​។​

​សម្រាប់​ជំនួប​បើកឆាក​នៅ​កីឡដ្ឋាន RSN កាលពី​ល្ងាច​ថ្ងៃ​សុក្រ George Kelechi បានតែ​តបាល់​បញ្ចូល​ទី​នៅ​៥​នាទី​មុន​បញ្ចប់​ការប្រកួត ដើម្បី​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ ។ ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ឈរ​លេខ​៤​បណ្តោះអាសន្ន ដោយមាន​១១​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​រក្សា​ចំណាត់ថ្នាក់​លេខ​៣ ដោយមាន​១៣​ពិន្ទុ​៕