៤១​ឆ្នាំក្រោយ​ចប់​សង្គ្រាម ឡាវ​នៅតែ​រងគ្រោះ​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ​ទម្លាក់​ដោយ​អាមេរិក​

​មកទល់ពេលនេះ មាន​អស់​រយៈពេល​៤១​ឆ្នាំ​មកហើយ​ដែល​សង្គ្រាម​វៀតណាម​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​អ្វីដែល​នៅតែ​បន្ត​ជា​បញ្ហា​នោះ គឺ​គ្រាប់​មិនទាន់​ផ្ទុះ​រាប់លាន​គ្រាប់ ដែល​ទម្លាក់​ដោយ​ទាហាន​អាមេរិក​លើទឹក​ដី​ឡាវ​។ ជាមួយនឹង​ចំនួន​សន្ធឹកសន្ធាប់​នេះ គ្រាប់​មិនទាន់​ផ្ទុះ​តិចជាង​មួយ​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដោះ និង​កម្ទេច​។​

​ដោយសារ​តែមាន​ភូមិសាស្ត្រ​ជាប់​នឹង​វៀតណាម ឡាវ​រង​ការទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព​អាមេរិក ដែល​ព្យាយាម​កម្ចាត់​ក្រុម​កុម្មុយនីស្ត លាក់ខ្លួន​លើទឹក​ដី​ឡាវ​។ គ្រាប់បែក​ជាច្រើន​លាន​តោន ត្រូវបាន​ទម្លាក់ ដែល​បន្សល់ទុក​នូវ​សោកនាដកម្ម​ច្រើន​អនេក​ដល់​ប្រជាជន​ឡាវ នោះ​គឺ​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ រាយប៉ាយ​ពេញ​ទឹកដី​ប្រទេស​នេះ​។

៤១​ឆ្នាំ​កន្លងផុតទៅ ចំនួន​មិន​ដល់​មួយ​ភាគរយ​ទេ​នៃ​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ ត្រូវបាន​កម្ទេច ប៉ុន្តែ​ពេលនេះ អាមេរិក​កំពុង​ជួយ​រដ្ឋាភិបាល​ឡាវ ដើម្បី​កម្ទេច​គ្រាប់​ចោល​។ ចំនួន​អ្នកស្លាប់ និង​របួស​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈដែល​អាមេរិក​បង្កើន​ជំនួយ​លើ​ការ​បោសសម្អាត​។ យោងតាម​អាជ្ញាធរ​ឡាវ ចំនួន​អ្នក​គ្រោះថ្នាក់​ធ្លាក់ចុះ​ពី​ចំនួណ​៣០២​នាក់​ក្នុង​ឆ្នាំ​២០០៨ មក​ត្រឹម​៤០​នាក់​ក្នុង​ឆ្នាំ​២០១៥​។ ខណៈ​បី​ខែ​ដើមឆ្នាំ​២០១៦ មាន​ត្រឹម​ពីរ​ករណី​ប៉ុណ្ណោះ​។  
  
​ចាប់តាំងពី​ឆ្នាំ​២០១០​មក អាមេរិក​បាន​បង្កើន​ប​រិ​មាណ​ជំនួយ​ពី​៥​លាន​ដុល្លារ ដល់​១៥​លាន​ដុល្លារ ហើយ​ក្នុងពេល​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក John Kerry នៅ​ឡាវ​ក្នុង​ខែមករា អាមេរិក​កំពុង​ពិចារណា​បន្ថែម​ជំនួយ​ទៀត​។ ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​វៀង​ច័ន្ទ​ន៍​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន IRIN ថា ប្រធានាធិបតី អូ​បា​ម៉ា ក៏​ឯកភាព​ហើយ​ដែរ​។ 
​បច្ចុប្បន្ននេះ សភា​អាមេរិក​សម្រេច​ផ្ដល់​១៩.៥​លាន​ដុល្លារ​ក្នុង​ថវិកា​ប្រចាំឆ្នាំ ហើយ​នេះ​មានន័យថា ប្រសិនបើ​លោក អូ​បា​ម៉ា ប្រកាស​បង្កើន​មែន​នោះ វា​នឹង​ច្រើនជាង​បរិមាណ​ឥឡូវនេះ​។

​ការបង្កើន​ជំនួយ​លើ​ការដោះមីន​និង​គ្រាប់​មិនទាន់​ផ្ទុះ គឺជា​សកម្មភាព​លាងជម្រះ​អតីតកាល​របស់​អាមេរិក ដែល​ទម្លាក់​គ្រាប់​ជាច្រើន​លាន​តោន​នៅ​ឡាវ​។ ចន្លោះ​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧៣ ទាហាន​អាមេរិក​ធ្វើសង្គ្រាម​សម្ងាត់​ដោយ​មិន​ប្រាប់​សភា ជាមួយនឹង​ការទម្លាក់​គ្រាប់​ច្រើនជាង​ពីរលាន​តោន​លើទឹក​ដី​ឡាវ​។ បើតាម​ទិន្នន័យ​រដ្ឋាភិបាល​ឡាវ មួយ​ភាគបី​នៃ​ចំនួន​គ្រាប់​ទាំងអស់​មិនបាន​ផ្ទុះ ហើយ​សម្លាប់​មនុស្ស​ជិត​បី​ម៉ឺ​នាក់ ខណៈដែល​មនុស្ស​ជាង​ពីរម៉ឺន​នាក់​របួស​។​

​យ៉ាងណាមិញ រដ្ឋាភិបាល​អាមេរិក ជួយ​ត្រឹមតែ​៣.២​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​បោសសម្អាត ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៣​។ ប៉ុន្តែ​នៅក្រោម​អាណត្តិ​ប្រធានាធិបតី​អូ​បា​ម៉ា ជំនួយ​បាន​កើន​ជា​លំដាប់ ដោយ​សភា​សម្រេច​ផ្ដល់​យ៉ាងតិច​៥​លាន​ដុល្លារ​ប្រចាំឆ្នាំ​ក្នុង​ឆ្នាំ​២០១០​។ គេ​រំពឹង​ដែរ​ថា អាមេរិក នឹង​បង្កើន​ជំនួយ​ប្រចាំឆ្នាំ​ឲ្យ​ដល់​២៥​លាន​ដុល្លារ​។

​គេ​ត្រូវការ​ពេល​យូរ​ទៅទៀត​ក្នុងការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​រាប់លាន​តោន ដើម្បី​ឲ្យ​ឡាវ​ក្លាយជា​ប្រទេស​មិនមាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ទាំងនេះ​។ នេះ​មានន័យថា រដ្ឋាភិបាល​អាមេរិក​គួរតែ​ប្ដេជ្ញាចិត្ត​រយៈពេល​វែង និង​មាន​និរន្តរភាព ក៏ដូចជា​បង្កើន​ប្រាក់​ជំនួយ សម្រាប់​ប្រជាជន​ឡាវ ដែល​រងគ្រោះ​ដោយសារ​អំពើ​របស់ខ្លួន​ពី​អតីតកាល​៕