ប្រាសាទបុរាណ​ភ្នំ​ជី​សូរ​ នៅ​តែ​មាន​សភាព​ទាក់ទាញ​

ប្រាសាទបុរាណ​ភ្នំ​ជី​សូរ​ នៅ​តែ​មាន​សភាព​ទាក់ទាញ​



តាកែវ ​៖​ ខេត្តតាកែវ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​ជាច្រើន​ ដែល​ជា​សក្ដានុពល​ផលិតផល​ទេសចរណ៍​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដូចជា​ប្រាសាទ​បុរាណ​ដ្ឋាន និង​វត្ថុ​សិល្បៈ​ជាច្រើន​ ដែល​ជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ បាន​ស្គាល់ ​និង​សិក្សា​ឈ្វេងយល់​។​ ​ ​ ​ ​ ​ ​ ​ ​
​រាល់​បេតិកភណ្ឌ​សំខាន់ៗ​ក្នុង​ខេត្តតាកែវ​រួមមាន ​ផ្នូរ​កប់​សព​នៅ​វត្ត​គំនូរ រូង​សិប្បនិមិត្ត​ភ្នំ​ដា ប្រាសាទ​ភ្នំដា​អាស្រម​មហាឥសី ប្រាសាទ​បាយ៉ង​កោ ប្រាសាទតាញាណ ប្រាសាទ​កំពែង ប្រាសាទជប់​ពល ប្រាសាទនាងខ្មៅ ប្រាសាទ​ថ្ម​ដុះ ប្រាសាទតាព្រហ្ម​ និង​ប្រាសាទភ្នំជីសូរ​។ ក្នុងចំណោម​ប្រាសាទបុរា​ណ ​ដែល​បាន​បន្សល់ទុក​ និង​មាន​អាយុកាល​រាប់​ទសវត្ស​នេះ ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា ​ប្រាសា​ទ​ភ្នំ​ជី​សូរ ​បច្ចុប្បន្ន​នៅ​តែ​មាន​ភាព​ទាក់ទាញ​មនុស្សម្នា​ទូទៅ​។ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​ប្រសិនបើ ​គេ​ចង់​ធ្វើដំណើរ​ទៅកាន់​ប្រាសាទភ្នំជីសូរ​ ដែល​នៅ​លើ​កំពូលភ្នំ​ជី​សូរ​នោះ​គឺ​ចាំបាច់​យើង​ត្រូវ​ធ្វើដំណើរ​ចេញពី​ភ្នំពេញ ​ឆ្ពោះ​តាមផ្លូវ​ជាតិ​លេខ​២​ កាត់​តាម​ទឹកដី​ស្រុក​បាទី​ និង​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទនាងខ្មៅ​ មាន​ចម្ងាយ​៦២​គីឡូម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​ស្លា ឃុំ​រវៀង ស្រុក​សំរោង តែ​បើ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តតាកែវ​វិញ​មាន​ចម្ងាយ​ផ្លូវ​តែ​២៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​ ​ ​ ​ ​ ​ ​ ​
​ប្រាសាទភ្នំជីសូរ ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​លើ​ខ្នងភ្នំ​ជី​សូរ​នៅ​ដើម​សតវត្ស​ទី​១១(១០០២-១០៥០)​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១សម្រាប់​ឧទ្ទិស ​ដល់​ព្រហ្មញ្ញសាសនា ​ដែល​បាន​សាងសង់​ឡើង​អំពី​ថ្មភក់ និង​លី​ប៉ូ​នី​ត​ មាន​បណ្តោយ​៦០​ម៉ែត្រ​ និង​ទទឹង​៥០​ម៉ែត្រ​ និង​មាន​ថែវ​២​ជាន់​ព័ទ្ធជុំវិញ​ដោយ​ថែវ​ទី​២​មាន​ទំហំ​តូច​ជាង​ថែវ​ទី​១​ និង​នៅ​ចំ​កណ្ដាល​មាន​ទី​សក្ការៈ​មួយ ​ដែល​សំខាន់​ហើយ​មាន​ទ្វារ​ឆ្លាស់​២​ខាងក្នុង​មាន​បដិមា​ធ្វើ​អំពី​ឈើ​ និង​គេ​ប្រទះឃើញ​ក្បាច់ចម្លាក់​យ៉ាង​ល្អ​ប្រណី​ត​នៅ​លើ​ផ្ដែ ​និង​សសរ​ពេជ្រ​។​ ​ ​ ​ ​ ​

​ប្រាសាទភ្នំជីសូរ​ សង់​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ថែវ​២​ជាន់​ តួ​ប្រាសាទ​ទាំងអស់​ក៏​ដូច​ថែវ​ដែរ​សាងសង់​អំពី​ថ្ម​បាយក្រៀម ថ្មភក់​ក្នុង​រចនាប័ទ្ម​ឃ្លាំង​ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ​និង​នៅ​តាម​ជញ្ជាំង​ថែវ​សុទ្ធ​តែ​មាន​ទ្វារ​ចេញចូល​គ្រប់​ជ្រុង​ទាំង​បួន ប៉ុន្តែ​នៅ​ជញ្ជាំង​ប៉ែក​ខាងត្បូង ​និង​ខាងជើង​មាន​ទ្វារ​ចេញចូល​២​ម្ខាង​មួយ​គឺជា​ទ្វារ​ទាល់​មិនអាច​ចេញ​ចូល​មក​ខាងក្រៅ​ប្រាសាទ​បានទេ​ ដោយ​រាំង​ខ្ទប់​នៃ​ថែវ​ទី​១​។

ចំពោះ​ជញ្ជាំង​ថែវ​ប៉ែក​ខាង​ខាងកើត ​និង​ខាងលិច​ មាន​ទ្វារ​ចេញចូល​ចំនួន​៦ ​ក្នុង​នោះ​ទ្វារធំ​២​ខាង​កើត​១ ​​ខាងលិច​១​ និង​ទ្វារ​តូច​ចំនួន​៤​ ខាងកើត​២​ ខាងលិច​២ ហើយ​តាម​ផ្ដែរ​លើ​ខ្លោងទ្វារ​ចេញចូល​ទាំង​៤​ទិស ​មាន​រូបចម្លាក់​ឆ្លាក់​ជា​ក្បាច់​ត្របកឈូក​បន្តុប​លើ​គ្នា​បង្កើត​បានជា​កំពូល​ប្រាសាទ​។​ ​ ​ ​ ​ ​ ​ ​ ​ ​

ចំពោះ​រូបចម្លាក់​សំខាន់​ជាងគេ​នៅ​លើ ផ្ដែ​ត្រង់​ចន្លោះ​ក្បាច់​ត្របកឈូក​គឺ​រូប​ព្រះ​ឥសូរ​ទ្រង់​គង់​លើ​អា​សនៈ​ ដោយមាន​ស្រីស្នំ​គាល់​បម្រើ ​និង​បណ្ដា​ពពួកសត្វ​ក្នុង​លោក​សុទ្ធតែ​លុតក្រាប​ឱនក្បាល​ចុះ​ ដើ​ម្បី​គោរព​ដោយ​កោតខ្លាច​បារមី​របស់​ព្រះអង្គ ចំណែកឯ​នៅ​តាម​ចន្លោះ​ថែវ​ទាំង​២​ ពិសេស​នៅ​ខាង​កើ​ត​ និង​ខាងលិច​ឃើញ​មាន​តម្កល់​ទម្រ​លិង្គ​ និង​យោនី ​ធ្វើ​អំពី​ថ្មភក់​ និង​នៅ​ប៉ែក​ខាងក្នុង​នៃ​ថែវ​វិញ​មា​ន​ប្រាសាទធំ​តូច​សង់​ជា​រាង​ប្លែកៗ​ពី​គ្នា​ចំនួន​៨​យ៉ាង ​មាន​របៀបរៀបរយ​មើលទៅ​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់​។ ​ ​ ​ ​ ​

ដោយឡែក​ប្រាសាទ​ធំ​ជាង​គេ​សង់​នៅ​ចំ​កណ្ដាល​នៃ​ប្លង់​លើ​ខឿន​ខ្ពស់​ពី​ដី​មាន​រាង​ទ្រវែង​មាន​ជណ្ដើរ​ឡើង​ចុះ​ចំនួន​៣​ខាងក្នុង​ប្រាសាទ​មាន​ភាព​ធំ​ទូលាយ​ផ្ដែរ​ និង​តួ​ប្រាសាទ​ទាំងមូល​សំបូរ​ទៅ​ដោយ​រូប​ចម្លាក់​ និង​ក្បាច់រចនា​រស់​រវើក​ផ្នែក​នៅ​ចំ​កណ្ដាល​ប្រាសាទ​លម្អ​ដោយ​ចម្រឹង​ប្រកប​ទៅ​ដោយ​ក្បូរ​ក្បា​ច់​ព័ទ្ធជុំវិញ​ ដែល​ប្រាសាទ​នេះ​គឺជា​កន្លែង​សំខាន់​ជាងគេ​បំផុត​ ឬ​ហៅថា​ប្រាសាទ​ប្រជុំ​បារមី​។​ ​ ​ ​ ​ ​
នៅ​ពី​ខាងមុខ​ប្រាសាទភ្នំជីសូរ​មាន​ជណ្ដើរ​បុរាណ​មួយ​ខ្សែ​ធ្វើ​អំពី​ថ្មបាយក្រៀម​៣៩០​កាំ​សម្រាប់​ធ្វើ​ដំ​ណើរ​ទាក់ទង​ប្រាសាទ​២​ទៀត​ហៅថា ​គោ​បុរៈ​ស្ថិតនៅ​ខាងកើត​ភ្នំ​គឺ​ប្រាសាទ​សេន​ធ្ម​ល់​(​សែន​និមល​)​និង​ប្រាសាទ​សែន​ភូវាំង​(​សែ​នរូ​វាំង​)​ ដែល​បាន​សង់​រៀង​គ្នា​តាមផ្លូវ​ទៅកាន់​ទន្លេ​អុំ​មាន​រាង​ជា​កាកបាទ​ដោយ​ប្រាសាទ​ទាំង​២​នេះ ​ត្រូវ​បាន​បាក់បែក​អស់​មួយ​ចំនួន​ធំ​ហើយ​។ ដោយសារតែ​ភាព​អស្ចារ្យ​រប​ស់​ប្រាសាទភ្នំជីសូរ​មាន​លក្ខណៈ​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ទើប​បាន​ជា​បច្ចុប្បន្ន​មាន​អ្នកទេសចរ​ជាតិ​ និង​បរទេស​ជាច្រើន​ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទបុរាណ​ ដែល​បាន​បន្សល់ទុក​ដោយ​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង​ និង​បាន​ស្ងើចសរសើរ​ពី​ភាពល្អ​ឥត​ខ្ចោះ​ ដែល​មាននៅ​ប្រាង្គ​ប្រាសាទ​ភ្នំ​ជី​សូរ​នេះ​មិន​ដាច់​ពី​មាត់​ផង​ដែរ​៕

​ ​
​ ​