សម្ពោធ​ការិយាល័យ​ទំនាក់ទំនង នៃ​មជ្ឈមណ្ឌល​អាស៊ី មូលនិធិ​ជប៉ុន នៅ​ភ្នំពេញ​

សម្ពោធ​ការិយាល័យ​ទំនាក់ទំនង នៃ​មជ្ឈមណ្ឌល​អាស៊ី មូលនិធិ​ជប៉ុន នៅ​ភ្នំពេញ​



​​ភ្នំពេញ ៖ ការិយាល័យ​ទំនាក់ទំនង នៃ​មជ្ឈមណ្ឌល​អាស៊ី ​នៃ​មូលនិធិ​ជប៉ុន ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោកជំទាវ លោក Yuji Kumamaru ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​មន្ត្រីរាជការ មន្ត្រី​ស្ថានទូត និង​ភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត។

ការិយាល័យ​តំណាង​របស់​មជ្ឈមណ្ឌល​មូលនិធិ​អាស៊ី​ជប៉ុន នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន​ និង​កម្ពុជា នឹង​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយក៏​ជា​លើក​ទី​៦​ផង​ដែរ ដែល​ការិយាល័យ​មជ្ឈមណ្ឌល​មូលនិធិ​អាស៊ី​ជប៉ុន​(JETRO)​នេះ​នៅ​ក្នុង​ប្រទេស​អាស៊ាន។

ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា “​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ទៅជា​ផ្ទះ​ទីភ្នាក់ងារ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន ដែល​មាន​ឯកទេស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​”។

លោក​បណ្ឌិត​សភា​ចា​រ្យ​បញ្ជាក់​ថា ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​មាន​ពីរ​សំខាន់ៗ​មាន​ដូចជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​គឺ​អង្គការ​(JETRO) ដែល​មាន​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ប្រទេស​ជប៉ុន​ និង​បាន​អនុវត្ត​កម្មវិធី​ជំនួយ​ដែល​បាន​ធ្វើការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ចាប់​តាំងពី​ដំណាក់កាល​ដំបូង​ នៃ​ដំណើរការ​អភិវឌ្ឍន៍​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ​ វា​ក៏​ជា​ការ​ទាក់ទាញ​សេដ្ឋកិច្ច​ នៃ​ប្រទេស​កម្ពុជា ដែល​ជា​ទីតាំង​ជម្រើស​វិនិ​យោគិន​បរទេស និង​ត្រូវ​បាន​សន្មត់​ផង​ដែរ​ ដើម្បី​ឲ្យ​​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​បរិយាកាស​អំណោយផល​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស។ វត្តមាន​របស់​ការិយាល័យ​អង្គការ The Japan Foundation Asia Center នៅ​ភ្នំពេញ គឺមាន​ទំនុក​ចិត្ត​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ​និង​ការ​វិនិយោគ​កាន់តែច្រើន​ត្រូវបាន​លើកកម្ពស់។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​មាន​ជំនឿ​ថា គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​ការិយាល័យ​មូលនិធិ​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ នឹង​បើកឱកាស​ថ្មី ពិសេស​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​វិស័យ​សិល្បៈ វប្បធម៌ កីឡា អប់រំ​ភាសា​ជប៉ុន​ និង​ការ​ផ្លាស់ប្ដូរ​ការសិក្សា​គ្នា​ទៅវិញទៅមក។

លោក Yuji Kumamaru ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា មជ្ឈ​មណ្ឌល​អាស៊ី​នេះ សំដៅ​ដល់​ការ​ផ្សារភ្ជាប់​រវាង​មនុស្ស​ និង​ពង្រីក​បណ្ដាញ​ក្នុង​អាស៊ី​តាមរយៈ​ការ​លើក​កម្ពស់ ការ​ផ្លាស់ប្ដូរ​ពហុ​ទិសដៅ និង​កិច្ច​សហ​ប្រតិបត្តិការ ក្នុង​វិស័យ​ផ្សេងៗ រវាង​ប្រទេស​ទាំងពីរ​។

លោក​បន្ត​ថា ២​ឆ្នាំ​កន្លងទៅ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ប្រកាស​WA PROJECT ដែល​ជា​កម្មវិធី​ស្នូល​សម្រាប់​នយោបាយ​ផ្លាស់ប្ដូរ​វប្បធម៌​ជប៉ុន។ ខែ​កក្កដា​កន្លងទៅ​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង កម្មវិធី​ស្នូល​នេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ឯកភាព​ឲ្យ​បើក​ដំណើរការ​ការិ​យាល័យ​ទំនាក់ទំនង​ភ្នំពេញ ​នៃ​មជ្ឈមណ្ឌល​អាស៊ី​ នៃ​មូលនិធិ​ជប៉ុន​(The Japan Foundation Asia Center)​។ កាលពី​ខែ​វិច្ឆិកា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​មូលនិធិ​ជប៉ុន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ ​នៃ​អនុស្សរណៈ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​បើក​ដំណើរការ​ការិយាល័យ​ទំនាក់ទំនង​នេះ​៕

សម្ពោធ​ការិយាល័យ​ទំនាក់ទំនង នៃ​មជ្ឈមណ្ឌល​អាស៊ី មូលនិធិ​ជប៉ុន នៅ​ភ្នំពេញ​