អាងទឹក​អូរ​ខៃ​ដន ក្លាយ​ជា​តំបន់​នេសាទ​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប

អាងទឹក​អូរ​ខៃ​ដន ក្លាយ​ជា​តំបន់​នេសាទ​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប



ប៉ោយប៉ែត ​៖ ​ក្រុមប្រឹក្សា​សង្កាត់​និមិត្ត បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍ មន្ត្រីជលផល កម្លាំង​សឹក​រង​ក្រុង និង​ប្រជា​ការពារ​ភូមិ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​អាង​ខៃ​ដន ​ស្ថិត​ក្នុង​ភូមិ​អូរ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ចំនួន​០២​ថ្ងៃ​ ចាប់​ថ្ងៃ​ទី​០៥-០៦ ​ខែ​ឧសភា ឆ្នាំ​២០១៦។

នៅ​ក្នុង​ការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​ប្រមូល​បាន​សម្ភារៈ​នេសាទ​ខុសច្បាប់​​​ដូចជា អ៊ុយ ​៩០ ​ស្បៃ​ម៉ុង១៦៥០​ម៉ែត្រ ​បង្គោល​ឈើ ​២៤០​ដើម​ កូន​ត្រី​​១៥២ គីឡូក្រាម ​ហើយ​សម្ភារៈ​ ដែល​ប្រមូល​នេះ ​ត្រូវ​បាន​ដុត​កម្ទេច​ចោល។ ដោយឡែក​កូន​ត្រី​ចំនួន​១៥២​គីឡូក្រាម​ត្រូវ​បាន​ព្រលែង​ចូល​ក្នុង​អាង​វិញ​ទាំងអស់។

សូម​បញ្ជាក់​ថា អាង​នេះ​ សព្វថ្ងៃ​ក៏​ជា​ជម្រក​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​​ផង​ដែរ ​ហើយ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​ខាង​លើ​នោះ ​ជារឿយៗ​គេ​តែងតែ​សង្កេតឃើញ​ក្រុម​ជន​បង្ក​បាន​ទៅ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​អាងទឹក​ នៅ​ចំណុច​ខាងលើ​ ដើម្បី​បំផ្លាញ​រាល់​មច្ឆជាតិ​ ដែល​មាននៅ​ទីនោះ។

មន្ត្រី​ជំនាញ​ដដែល​បាន​បន្ត​ទៀត​ថា អាងទឹក​អូរ​ខៃ​ដន នេះ​ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត។ តែ​​​មាន​ជន​ខិល​ខូច​មួយ​ក្ដាប់​តូច ​បាន​លួច​ចូល​ទៅ​នេសាទ​ក្នុង​អាងទឹក​នោះ​ជាប្រចាំ។ ដូច្នេះ​បើ​អាជ្ញាធរ​គ្មាន​វិធានការ​ទេ​នោះ​ ទឹក​ស្អាត​នឹង​ក្លាយ​ទៅ​ជា​ទឹក​ស្អុយ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ទទួល​ទាន​ជាប្រចាំ​ទៀត​ផង៕
អាងទឹក​អូរ​ខៃ​ដន ក្លាយ​ជា​តំបន់​នេសាទ​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប