ដឹក​សាច់​ជ្រូក​គ្មាន​ការ​វេច​ខ្ចប់​រាល់ថ្ងៃ​ អ្នកស្រុក​ថា ឲ្យ​ទទេ​ក៏​មិន​យក​ដែរ ព្រោះ​គ្មាន​អនាម័យ

ដឹក​សាច់​ជ្រូក​គ្មាន​ការ​វេច​ខ្ចប់​រាល់ថ្ងៃ​ អ្នកស្រុក​ថា ឲ្យ​ទទេ​ក៏​មិន​យក​ដែរ ព្រោះ​គ្មាន​អនាម័យ



ប៉ោយប៉ែត ​៖​ ឈ្មួញ​កាប់​សត្វ​ជ្រូក​លក់​នៅ​ក្រុង​ប៉ោយប៉ែត ​គ្មាន​អនាម័យ​នោះ​ទេ ​ហើយ​អ្នក​ទទួលទាន​សាច់​ជ្រូក​គ្រាន់តែ​ឃើញ​ការ​ដឹក​ជញ្ជូន​សាច់​ជ្រូក​តាម​ម៉ូតូ​ ដោយ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​បែបនេះ ​​ពួកគាត់​នាំគ្នា​រអ៊ូ​ថា ចុះ​ហេតុ​អី​បាន​ជា​ខាង​មន្ត្រី​បសុព្យាបាល​សត្វ​ គ្មាន​ការ​ចុះ​អប់រំ​អាជីវករ​ ឲ្យ​មាន​អនាម័យ​យ៉ាង​ដូច្នេះ។

សូម​បញ្ជាក់​ដែរ​ថា គេ​បាន​សង្កេត​​ឃើញ​ មានការ​ដឹកជញ្ជូន​សាច់​ជ្រូក​ ដែល​ឈ្មួញ​​​កាប់​រួចរាល់​ ដោយ​ដឹក​តាម​ម៉ូតូ​ចេញពី​ទី​អត្តឃាត​មក​ដាក់​ឲ្យ​ម៉ូយ​តាម​ស្តង់​នានា​ក្នុង​ផ្សារ​តូច​ធំ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។ តែ​គេ​អត់​ឃើញ​មានការ​វេច​ខ្ចប់​ឲ្យ​បានល្អ​នោះឡើយ។

បើ​ស្ដាប់​សម្ដី​មហាជន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​សាច់​ជ្រូក​តាម​ផ្លូវ​ ដោយ​គ្មាន​ការ​វេច​ខ្ចប់​បែបនេះ គឺ​មិន​គួរ​ប្រថុយ​ទទួលទាន​នោះ​ទេ​ ព្រោះ​ថា ​មាន​ពេល​ខ្លះ​អ្នក​ដឹក​សាច់​ជ្រូក​គាត់​ដឹក​តាម​ផ្លូវ​ណា​ដែល​មាន​ភក់​ស្អុយ និង ដី​ហុយ​ជះ​ខ្ទាត​ចូល​ជ្រាប​ពេញ​ទៅ​ក្នុង​សាច់​ជ្រូក​អស់​ទៅ​ហើយ។ បើ​យើង​ក្រឡេក​មើល​លើ​ស្តង់​លក់​វិញ គឺ​គួរ​ឲ្យ​ចង់​បរិភោគ​ខ្លាំង​ណាស់ តែ​បើ​យើង​ក្រឡេក​មើល​ការ​ដឹក​តាម​ម៉ូតូ​ ដោយ​គ្មាន​ការ​វេច​ខ្ចប់​វិញ​នោះ គឺ​មិន​ហ៊ាន​ទិញ​យក​ទៅ​ធ្វើ​អាហារ​នោះ​ទេ។

ពួកគាត់​លើក​ថា ​ដោយ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​បែប​នេះ ឲ្យ​ទទេ​ក៏​មិន​យក​ដែរ គឺ​ឆ្អែត​មុន​ទៅ​ហើយ ហើយ​ពួកគាត់​បាន​សំណូមពរ​ទៅដល់​មន្ត្រី​កាំកុងត្រូល​មន្ត្រី​ពេទ្យសត្វ​មេត្តា​ជួយ​ចុះ​អប់រំ​ដល់​អាជីវករ​លក់​សាច់​ជ្រូក​ផង​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ពី​របៀប​វេច​ខ្ចប់​ឲ្យ​បានល្អ​បំផុត​ ដើម្បី​សុខភាព​ពលរដ្ឋ​យើងទាំងអស់គ្នា។ បើ​អ្នកលក់​គ្មាន​អនាម័យ​ទេ​នោះ គឺ​វា​មិន​ខុស​ពី​អ្នកលក់​រួម​ជាមួយ​មន្ត្រី​ជំនាញ​ជា​ឃាតក​បី​មុខ​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​នោះទេ៕

ដឹក​សាច់​ជ្រូក​គ្មាន​ការ​វេច​ខ្ចប់​រាល់ថ្ងៃ​ អ្នកស្រុក​ថា ឲ្យ​ទទេ​ក៏​មិន​យក​ដែរ ព្រោះ​គ្មាន​អនាម័យ