រថយន្ត​ដឹកទំនិញ​បុក​រ៉ឺម៉ក​កង់​បី​ផ្ងារជើង សង​ការខូចខាត​៥០​ដុល្លារ​បញ្ចប់​រឿង

រថយន្ត​ដឹកទំនិញ​បុក​រ៉ឺម៉ក​កង់​បី​ផ្ងារជើង សង​ការខូចខាត​៥០​ដុល្លារ​បញ្ចប់​រឿង



ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ផ្ងារជើង ប៉ុន្តែ​មិនបាន​រងគ្រោះថ្នាក់​ដល់​ម​នុស្ស​នោះ​ទេ ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ព្រម​សង​ការខូចខាត​ទៅ​ម្ចាស់​រ៉ឺម៉ក​កង់​បី​នូវ​ទឹកប្រាក់​ចំនួន​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​និង​២០​នាទី ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ផ្លូវ​១៨២ កែង ផ្លូវ​២២៣ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រ៉ឺ​ម៉ក​កង់​បី​ស្លាក​លេខ​កណ្តាល​1C-0989 បើកបរ តាមផ្លូវ​២២៣​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឆ្លងកាត់​ផ្លូវ​១៨២ លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់​តែ​មាន​រថយន្ត​កូរ៉េ​ដឹកទំនិញ មួយ​គ្រឿង​ពណ៌​ខៀវ ស្លាក​ភ្នំពេញ​2A-1597 បើកបរ​ពី​លិច​ទៅ​កើត​តាម​ផ្លូវ​១៨២​មកដល់​ផ្លូវ​២២៣​ក៏​បុក​កៀប​ជាប់​ម៉ូតូ​សណ្តោង​ផ្ងារជើង​រ៉ឺម៉ក​តែម្តង។

ក្រោយពេល​កើតហេតុ​និង​ក្រោយពី​ប៉ូលិស​ធ្វើ​កាត​វាស់វែង​រួច​ភាគី​រថយន្ត​បង្ក​បាន​ចេញ​ថ្លៃ​ជួសជុល​រ៉ឺម៉ក​កង់​បី​ចំនួន​៥០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ផង​ដែរ​៕