​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បណ្តោយឱ្យ​បុគ្គលិក​គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ​១៣​ឆ្នាំ

​សៀមរាប:
កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់ ដែល​ក្រុមគ្រួសារ បាន​ដឹក​ចូលមក​ព្យាបាល នៅ​គ្លីនិក​ឯកជន យីហោ នាគ​ទេព ខេត្តសៀមរាប ខណៈ​ក្មេងស្រី​នោះ មាន​ជំងឺ​ក្អូ​ត​ចង្អោរ ពេល​ដឹក​ទៅដល់​គ្លីនិក នាគ​ទេព នៅ​ប្រមាណ​ជា​ម៉ោង ៣ ទៀបភ្លឺ រួច​បុគ្គលិក​នោះ បានដាក់​សេរ៉ូម​ឱ្យ មួយសន្ទុះ​ក្រោយមក នាង​មាន​សភាព​មិន​ស្រួល​ខ្លាំង ក៏​ត្រូវបាន​ដាច់ខ្យល់​ស្លាប់ បន្ទាប់ពី​បានដាក់​ស៊ី​រ៉ូម​មួយសន្ទុះ​។​
    
ហេតុការណ៍​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​គ្លីនិក​នាគ​ទេព សៀមរាប ស្ថិតនៅ​ផ្លូវ​លោកតា ណឺ​យ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
     
តាម​ប្រភពពី ឪពុក ម្តាយ និង​ប្អូនប្រុស របស់​កុមារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់ នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​ថាៈ "​កូនស្រី​របស់ខ្ញុំ មានឈ្មោះ ទីវ ស៊ីវ​ហ្គិ​ច អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិ​ថ្នល់ សង្កាត់ ស្រ​ង៉ែ ក្រុង​សៀមរាប ។ មុននឹង​ដឹកយក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព កាលពី​អធ្រាត្រ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ មិនមាន​ជំងឺ​ធំដុំ​អ្វី​នោះទេ គ្រាន់​តែមាន​អាកា​រៈ​ក្អូ​ត​ចង្អោរ​ប​ន្តិ​បន្តួច ប៉ុណ្ណោះ​"​។​

​ប្រភព​បាន​រៀបរាប់​បន្តថាៈ " បន្ទាប់ពី​ឃើញ​កូនស្រី សំណ​ប់​ចិត្ត​មិន​ស្រួល ក៏​ដឹក​យកមក​ព្យាបាល នៅ​គ្លីនិក​ឯកជន យីហោ មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព នៅ​ផ្លូវ​លោកតា​ណឺ​យ ដើម្បីឱ្យ​ពួកគាត់​ជួយ​ព្យាបាល​ឱ្យ ប៉ុន្តែ​មិនទាន់បាន​ពិនិត្យ​ត្រឹមត្រូវ​ផង ស្រាប់តែ លោកគ្រូ អ្នកគ្រូ ពេទ្យ​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ចេះ​អី​សោះ ក៏បាន​យក​ស៊ី​រ៉ូម មក​ដាក់​ប​ញ្ជូ​ល​ឱ្យ​កូនស្រី​របស់ខ្ញុំ​"​។

​ប្រភព​បាន​បញ្ជាក់ថាៈ "​ក្រោយពី​ដាក់​ស៊ី​រ៉ូម បាន​ប្រហែលជា ៥ ទៅ​១០​នាទី កូនស្រី​របស់​ខ្ញុំបាទ ទន់​ដៃ ទន់​ជើង ត្រដរខ្យល់ ហើយ​បែកពពុះមាត់​។ ខណៈពេល​នោះ ក្រុមគ្រូពេទ្យ​ឃើញ ក៏បាន​បញ្ចូល​អុកស៊ីហ្សែន​បន្ថែម ប៉ុន្តែ ប្អូនប្រុស​របស់ខ្ញុំ​បាទ និង​ពួក​ខ្ញុំ​ជា​ឪពុក ម្តាយ ឃើញ​ដូច្នោះ ក៏​សុំ​យក​កូន​ចេញ ដើម្បី​សុំឱ្យ​លោកគ្រូ​ពេទ្យ គ្លីនិក នាគ​ទេព យក​ឡាន​សង្គ្រោះ​ដឹក​ក្មួយ (​កូន​) ខ្ញុំ ទៅ​ពេទ្យ​កុមារ​អង្គរ​ផង ដើម្បី​ជួយសង្គ្រោះ តែ​បុគ្គលិក​គ្លីនិក​នោះ បាន​និយាយ​តប​វិញ​ថា មានតែ​ឡាន អត់​មាន​សោរ ហើយ​តៃកុង ក៏​អត់​នៅ​ទៀត​។ ប្អូន​ខ្ញុំ​ក៏​ហៅ​ឡាន គ្លីនិក សិរី​រ័ត្ន មក​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ប៉ុន្តែ​ក្មួយ​ស្រី​របស់ខ្ញុំ នាង​បាន​ដាច់ខ្យល់ ស្លាប់​បាត់ទៅហើយ តាំងពី​នៅក្នុង​មន្ទីរពេទ្យ សម្រាក​ព្យាបាល នាគ​ទេព នោះ​ម្ល៉េះ​"​។
      
​ប្រភពពី​ក្រុមគ្រួសារ​សព​កុមារី​រងគ្រោះ បានបញ្ជាក់​បន្ថែមទៀត​ថាៈ "​អ្វីដែល​សោកស្ដាយ​នោះ គឺ​គ្រាន់តែ​ក្អួត​បន្តិចបន្តួច អី​ក៏​ឆាប់​ម្ល៉េះ ដោយ​ពួក​ខ្ញុំ ពុំបាន​ព្យាបាល​កូនស្រី​សំណ​ប់​ចិត្ត​មួយ​នេះ អស់ចិត្ត​សោះ បើ​គ្រូពេទ្យ គ្មាន​សមត្ថភាព​ទេ កុំ​ទទួល​កូនស្រី​របស់ខ្ញុំ​អី ហើយ​បញ្ជូន​គេ​ឱ្យទៅ​មន្ទីរ​គន្ធបុប្ផា ឬ ពេទ្យ​កុមារ​អង្គរ ទៅ កុំ​ឱ្យមាន​បញ្ហា​បែប​ហ្នឹង​?​។​
          
​ជុំវិញ​ករណី​ខាងលើនេះ បុគ្គលិក​ខាង​ផ្នែក គណនេយ្យ មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បាន​ប្រាប់​តាម​ទូរស័ព្ទ នៅវេលា​ម៉ោង ១ រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ ថាៈ " ពួក​ខ្ញុំ​ជា​បុគ្គលិក​គិតលុយ​ទេ ប៉ុន្តែ​រឿង​អី​គេ​នោះ ពួក​ខ្ញុំ​មិនបាន​ដឹង​ទេ បើ​ចង់ដឹង​ចាំ​សួរ​មេ​ខ្ញុំ​ទៅ ព្រោះ​គាត់​មិន​នៅទេ​។ ចំណែក​ទូរស័ព្ទ​វិញ ខ្ញុំ​ក៏​មិនដឹង​ដែរ បើ​ចុះ​អី ក៏​ចុះ​តាមចិត្ត​ចុះ​។​
       
​បច្ចុប្បន្ន សព​ក្មេងស្រី ទីវ ស៊ីវ​ហ្គិ​ច តម្កល់ទុក​ធ្វើបុណ្យ​នៅ​ភូមិ​ថ្នល់ សង្កាត់ ស្រ​ង៉ែ ក្រុង​សៀមរាប​។ លុះ​ព្រឹក​ឡើង ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ ម៉ោង​៨​ព្រឹក ដង្ហែ​សព​ទៅ​បញ្ចុះ​នៅ​វត្ត​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ជា​កិច្ច​បង្ហើយ​បុណ្យ​។ ចំណែក ឪពុក ម្តាយ កុមារី​រងគ្រោះ តើ ហ៊ាន​ដាក់​ពាក្យបណ្តឹង ដើម្បី​ទាមទារ​សំណង ដែរឬទេ​? ព្រោះ​គាត់​ក្រ​ផង ប្រហែលជា​មិន​ហ៊ាន តទល់​នឹង​ម្ចាស់​គ្លីនិក នាគ​ទេព នោះទេ មើលទៅ មើល​ម៉ោង​នេះ ទៅហើយ​មិនទាន់់​ឃើញ ពាក្យបណ្តឹង​នៅ​កន្លែង​ប៉ូលិស​ផង​។​

​គួរ​បញ្ជាក់ថា ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប រង់ចាំ​មើលថា តើ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ស្ថាប័ន​តុលាការ មាន​វិធាន​ចាត់ការ ទៅលើ​ម្ចាស់​គ្លីនិក​ឯកជន យីហោ  មន្ទីរពេទ្យ​សម្រាក​ព្យាបាល​នាគ​ទេព បាន​ឬ​យ៉ាងណា​?៕V

​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បណ្តោយឱ្យ​បុគ្គលិក​គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ​១៣​ឆ្នាំ

​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បណ្តោយឱ្យ​បុគ្គលិក​គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ​១៣​ឆ្នាំ

​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បណ្តោយឱ្យ​បុគ្គលិក​គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ​១៣​ឆ្នាំ

​មន្ទីរពេទ្យ​សម្រាក​ព្យាបាល នាគ​ទេព បណ្តោយឱ្យ​បុគ្គលិក​គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ​១៣​ឆ្នាំ
​រូបភាព​៖​មន្ទីរពេទ្យ សម្រាក​ព្យាបាល នាគ​ទេព បណ្តោយ ឱ្យ​បុគ្គលិក គ្មាន​ជំនាញ ចាក់​ថ្នាំ​សម្លាប់ ក្មេងស្រី​អាយុ ១៣ ឆ្នាំ ៕​គូលែន​