លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កំពុង​ចាត់តាំង​បក្ខពួក​ដើម្បី​ប្រមូល​ផលប្រយោជន៍​

ទង្វើ​មិន​ប្រក្រតី​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្នុងការ​ចាត់ចែង​បណ្ដាញ​បក្ខពួក ដើម្បី​ប្រមូល​ផលប្រយោជន៍​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ ដោយហេតុថា លោក ចាន់ វ៉ាន់​ធឿន បាន​ដក​មន្ត្រី​មួយចំនួន​បញ្ឈរជើង ហើយ​ដាក់​បក្ខពួក​របស់ខ្លួន​ឲ្យ​ធ្វើ​ការងារ​ជំនួស​ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​សេដ្ឋកិច្ច ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ឧបសគ្គ​។ ហេតុនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​លោក ចាន់ វ៉ាន់​ធឿន កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ពេញ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​មួយរូប​ដែរនោះ ត្រូវបាន​ដកចេញ​ពី​តួនាទី​បង្ការ​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ក៏ដូចជា​ទប់ស្កាត់​ការហូរចូល​នូវ​ចំណីអាហារ​មាន​ជាតិពុល​ក្នុង​រាជធានី​ភ្នំពេញ​។ លោក ចាន់ វ៉ាន់​ធឿន បានតែងតាំង​មនុស្ស​របស់ខ្លួន​ឈ្មោះ អ៊ុំ មុនី ដែលជា​អនុប្រធាននាយកដ្ឋាន​ដែរនោះ ឲ្យ​កាន់​តួនាទី​ជំនួស​លោក ឡុង ស្រេង ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ផលប្រយោជន៍​។ បន្ទាប់ពី​ទទួលបាន​តួនាទី​នេះ​លោក អ៊ុំ មុនី បាន​ចាត់តាំង​មនុស្ស​ជំនិត​របស់ខ្លួន​ឈ្មោះ សាន សាធុការ ឲ្យ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ ក៏ដូចជា​ករណី​ឈ្មួញ​នាំចូល​ទំនិញ​តាមផ្លូវ​ជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​លេខ​៦​អា ជាដើម​។ តាមរយៈ​វិធានការ​នេះ គឺ​លោក អ៊ុំ មុនី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ជាមួយ​លោក ចាន់ វ៉ាន់​ធឿន ដែលជា​ចា​ហ្វា​យ​នាយ​ជាមិនខាន​។

​មន្ត្រីនគរបាល​ក្នុង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ការដែល​លោក ចាន់ វ៉ាន់​ធឿន ចាត់តាំង​ឲ្យ​លោក អ៊ុំ មុនី កាន់​តួនាទី​ជំនួស​លោក ឡុង ស្រេង គឺ​គោលដៅ​ធំ​បំផុត​ងាយស្រួល​ក្នុងការ​ប្រមូល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ក៏ដូចជា​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ឈ្មួញ​ធំៗ​ដូចជា យាយ​ញាប់ យាយ​លឹម យាយ​ផុន និង​ចែ​វី ជាដើម អាចជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក អ៊ុំ មុនី និង​លោក ចាន់ វ៉ាន់​ធឿន ព្រោះ​ឈ្មោះ សាន សាធុការ ដែលជា​មនុស្ស​ជំនិត​របស់លោក អ៊ុំ មុនី មាន​ជំនាញ​ខាង​ប្រមូល​លុយ​ពី​ឈ្មួញ​ជាច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ជាបន្ទាន់ ព្រោះ​ទ​ងើ្វ​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​៕

fn-2016-04-25-19-43-17-2លោក ចាន់ វ៉ានធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច