សមាជ​បក្ស​កូរ៉េខាងជើង ផ្តោត​សំខាន់​លើ​សមិទ្ធផល​នុយក្លេអ៊ែរ

 គណបក្ស​ពលករ​កូរ៉េខាងជើង បាន​ចាប់​បើក​សមាជ​លើក​ទី​៧ ជា​លើកដំបូង​ក្នុង​រយៈពេល​៣៦​ឆ្នាំ​នៅ​ថ្ងៃ ម្សិលមិញ ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង និង​ជា​ប្រមុខ​បក្ស​កាន់អំណាច លោក​គីម ជុង​អ៊ុន​។ នា​ថ្ងៃ​ចាប់ផ្តើម​នៃ​សមាជ​បក្ស​នោះ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​ប្រទេស​រឹងមាំ និង​សមិទ្ធផល​អាវុធ​បរមាណូ​។​

នៅ​ចំពោះមុខ​សមាជិក​បក្ស​ប្រមាណ​៣០០០​នាក់​នៃ​សមាជ​ថ្ងៃទី​០៦​ខែឧសភា​លេខាធិការ​ប​ក្ស​ពលករ​លោក​គីម ជុង​អ៊ុន បាន​ថ្លែង​បើក​កម្មវិធី​ដោយ​ផ្តោ​សំខាន់​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​។ លោក ថ្លែងថា​សមិទ្ធផល​នៃ​ការបាញ់​នុយក្លេអ៊ែរ​នៅ​ដើមឆ្នាំ​២០១៦ បានបង្ហាញ​យ៉ាងច្បាស់​ទៅកាន់​ពិភពលោក​ថា​ទណ្ឌកម្ម និង​សម្ពាធ​ពី​ខាងក្រៅ មិនមែនជា​អ្វីដែល​កូរ៉េខាងជើង​ត្រូវ​ភិតភ័យ​នោះទេ​។​

សមាជ​បក្ស​កូរ៉េខាងជើង ផ្តោត​សំខាន់​លើ​សមិទ្ធផល​នុយក្លេអ៊ែរ ប្រមុខ​បក្ស​រូបនោះ បាន​សរសើរ​ចំពោះ​អ្នកវិទ្យាសាស្ត្រ​ដែល​បង្កើត​នូវ​អភូត​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រ ទេស​ជាមួយ​សំឡេង​ដ៏​អស្ចារ្យ​នៃ​គ្រប់​បែក​បរមាណូ​ដ៏​មាន​ឥទ្ធិពល​ជា​លើកដំបូង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា លោក បាន​សង្កត់ធ្ងន់ថា ការបាញ់​សាកល្បង និង ការ​ដំណើរការ​នូវ​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​កាលពី​ខែ​មុន​កន្លងទៅ បានបង្ហាញ​យ៉ាងច្បាស់​ទៅកាន់​ពិភព លោក ទាំងមូល​ពី «​អំណាច​ដែល​មិនអាច​ផ្តួល និង​មិនអាច​បញ្ចប់​បាន តាមរយៈ​សម្ពាធ និង​ទណ្ឌកម្ម ដោយ​កងកម្លាំង​របស់​គូសត្រូវ​»​។

អ្វី​ដែលជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​ផ្តាច់ការ និង មានការ​រឹតត្បិត​ខ្លាំង​នោះ ក៏បាន​អញ្ជើញ​អ្នកសារព័ត៌មាន​បរទេស​ប្រមាណ​១០០​នាក់​នា​ព្រឹត្តិការណ៍​នោះដែរ​។ តែ ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅក្នុង​វិមាន April 25 House of Culture នោះទេ​។ វិមាន April 25 House of Culture គឺជា​ទីកន្លែង​ដែល​អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ប្រារព្ធ​សមាជ​បក្ស​ចុងក្រោយ​នៅ​ឆ្នាំ​១៩៨០​។​

បើទោះបីជា​របៀបវារៈ​ពិតប្រាកដ​នៃ​សមាជ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ក៏ដោយ គេរ​ពឹង​ថា ក្រៅពី​ការផ្តោត​សំខាន់​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ សមាជ​បក្ស​ក៏​នឹង​លើក​ពី​ការរុះរើ​មន្ត្រីជាន់ខ្ពស់ និង មន្ត្រី​រដ្ឋាភិបាល ដែល​រាប់បញ្ចូល​ទាំង​សមាជិក​មជ្ឈិមបក្ស​ផងដែរ​នោះ​។ ជាពិសេស​នោះ សមាជ ក៏​នឹង​បង្ហាញ​គោលនយោបាយ​ថ្មី​ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ទំនាក់ទំនង​អន្តរ​កូរ៉េ ដ្បិត​កូរ៉េខាងជើង មិន​ត្រឹមតែ​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​នោះទេ តែ​ថែមទាំង​រដ្ឋ​ជិតខាង​បងប្អូន​បង្កើត​ខ្លួនឯង​ទៀតផង​។​

សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕