គេ​លួច​ខ្សឹប ចុះ​ទៅ​ឆែក​ប្រទះ​មែន

ខេត្តពោធិ៍សាត់​ ៖​ កាលពី​វេលា​ម៉ោង​០៩​ព្រឹកថ្ងៃ​ទី​០៦​ ​ឧសភា​​ ២០១៦​ ​សមត្ថកិច្ច​ រួម​ទាំង​​មេ​ព្រៃ​នគរបាល អាវុធហត្ថ ដែល​ដឹកនាំ​ដោយ​លោក​ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​អម​​សាលាដំបូង​ខេត្ត បាន​ចុះ​​ឆែកឆេរ​​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​សាលា​គំរូ​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ រក​ឃើញ​ប្រេង​ម្រះព្រៅភ្នំ​ចំនួន​០៣​ប៊ីដុង​ធំ​ និង​មួយ​ប៊ីដុង​តូច​ ដែល​លាក់​ទុក​ក្នុងផ្ទះ​ និង​បាន​ឃាត់​​មនុស្ស​២​នាក់​​ផង​ដែរ ​។

​ជនសង្ស័យ​ដែល​​ឃាត់ខ្លួន​ម្នាក់​​ឈ្មោះ​លឹ​ម សុខ​ជឿន​ ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ញែក វ​ណ្ណៈ​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ទាំង​២នាក់​ រស់នៅ​ភូមិ​-សង្កាត់​​​ខាងលើ​ ។

​លោក​វ​រ​សេនីយ៍​ទោ ឈ​ន រិ​ទ្ធិ៍ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ឱ្យ​​​ដឹង​ថា ការ​ចូល​ឆែកឆេរ​លំនៅ​ឋាន​​ជនសង្ស័យ​ខាងលើ​នេះ​គឺ​ដោយ​បាន​ការ​អនុញ្ញាត​ផ្ទាល់​ពី​លោក ថោ​ង អុល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ​បន្ទាប់​ពី​មាន​ព័ត៌មាន​រាយការណ៍​មក​ថា​ ផ្ទះ​នេះ​ មាន​លាក់​ទុក​ប្រេង​ម្រះព្រៅភ្នំ​ ។

​នៅ​ពេល​សមត្ថកិច្ច​យើង​ចូល​ទៅ​ដល់​ឆែកឆេរ​​រក​ឃើញ​ប្រេង​ម្រះព្រៅភ្នំ​០៣​ប៊ីដុង​ធំ​ និង​មួយ​ប៊ីដុង​តូច​ ក៏​រឹប​អូស​យក​និង​ធ្វើការ​ឃាត់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​​​តែ​ម្ដង​ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​​ ។