ក្រុម​រត់​ម៉ូតូ​កង់​៣ ​នៅ​បន្ទាត់​ព្រំដែន ​ថ្ងួចថ្ងូរ ពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​មួយ​ទាំង​អស់​គ្នា

ក្រុម​រត់​ម៉ូតូ​កង់​៣ ​នៅ​បន្ទាត់​ព្រំដែន ​ថ្ងួចថ្ងូរ ពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​មួយ​ទាំង​អស់​គ្នា



បាត់ដំបង ​៖ ​ពួក​អ្នក​រត់​ម៉ូតូ​កង់​៣​ជា​ច្រើន​នាក់ ​ដែល​ប្រកបមុខរបរ​ចាំ​ដឹក​អីវ៉ាន់ និង​មនុស្ស​ ចេញចូល​តាម​ច្រក​តំបន់​មួយ​ចំនួន​ នា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ ដើម្បី​បាន​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង និង​ប្រពន្ធ កូន បាន​ថ្ងួចថ្ងូរ​យ៉ាងខ្លាំង​ បន្ទាប់ពី​សមត្ថកិច្ច​ចរាចរណ៍​នៅ​ក្នុង​តំបន់​នោះ​ចាប់ផ្ដើម​រឹត​បន្តឹង​ទៅលើ​ពួកគេ ឲ្យ​អនុវត្ត​តាមច្បាប់​ដែល​បាន​ចែង។

បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ទុក​ពុកចង្កា​យ៉ាង​វែង និង​ពាក់មួក​សុវត្ថិភាព​យ៉ាង​ត្រឹមត្រូវ ដោយ​អង្គុយ​នៅ​លើ​ម៉ូតូ​កង់​៣ ​ខាងមុខ​ច្រក​តំបន់​គីឡូ​១៣ ក្នុង​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ បាន​និយាយ​តិចៗ​ថា ការ​ប្រកបមុខរបរ​រត់​ម៉ូតូ​កង់​៣​ដូច​រូបលោក​នេះ ​ គឺ​មិន​ប្រកាន់​ក្នុង​ការ​ដឹក​នោះ​ទេ ​ បើ​ជួប​ទំនិញ​ ​ដឹកទំនិញ​ តែ​បើ​ត្រូវ​ដឹក​ពួកកម្មករ​ ក៏​ត្រូវ​តែ​ដឹក​ពួកគេ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​ប្រាក់​ចំណូល​គ្រាន់​បាន​ចិញ្ចឹម​ឆ្នាំងបាយ​ និង​អនាគត​កូន ​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា។

បុរស​វ័យ​ចំណាស់​រូប​នេះ​ បាន​លើកដៃ​ជូត​ញើស​ដែល​កំពុង​ហូរ​នៅ​លើ​ថ្ងាស ហើយ​បាន​បន្ត​សម្ដី​ថា សព្វថ្ងៃ​ពិបាក​ណាស់ ព្រោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កំពុង​តែ​ធ្វើការ​រឹត​បន្តឹង​យ៉ាងខ្លាំង ដោយ​មួយ​រយៈ​នេះ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​បាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅលើ​មួយ​សុវត្ថិភាព ​ ព្រោះ​មាន​ពេល​មួយ​នោះ ​រូបលោក​ត្រូវ​បាន​គេ​ពិន័យ​អស់​៣​ម៉ឺន​រៀល ដោយសារតែ​មនុស្ស​ ដែល​លោក​ដឹក​៤​នាក់ ​ គឺ​មាន​ពាក់​មួយ​សុវត្ថិភាព​តែ​២​នាក់​ប៉ុណ្ណោះ ដោយសារតែ​លោក​គ្មាន​លុយ​ទៅ​ទិញ​មួក​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​ចំនួន​មនុស្ស​ ដែល​ជិះ​នៅ​លើ​ម៉ូតូ​កង់​៣​របស់​លោក។

បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ មាន​ពេល​ខ្លះ​ក្រុម​កម្មករ​ ឬក៏​ប្រជាពលរដ្ឋ​ ដែល​ជិះ​ម៉ូតូ​កង់​៣ ត្រូវ​ចុះ​ដើរ​ដោយ​ថ្មើរ​ជើង​រាប់​រយ​ម៉ែត្រ នៅ​ពេល​ដែល​ដឹង​ថា ​គោលដៅ​របស់​ប៉ូលិស​ចរាចរណ៍​នៅ​ខាង​មុខ ​ពោល​គឺ​ពួកគេ​សុខចិត្ត​ចុះ​ដើរ​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ផាក​ពិន័យ​អំពី​ការ​មិន​ពាក់មួក​សុវត្ថិភាព។

ប្រភព​ដដែល​បាន​លើកឡើងថា តាំងពី​សម័យ​ដើម​រៀងមក នៅតាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ គឺ​តាម​ច្រក​ចេញចូល​នីមួយៗ តែងតែ​មាន​មធ្យោបាយ​ធ្វើដំណើរ​គឺ​ម៉ូតូ​កង់​៣​នេះ​ជានិច្ច តែ​គេ​មិនដឹងថា​ប្រភេទ​ម៉ូតូ​កង់​៣​ដែល​ចាប់រ៉ឺម៉ក​ពី​ចំហៀង​ម៉ូតូ​នេះ​ មាន​ចែង​នៅក្នុង​ច្បាប់​ដែរ​ឬ​ទេ ថា​តើ​ពួកគេ​ត្រូវ​នាំ​ម៉ូតូ​នេះ​ទៅ​បង់ពន្ធ និង​បំពាក់​ស្លាក​លេខ​តាមបែប​ម៉ូតូ តុ​ក តុ​ក​ដែរ​ទេ​? ដោយ​បច្ចុប្បន្ននេះ​ពួកគេ​កំពុង​ទទួលរង​នូវ​ការ​គំរាម​ពី​សំណាក់​សមត្ថកិច្ច​ចរាចរណ៍​ក្នុងស្រុក​សំពៅ​លូន​ថា បើ​មិន​ព្រម​រក​មួក​ឲ្យ​អ្នកជិះ​ពាក់​ឲ្យ​បាន​គ្រប់គ្នា​ទេ គេ​នឹង​បិទ​មិន​ឲ្យ​ម៉ូតូ​កង់​៣ ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ឡើយ​ ព្រោះ​លោក​ប៉ូលិស​បាន​សង្កត់ធ្ងន់​ថា ប្រភេទ​ម៉ូតូ​កង់​៣​នេះ​គឺ​ខុស​លក្ខណៈ​ទាំងអស់។

ជួប​ជាមួយ​កម្ពុ​ជាថ្មី នា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក​វរសេនីយ៍ឯក​សាត គឹម​សាន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​មានប្រសាសន៍ថា​ បើ​យោង​តាម​ផ្លូវច្បាប់​គឺ រាល់​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ប៉ុន្តែ​សំខាន់​គឺ​ស្ថិតនៅ​លើ​ការអនុវត្ត​តើ​អាច​ទៅរួច​ដែរ​ឬ​យ៉ាងណា តែ​ទោះជា​យ៉ាងណា​ក៏​លោក​បាន​ទទូច និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើយ៉ាងណា​ត្រូវ​រួមគ្នា​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

ក្រុម​រត់​ម៉ូតូ​កង់​៣ ​នៅ​បន្ទាត់​ព្រំដែន ​ថ្ងួចថ្ងូរ ពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​មួយ​ទាំង​អស់​គ្នា

ក្រុម​រត់​ម៉ូតូ​កង់​៣ ​នៅ​បន្ទាត់​ព្រំដែន ​ថ្ងួចថ្ងូរ ពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​មួយ​ទាំង​អស់​គ្នា