យី​ឌុ​ប​ដឹក​ដំឡូង​មី​រាប់​តោន​ចុះ​សាឡា​ង​ខុស​បច្ចេកទេស​ក្រឡាប់​ចូល​ទន្លេ

ខេត្តក្រចេះ ៖ ម្ចាស់​ដ​ចម្លង និង​ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី កំពុង​តែ​សម្របសម្រួល​គ្នា​លើ​សំណង​ខូចខាត​ក្នុង​ការ​ខាតបង់​រថយន្ត និង​ដំឡូង​មី​រាប់​សិប​តោន ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ នៅ​ពេល​កំពុង​បើក​ឡើង​សាឡា​ង​បម្រុង​ឆ្លង ក៏​ក្រឡាប់​ធ្លាក់​ចូល​ទឹក ។

ហេតុការណ៍​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​មី​ទម្ងន់​ជិត​៥០​តោន​មួយ​គ្រឿង បាន​ក្រឡាប់​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ​ត្រើយ​ខាង​ស្រុក​ព្រែក​ប្រសព្វ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ឧសភា កន្លង​មក​នោះ​កើតឡើង​ពី​ការ​បញ្ជា​ដៃចង្កូត​រថយន្ត​ខុស​លក្ខណ​បច្ចេកទេស​បណ្តាល​ឲ្យ​កៀរ​បាក់​បង្កាន់ដៃ​ធ្លាក់ទឹក​លិច​រថយន្ត​ទៅ​បាតទន្លេ​បង្ក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​កំពុង​តែ​ជិះ​លើ​សាឡា​ង​នោះ​ភ័យ​ស្លន់ស្លោ​ស្លេក​មុខ​គ្រប់​ៗ​គ្នា ។

នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ឃើញ​មាន​មនុស្ស​រាប់​សិប​នាក់ និង​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​លើ​សាឡា​ង តែ​មិន​មាន​អ្នក​ណា​រង​គ្រោះ​ទេ​គ្រាន់តែ​ភ័យ​ស្លេក​មុខ​គ្រប់​គ្នា ហើយ​ក៏​មិន​មាន​ខូចខាត​ដល់​យានយន្ត​ដទៃ​ទៀត​ដែរ ។

គេ​នៅ​ចាំ​បាន​ថា រាប់​ទាំង​ករណី​រថយន្ត​ដឹក​ដំឡូង​មី​លើស​ចំណុះ​ធ្លាក់​ចូល​ទន្លេ​នៅ​ពេល​កំពុង​បើក​ឡើង​សាឡា​ង​នេះ ជា​ករណី​លើក​ទី​៣​ហើយ បន្ទាប់​ពី​រថយន្ត​ដឹកឈើ​ធ្លាក់ទឹក​មួយ​គ្រឿង កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បណ្តាល​ឲ្យ​ខូចខាត​ដូច​គ្នា និង​ករណី​បុរស​ចុងភៅ​ម្នាក់ បាន​សម្រេចចិត្ត​លោត​ចុះ​ពីលើ​សាឡា​ង​ហែល​ឆ្លង​បណ្តាល​ឲ្យ​លង់​ស្លាប់ ដោយសារ​តែ​អ្នក​បើក​សាឡា​ង​មិន​ព្រម​ចូល​ច្រាំង​នៅ​ពេល​ដែល​បាន​ចេញ​ផុត​ពី​ច្រាំង​បន្តិច​នោះ ។

ជាមួយនឹង​ករណី​រថយន្ត​ធុន​យី​ឌុ​ប​ទម្ងន់​រាប់​សិប​តោន​ដឹក​ដំឡូង​មី​លើស​ចំណុះ​បណ្តាល​ឲ្យ​ធ្លាក់ទឹក​ត្រូវ​ខាតបង់​លុយរាប់​ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​កំហុស​បច្ចេកទេស​របស់​ម្ចាស់​សាឡា​ង និង​អ្នក​បើករថយន្ត ដែល​បាន​បើករថយន្ត​ធុន​ធ្ងន់​ថយក្រោយ​ទៅ​តាម​ការ​បញ្ជា​របស់​កម្មករ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​ជ្រុង​ម្ខាង​នៃ​សាឡា​ង បណ្តាល​ឲ្យ​ផ្អៀង​ក្រឡាប់​រថយន្ត​ធ្លាក់​ចូល​ទឹកតែ​ម្តង ។

បើ​តាម​ការ​លើក​ឡើង​ពី​លោក ម៉ាត់ ហ៊ី​ម ជា​ម្ចាស់​ដ​ចម្លង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ឈាន​ដល់​បង្ក​ឲ្យ​មាន​ឧប្បត្តិ​ហេតុនេះ គឺ​បណ្តាល​មក​ពី​រថយន្ត​ផ្ទុក​លើស​ចំណុះ ហើយ​មិន​ថា​តែ​ចំណុះ​ច្រើន​យ៉ាងណា​ទេ អាជីវកម្ម​របស់​លោក​នៅ​តែ​ទទួល​ចម្លង លុះ​នៅ​ពេល​មាន​ហានិភ័យ​កើតឡើង គឺ​ម្ចាស់​រថយន្ត និង​រូប​លោក​ជា​ម្ចាស់​អាជីវកម្ម​ពិចារណា​គ្នា ដើម្បី​ទទួលខុសត្រូវ​ដូច​អ្វី​ដែល​បាន​កំណត់​ទៅ​តាម​កិច្ចសន្យា ។

ជាមួយនឹង​ឧប្បត្តិ​ហេតុនេះ លោក ចាន់ សុ​ផល្លា អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​បញ្ជាក់​ថា ក្រោយ​ពី​ជួប​ហេតុការណ៍​នេះ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​រថយន្ត​កំពុង​តែ​សម្របសម្រួល គ្នា​ដើម្បី​ទទួលខុសត្រូវ​លើ​សំណង​ការ​ខូចខាត​ទៅ​វិញ​ទៅ​មក ៕