លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា​វិស័យ​សុខាភិបាល​ជា​អាយុជីវិត​របស់​ពលរ​ដ្ឋ និង​ជាតិ​

លោកស្រី កែ សុវណ្ណ​រតន៍ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា បានបញ្ជាក់​នៅក្នុង​សប្តាហ៍​នេះ​ថា​វិស័យ​សុខាភិបាល​មិនមែន​ត្រឹមតែ​ជា​អាយុជីវិត​របស់​ប្រជា​ពល​ដ្ឋ​ម្នាក់ៗ​នោះទេ តែ​វា​ក៏​ជា​អាយុជីវិត​របស់​សង្គម​គ្រួសារ និង​ប្រទេសជាតិ​ផងដែរ ព្រោះ​ប្រទេសជាតិ​មួយ​មានការ​រីកចម្រើន និង​មាន​ភាពរឹងមាំ​ទៅបាន គឺ​មិន​អាចមាន​វិស័យ​សុខាភិបាល​គ្មាន​គុណភាព​ដូច​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​នោះទេ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោកស្រី កែ សុវណ្ណ​រតន៍ បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ចុង​សប្តាហ៍​នេះ​ថា វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​ជំនឿ​ចិត្ត ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ស្វែងរក​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស​ក្នុងនោះ​មាន​ទាំង​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​ផងដែរ​។ លោកស្រី កែ សុវណ្ណ​រតន៍ បាន​បញ្ជាក់ថា បើទោះជា​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពប្រសើរ​ឡើងលើ​ផ្នែក​ខ្លះ​ក៏ដោយ ក៏​ភាពជាក់ស្តែង​វិស័យ​សុខាភិបាល​កម្ពុជា​នៅតែមាន​ភាពអន់ថយ​ជាង​វិស័យ​សុខាភិបាល​របស់​ប្រទេសជិតខាង​។​

​លោកស្រី កែ សុវណ្ណ​រតន៍ បាន​ពន្យល់ថា នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ជម្ងឺ ហើយ​មិនមាន​លទ្ធភាព​ព្យាបាល ឬក៏​សេវា​សុខាភិបាល​គ្មាន​គុណភាព វា​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ហើយ​បញ្ហា​នេះ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​គេ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​ជា​ធនធាន​ដ៏​សំខាន់បំផុត​របស់​ប្រទេសជាតិ​។ លោកស្រី កែ សុវណ្ណ​រតន៍ បាន​សម្តែង​ការសោកស្តាយ​ថា ខណៈ​វិស័យ​សុខាភិបាល​កម្ពុជា​គ្មាន​គុណភាព​នោះ ថវិកា​របស់​ប្រទេស​កម្ពុជា​ក៏មាន​ការខាតបង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ធូរធារ​បាន​យក​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ទៅ​ចំណាយ​លើ​ថ្លៃ​សេវា​សុខាភិបាល​នៅក្រៅ​ទេស ហើយ​ប្រជា​ពល​ដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ ឬ​ខ្វះខាត ត្រូវ​បង្ខំចិត្ត​ទទួលយក​វិស័យ​សុខាភិបាល​ក្នុងស្រុក​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ទន់ខ្សោយ​នៅឡើយ​។​

ចំពោះមុខ​បញ្ហា​ខា​លើ​នេះ លោកស្រី កែ សុវណ្ណ​រតន៍ បាន​បញ្ជាក់ថា​លោកស្រី និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​សហការ និង​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ធ្វើការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា​ឲ្យ​ប្រសើរឡើង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រដ្ឋាភិបាល​គប្បី​ធ្វើការ​កំណែទម្រង់​លើ​វិស័យនេះ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព​៕

PPP-Ke-Sovannaroath-2story1_0-e1455507039315