​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុងករណី​នាំ​ទំនិញ​ចូល​ស្រុក​

ប្រជាពលរដ្ឋ​រកស៊ី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​រិះគន់​មន្ត្រី​ជំនាញ​ថា​មិនបាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទ ហើយ​តែងតែ​យក​សិទ្ធិអំណាច​មក​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​រកស៊ី​បន្តិចបន្តួច​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​បញ្ហា​ដែល​ប្រជាពលរដ្ឋ​រិះគន់​គឺ​ករណី​ដែល​ពួកគាត់​នាំចូល​បន្លែ ផ្លែឈើ និង​សាច់សត្វ​ផ្សេងៗ​ចូល​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ទាមទារ​ប្រាក់​ថ្លៃ​នាំចូល ខណៈ​ពួកគាត់​នាំចូល​តិចតួច​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​គ្រប់គ្រង​ច្រក​ជាដើម គប្បី​ត្រួតពិនិត្យ​បញ្ហា​ខាងលើនេះ​ឡើងវិញ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ដូច​សព្វថ្ងៃ​ជីវភាព​របស់​ពួកគាត់​នឹង​កាន់តែ​យ៉ាប់យ៉ឺន​មិន​ខាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​សម្តែង​ការសោកស្តាយ ព្រោះ​ផលិតផល​ភាគច្រើនបំផុត​ត្រូវបាន​ខ្មែរ​នាំចូល​ពី​ប្រទេស​សៀម ហើយ​ខ្មែរ​គ្មានអ្វី​នាំចេញ​ទៅ​ប្រទេស​សៀម​វិញ​ឲ្យ​បាន​ច្រើន​ដូច​ទំនិញ​សៀម​ហូរ​ចូល​ស្រុក​ខ្មែរ​នោះទេ ហើយ​ទន្ទឹមនឹងនេះ​មន្ត្រី​ជំនាញ​ខ្មែរ​បែរជាយក​សិទ្ធិអំណាច​មក​គាបសង្កត់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រកស៊ី​តាម​ព្រំដែន​ចំណេញ​បាន​ប្រាក់​បន្តិចបន្តួច​ទៅវិញ​។​

ប្រជាពលរដ្ឋ​រកស៊ី​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា​កន្លងមក​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ទំនិញ​នាំចូល​បន្តិចបន្តួច​រដ្ឋ​មិន​តម្រូវ​ឲ្យ​យកពន្ធ​ពី​ប្រជាពលរដ្ឋ​នោះទេ តែ​ជាក់ស្តែង​មន្ត្រី​ជំនាញ​នៅតែ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដ​ដដែល ហើយ​ពួកគេ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំ​ទំនិញគេចពន្ធ​ចូល​ប្រទេស​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។​

​ចំពោះមុខ​បញ្ហា​ខាងលើ ប្រជាពលរដ្ឋ​បានស្នើ​ថា មន្ត្រី​រដ្ឋាភិបាល ពិសេស​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មន្ត្រី​នៅ​ក្រសួងពាណិជ្ជកម្ម គប្បី​ចុះមក​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅ​មាត់ទ្វារ​អន្តរជាតិ​ជាំ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ត្អូញត្អែរ ហើយ​មិនត្រូវ​សម្ងំ​នៅតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ទទួលយក​របាយការណ៍​បោកប្រាស់​ពី​មូលដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុងតែ​រងគ្រោះ​ពី​អំពើ​អយុត្តិធម៌​របស់​មន្ត្រី​ជំនាញ​៕

13140741_1022084244551832_1090143301_n 13162112_1022084224551834_1633923004_n 13140741_1022084244551832_1090143301_n - Copy