ការ​​ចុះ​ពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ មិន​លើកលែង​សូម្បី​ទំនិញ​កំប៉ិកកំប៉ុក​ ក្នុង​សាលារៀន​

ការ​​ចុះ​ពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ មិន​លើកលែង​សូម្បី​ទំនិញ​កំប៉ិកកំប៉ុក​ ក្នុង​សាលារៀន​



​ព្រះវិហារ ៖ សកម្មភាព​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ​ធ្វើ​ឡើង​នៅ​សាលាបឋមសិក្សា​ត្បែងមានជ័យ ​មាន​សភាព​សោះកក្រោះ​ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍ ​សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះវិហារ ​ដោយសារ​មាន​មុខ​ទំនិញ​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​សាលារៀន​មួយ​នេះ​មិន​មាន​ទំនិញ​ចំណីអាហារ​ណា​ធំដុំ​ទេ ​ប៉ុន្តែ​វា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​មាន​មន្ត្រី​សាខា​កាំកុងត្រូល​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​និង​ពិសោធ​ចំណីអាហារ​គ្រប់​ច្រកល្ហក​ សូម្បីតែ​អ្នកលក់​នំ​តូចតាច​ក្នុង​សាលារៀន​ក៏​មិន​លើកលែង​ដែរ​។​ មហាជន​ខ្លះ​អស់សំណើច ​និង​ខ្លះ​ទៀត​នៅ​ស្ងៀម​នៅ​ពេល​ឃើញ​សកម្មភាព​មន្ត្រី​សាខា​កាំកុង​ត្រូល​ធ្វើ​ការ​ចុះពិនិត្យ​ទំនិញ​នៅ​ក្នុង​សាលាបឋមសិក្សា​ត្បែងមានជ័យ​បែបនេះ។

តាម​ការ​ឲ្យ​ដឹង​ពេល​ចុះ​ពិនិត្យ​ទំនិញ​រួច ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ណែនាំ​ឲ្យ​អ្នកលក់​ត្រូវ​ចេះ​រើសមុខ​ទំនិញ​ចំណីអាហារ​ណា​ដែល​ថ្មី​មាន​គុណភាព​អនាម័យ​ល្អ​ និង​ចេះ​ពិនិត្យ​ទំនិញ​ដែល​មាន​កំណត់​សុពលភាព​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប។​

រយៈកាល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​មិនដែល​លេចឮ​ព័ត៌មាន​ចេញពី​អាណាព្យាបាល​សិស្ស​សាលា​និយាយ​រិះគន់​អំពី​ទំនិញ​ចំណីអាហារ​លក់​នៅ​តាម​សាលារៀន​ថា ​ខូចគុណភាព​នោះ​ទេ ​ហើយ​ពេល​កូន​គាត់​ហូប​ទៅ​ ក៏​មិនដែល​ឮ​ថា​ចុកពោះ​រាករូស ​និង​ឈឺ​ស្កាត់​អ្វី​ដែរ​។​ វា​ជា​ការល្អ​មែន​ទែន​ ដែល​មន្ត្រី​សាខា​កាំកុងត្រូល​បាន​គិតគូរ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ពិសោធ​មុខទំនិញ​ ចាប់ពី​ទីផ្សារ​លក់ដូរ​ រហូតដល់​គ្រឹះស្ថាន​សាលារៀន​ក្នុង​ក្រុង​ព្រះវិហារ​ ដើម្បី​សុវត្ថិភាព​ម្ហូបចំណី​អាហារ។​

អ្នកសារព័ត៌មាន​មិនទាន់​ទទួល​បាន​លទ្ធផល​ពី​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះវិហារ​នៅ​ឡើយ​ទេ​ថា​ តើ​មានមុខ​ទំនិញ​ម្ហូបអាហារ​ណាខ្លះ​ដែល​ត្រូវ​ហាម​អាជីវករ​មិន​ឲ្យ​លក់ដូរ​ជា​សាធារណៈ​ដោយសារ​វា​មាន​សារ​ធាតុគីមី​ និង​ហួស​សុពលភាព​ប្រើប្រាស់​។ ​

កន្លងមក​ មិនដែល​ឮ​ និង​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះវិហារ​ចុះ​ដកហូត​បាន​ទំនិញ​ចំណី​ម្ហូបអាហារ​ដូចជា ​ត្រី​សាច់​ជង្គង់​មាន់​ និង​ស្លាប​មាន់​ ដែល​ខូចគុណភាព​ពី​សហគ្រិន ​និង​អាជីវករ​យក​ទៅ​ដុត​បំផ្លាញ​ចោល​ជា​សាធារណៈ​នៅ​ឡើយ​ទេ៕