សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​ចុះ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩គ្រួសារ

សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​ចុះ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩គ្រួសារ



កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៥៩​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៨ លើ​៣​ឃុំ ក្នុងស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៦ បាន​ទទួល​អំណោយ​សង្គ្រោះ របស់​សាខា​កាកបាទក្រហម​ខេត្ត​កំពង់​ឆ្នាំង ដឹកនាំ​ដោយ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់​ឆ្នាំង​និង​ក្រុមការងារ ដែល​បាន​យក​អំណោយ​ទាំងនោះ​ទៅ​ចែកជូន​នៅ​ក្នុង​សាលា​បុណ្យ​ឃុំ​ដា បន្ទាប់ពី​ផ្ទះ​របស់​ពួកគាត់​បាន​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​កាលពី​ល្ងាច និង​យប់​ថ្ងៃ​ទី​០៥ ខែឧសភា រួចមក។

លោក ចេង ចាន់​ដូ​ណា ប្រធាន​គណៈកម្មការ​អនុសាខា​កាកបាទក្រហម​ស្រុក​កំពង់លែង​បាន​រាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ល្ងាច និង​យប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ ភ្លៀង​និង​ខ្យល់ព្យុះ​កន្ត្រាក់​មួយ​បាន​បោកបក់ ប៉ះចំ​លើ​៣​ឃុំ និង​ភូមិ​ចំនួន​៨ នៅ​ក្នង​ស្រុក​កំពង់លែង​បណ្តាល​ឲ្យ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥៩​ខ្នង​រង​ការខូចខាត ដែល​ក្នុង​នោះ​១៤​ខ្នង​បាន​រលំ និង​៤៥​ខ្នង​បាន​របើក​ជញ្ជាំង​និង​ដំបូល​។ ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ខាងលើ​នេះ​គឺ នៅ​ក្នុង​ឃុំ​ច្រ​ណូ​ក ប៉ះពាល់​២​ភូមិ គឺ​ភូមិ​ធ្លក ១​ខ្នង និង​ភូមិ​កង្កែប​១​ខ្នង , ឃុំ​ដារ ប៉ះពាល់​៤​ភូមិ ស្មើ​៤៨​ខ្នង​ក្នុង​នោះ​១៣​ខ្នង​បាន​ដួល​រលំ គឺ​ភូមិ​ដារ​៦​ខ្នង ភូមិ​ថ្នល់​៣៥​ខ្នង (​រលំ​៩​ខ្នង​) ភូមិ​គុយ​១​ខ្នង ភូមិ​ជ្រលង​៦​ខ្នង (​រលំ​៤​ខ្នង​) , និង​ឃុំ​សំរោង​សែន ប៉ះពាល់​២​ភូមិ ស្មើ​និង​៩​ខ្នង (​រលំ​១​ខ្នង​) គឺ​ភូមិ​សំរោង​សែន​៨​ខ្នង និង​ភូមិ​ប៉ប្រក រលំ​១​ខ្នង។

នៅ​ក្នុង​ពិធី​ចែក​អំណោយ​នេះ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បា​ក្រហម​ខេត្តកំពង់ឆ្នាំង​បាន​សំណេះសំណាល​ជាមួយ​ជនរងគ្រោះ​ថា នៅ​ក្នុ​ខែ​ពិសាខ​នេះ គឺ​តែង​មាន​ភ្លៀង​កក់ខែ លាយឡំ​ជាមួយ​ខ្យល់ព្យុះ​កន្ត្រាក់ និង​រន្ទះ ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​មូលដ្ឋាន​ត្រូវ​មានការ​ប្រុង​ប្រ​យ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កូនចៅ និង​ដល់​អាយុជីវិត ដោយ​ត្រូវ​មើល​សភាព​ភ្លៀង​និង​ខ្យល់ បើ​មិន​ស្រួល​ត្រូវ​នាំ​កូនចៅ​ចេញ​ពី​ផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ ដោយ​ឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ត្រូវតែ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់ និង​ឲ្យ​បាន​ទាន់​ពេល​វេលា មិន​ត្រូវ​ទុក​ឲ្យ​ជនរងគ្រោះ​ណា​ម្នាក់​ចោល ដោយ​មិនបាន​ជួយសង្គ្រោះ​ឲ្យ​អស់​លទ្ធភាព​នោះ​ឡើយ។

ចំណែក​អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ថ្ងៃនេះ គឺ​នៅ​ក្នុង​១​គ្រួសារ​ៗ ទទួលបាន​អង្ករ​៣០​គីឡូ ត្រីខ​១០​កំប៉ុង មី​១​កេះ ឃីត​១​កញ្ចប់ និង​ថវិកា​២​ម៉ឺន​រៀល ដោយឡែក​គ្រួសារ​ដែល​ផ្ទះ​បាន​រលំ​ដល់​ដី ទទួល​បាន​បន្ថែម​នូវ​តង់​ធំ​១ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល។

ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​កាក​បាទ​ក្រហម​ខេត្ត ជាពិសេស​សម្ត​ច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែរ​ជានិច្ចកាល​តែង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​ប្រ កាន់​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​នោះឡើយ សូម​សម្តេច​និង​ក្រុមការងារ​កាកបាទក្រហម​ទាំងអស់​ជួប​ទេ​សេចក្តី​សុខ និង​ជ័យជំនះ​គ្រប់​ភារកិច្ច​គ្រប់ពេលវេលា៕

សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​ចុះ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩គ្រួសារ សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​ចុះ​ចែក​អំណោយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩គ្រួសារ