វីដេអូ​សាសង​ស្នេហ៍​រវាង​នារី​ខ្មែរ ​និង​ជន​សង្ស័យ​ ជា​ជនជាតិ​ថៃ ​ត្រូវ​បាន​​បង្ហាញ

វីដេអូ​សាសង​ស្នេហ៍​រវាង​នារី​ខ្មែរ ​និង​ជន​សង្ស័យ​ ជា​ជនជាតិ​ថៃ ​ត្រូវ​បាន​​បង្ហាញ



ប៉ោយប៉ែត​ ៖ ​ក្រោយ​ពី​ជន​សង្ស័យ​ ជា​ជនជាតិ​ថៃ​ រង​ការ​ចោទ​ប្រកាន់​ ថា​បាន​រំលោភ​នារី​ខ្មែរ ​ដែល​មាន​ប្ដី ​និង​កូន​ទៅ​ហើយ​នោះ ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ស្រាប់​តែ​ក្រុម​គ្រួសារ​ជន​សង្ស័យ​បាន​រក​ឃើញ​វីដេអូ​សាសង​ស្នេហា ​រវាង​នារី​រងគ្រោះ ​និង​ជន​សង្ស័យ​ ​​រួច​យក​ទៅ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ​និង​បាន​ចាក់​ផ្សាយ​វីដេអូ​នោះ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថៃ​ទៀត​ផង។

តាម​ប្រភព​ពី​ខាង​ថៃ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​​ ជនសង្ស័យ​ឈ្មោះ​វ៉ា​យុ​ អាក់​សន ​​​អាយុ​៤០​ឆ្នាំ​រស់នៅ​ស្រុក​បាងសះផាន ​ខេត្ត​ប្រាក់​ជួប​កី​រី​ខាន់​ ហើយ​មាន​មុខ​របរ​ជា​ជាង​កាត់​កញ្ចក់​ បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ពី​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មួយ​នៅ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ដី​ថៃ។

នៅ​ក្នុង​វីដេអូ​នោះ ​គេ​បាន​ឃើញ​រូបភាព​នាង​ និង​ជន​​សង្ស័យ​​​​​​ ​បណ្ដើរ​គ្នា​ចូល​ទៅ​ក្នុង​ផ្សារ​​ ទើប​គេ​បាន​ដាក់​ការ​​សង្ស័យ​ថា ​នាង​ជ័យ សុផន​ ​បាន​​​ផិត​ប្ដី ​និង​កូនប្រុស​​អាយុ​៦​ឆ្នាំ​​ ​​​មក​លួច​ស្នេហា​ជាមួយ​​ជន​សង្ស័យ ​ហើយ​ដើម្បី​កុំ​ឲ្យ​បែកការ​ដឹង​ដល់​ប្ដី​នោះ ​នាង​ក៏​ចាប់ផ្ដើម​លេង​សៀក​​បំភ័ន្ត​ភ្នែក​ប្ដី​តែ​ម្ដង។

ប្រភព​ដដែល​បាន​ចោទ​​សួរ​ថា ​ចុះបើ​ជន​​សង្ស័យ​ចាប់​នាង​រុញ​ចូល​រថយន្ត​នៅ​ចំពោះ​មុខ​មហាជន​ ​ហេតុ​អ្វី​បាន​ជា​នាង​មិន​ព្រម​ស្រែក​ហៅ​ឲ្យ​គេ​ជួយ?

ប្រភព​បញ្ជាក់​ថា ក្រៅ​ពី​នោះ ​ប៉ូលិស​ក៏​បាន​រក​ឃើញ​ឃ្លីប​​​វីដេអូ​មួយ​ទៀត​ ​​​នៅ​ក្នុង​សណ្ឋាគារ​មួយ​ ដែល​បុរស​សង្ស័យ​បាន​នាំ​នាង​ទៅ​ក្រេប​ទឹក​ខ្មេះ ​ហើយ​គេ​ឃើញ​ថា​ពួកគេ​​​កំពុង​អង្គុយ​សាសង​គ្នា​ដោយ​ស្លៀក​ក្រមា​រៀងៗខ្លួន​ ក្រោយ​ពេល​រួមរក្ស​​​រួច។ ប្រភព​បាន​បន្ត​ទៀត​ថា ​ក្រុម​គ្រួសារ​​​ជនសង្ស័យ​បាន​យក​ឃ្លីប​វីដេអូ​នោះ​ទៅ​​ឲ្យ​គេ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថៃ​រួច​ហើយ ​ដើម្បី​រក​​យុត្តិធម៌​ជូន​ជនសង្ស័យ។

សូម​បញ្ជាក់​ដែរ​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​ស្ត្រី​ឈ្មោះ​ជ័យ ​សុផន ​​ជាមួយ​ប្ដី ​កូន ​រួម​ជាមួយ​ឪពុក​ម្ដាយ ​បាន​មក​បំភ្លឺ​ប្រាប់​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ថា ​រូប​នាង​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ទាំង​អស់ ​រហូត​នាង​​ប្ដឹង​ទារ​សំណង​ចំនួន​៥​សែន​បាត​ពី​ជន​បង្ក​ទៀត​ផង។ តែ​មិន​ត្រូវ​ថ្លៃ​គ្នា​នោះ​ទេ ​រហូត​នាង​បាន​ប្រាប់​អ្នក​កាសែត​ថា ​រឿង​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​ឧសភា​​នោះ​ គឺ​ជន​បង្ក​ពិត​ជា​បាន​ចាប់​បង្ខំ​ឲ្យ​នាង​ចូល​ក្នុង​រថយន្ត​មែន ​ហើយ​ជន​បង្ក​រំលោភ​នាង​តែ​ម្នាក់​ប៉ុណ្ណោះ ​ឯ​កម្មករ​​​ខ្មែរ​ពីរ​នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​​នោះ​ គឺ​ពុំ​មាន​ការ​​ពាក់ព័ន្ធ​នោះ​ទេ៕
វីដេអូ​សាសង​ស្នេហ៍​រវាង​នារី​ខ្មែរ ​និង​ជន​សង្ស័យ​ ជា​ជនជាតិ​ថៃ ​ត្រូវ​បាន​​បង្ហាញ