សា​រ៉ា​យ ស​ក្ខ​ណា ត្រឡប់​ទៅ​អា​មេ​រិ​ក បន្សល់​ហាង​កែ​សម្រស់​មួយ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​សា​រ៉ា​យ ស​ក្ខ​ណា ចាកចេញ​ទៅ​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​មក ដោយ​បន្សល់​ទុក​ហាង​កែ​សម្រស់​ទើប​បើក​ថ្មី​មួយ​នៅ​ភ្នំពេញ ។ ហាង​កែ​សម្រស់​នោះ​បន្ទាប់​ពី​ហាង​លក់​គ្រឿងក្លែម​របស់​ស​ក្ខ​ណា​កំពុង​ដំណើរការ​ល្អ ។

សា​រ៉ា​យ ស​ក្ខ​ណា នៅ​មិន​ទាន់​អាច​នៅ​មើលការ​ខុស​ត្រូវ​ហាង​កែ​សម្រស់​នោះ​បាន​ទេ ព្រោះ​នាង​មមាញឹក​មើលថែ​កូន​តូច​នៅ​អា​មេ​រិ​ក ។ សា​រ៉ា​យ ស​ក្ខ​ណា ចាត់ចែង​ឱ្យ​ស្វាមី​រៀបចំ​ទិញ​ប្រដាប់ប្រដារ​បែប​ទំនើប​ដាក់​ក្នុង​ហាង​ថ្មី​នោះ​។

អ្នកស្រី​សម្ផស្ស​ជា​ម្តាយ​របស់​សា​រ៉ា​យ ស​ក្ខ​ណា ឱ្យ​ដឹង​ថា កូនស្រី​របស់​អ្នកស្រី និង​កូនប្រសា​មូលគំនិត​គ្នា​ផ្តួចផ្តើម​បង្កើត​ហាង​កែ​សម្រស់​មួយ​នៅ​ម្តុំ​ទួល​គោក ជិត​ផលិតកម្ម​មហាហង្ស ។ កន្លែង​បើកហាង​នោះ​ជួល​គេ ហើយ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ។ ឧបករណ៍ នីមួយ​ៗ​សុទ្ធតែ​យក​ពី​បរទេស​ដើម្បី​ទាក់ទាញ​អតិថិជន ។ ប៉ុន្មាន​ខែ​ទៀត​ប្តី​របស់​ស​ក្ខ​ណា​នឹង​មក​មើល​ដើម្បី​ឱ្យ​ដឹង​ថា នៅ​ខ្វះខាត​អ្វីខ្លះ ដើម្បី​កែ​លម្អ​មុន​នឹង​បើក​ដំណើរការ ។ ចំពោះ​ស​ក្ខ​ណា​វិញ​ប្រហែលជា​ទាល់តែ​ហាង​នោះ​រៀបចំ​រួចរាល់​ទើប​អាច​មក​មើល ។

អ្នកស្រី​ជា​ម្តាយ​និយាយ​ថា សា​រ៉ា​យ ស​ក្ខ​ណា ចូល​ចិត្ត​ភាព​ស្អាត ដូច្នេះ​ទើប​បើកហាង​កែ​សម្រស់ ។ ទាក់ទិន​នឹង​ការ​បើក​សម្ពោធ​ហាង​កែ​សម្រស់​នោះ​មិន​ទាន់​កំណត់​ទេ ចាំ​រៀបចំ​រួចរាល់​សិន ។

តារាភាពយន្ត​សា​រ៉ា​យ ស​ក្ខ​ណា ទើបតែ​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​កាលពី​ចុង​ខែមេសា បន្ទាប់​ពី​ចំណាយពេល​ជិត​២​ខែ​មក​លេង​ស្រុកកំណើត ។ ឆ្លៀតពេល​មក​លេង​ស្រុក​នេះ​សា​រ៉ា​យ ស​ក្ខ​ណា​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​មួយ​របស់​ផលិតកម្ម​រ៉េ​ដ​ភី​ក​ឆើ ។ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀប​ការ​ជិត​២​ឆ្នាំ​ហើយ និង​មានកូន​ស្រី​ម្នាក់​នា​ពេល​នេះ ៕