ជម្លោះ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​កាទៀង​នៅ​​ខេត្ត​រតនគិរី​ត្រូវ​បាន​ដោះស្រាយ

ជម្លោះ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង ក្នុង​ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​រៀបចំ​វេទិកា​តុ​សន្តិភាព​សម្របសម្រួល​បញ្ចប់​​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ ជាមួយ​ម្ចាស់​​សិប្បកម្ម​កិន​ថ្ម និង​មគ្គ​ទេសចរណ៍​តំបន់​ទឹកជ្រោះ​ដែល​ចង់​រៀបចំ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​សម្រាប់​​វិស័យ​ទេសចរណ៍​ធម្មជាតិ។

ទំនាស់​អភិរក្ស​តំបន់​ទេសចរណ៍​ទឹកជ្រោះ​កាទៀង ក្នុង​ខេត្ត​រតនគិរី បាន​ដោះស្រាយ​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា បន្ទាប់​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​រៀបចំ​វេទិកា​តុ​សន្តិភាព​ចុង​​​ក្រោយ​សម្របសម្រួល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ឯកភាព​គ្នា​លើ​ដំណោះស្រាយ​បី​ចំណុច​ទាក់ទិន​ការ​គ្រប់គ្រង និង​ការ​អភិរក្ស​រមណីយដ្ឋាន​ឲ្យ​បាន​ប្រសើរ។

ដំណោះស្រាយ​បី​ចំណុច​រួម​មាន ការ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​​កាទៀង ដោយ​មាន​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទេសចរណ៍ ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​លំនៅឋាន​លើ​ដី​តំបន់​ទេសចរណ៍ និង​ការ​រៀបចំ​កិច្ច​ព្រមព្រៀង​វិនិយោគ​រវាង​ឯកជន និង​សហគមន៍​ឲ្យ​បាន​ឯកភាព​គ្នា​ដើម្បី​ដំណើរការ​អភិវឌ្ឍន៍​តំបន់​ទឹកជ្រោះ។

ប្រធាន​សហគមន៍​កាទៀង លោក សុត សៅ ដែល​ទើប​បាន​ជ្រើសរើស​ថ្មី​សំដែង​ការ​រីករាយ និង​ត្រេកអរ ​ខណៈ​ភាគី​នៃ​ជម្លោះ​បាន​ជជែក​ពិភាក្សា​គ្នា​ក្នុង​ស្មារតី​យោគយល់​ស្មើ​ភាព និង​សាមគ្គីភាព។

លោក​ថា សហគមន៍​និង​សហការ​រៀបចំ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ជាមួយ​មន្ត្រី​ជំនាញ រួម​ទាំង​អ្នក​វិនិយោគ​ដើម្បី​ប្រែក្លាយ​តំបន់​ទឹកជ្រោះ​មាន​ភាព​ប្រសើរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ថ្ងៃ​អនាគត៖ «ប្រសិនបើ​ខាង​អ្នក​វិនិយោគ​គាត់​ជាក់លាក់​យើង​ក៏​មាន​អ្វី​មិន​ជាក់លាក់​ដែរ ឲ្យ​តែ​គាត់​ច្បាស់​ថា ធ្វើ​ម៉េច​កុំ​ឲ្យ​អ្នក​ភូមិ​មាន​បញ្ហា»

ទឹក​ជ្រោះ កាទៀង រតនគិរី ៨៥៥ ២០១៦
តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង ក្នុង​ឃុំ​ល្បាំង២ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៦។ RFA/Ratha Visal

ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់​គម្រោង​វិនិយោគ​តំបន់​ទឹកជ្រោះ​កាទៀង លោក សេង ពេជ្រ កត់សំគាល់​ថា លោក​មាន​លទ្ធភាព និង​ទុន​វិនិយោគ​គ្រប់គ្រាន់​ដើម្បី​ប្រែក្លាយ​តំបន់​ទឹកជ្រោះ​ជា​រមណីយដ្ឋាន​ធម្មជាតិ និង​រក្សា​បាន​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច។ លោក​ថា ការ​អភិវឌ្ឍ​បាន​ប្រសើរ​លុះត្រា​សហគមន៍​សហការ​ពេញលេញ​ទើប​គម្រោង​វិនិយោគ​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន។លើស​ពី​នេះ​ទៀត ការ​អភិវឌ្ឍ​តំបន់​ទឹកជ្រោះ​នឹង​ផ្ដល់​អត្ត​ប្រយោជន៍​សម្រាប់​សហគមន៍​ទាំង​ជីវភាព​រស់​នៅ និង​ប្រាក់​ចំណូល៖ «ធ្វើ​ម៉េច​ឲ្យ​សប្បាយ​ចិត្ត​ហើយ​មាន​ចំណុច​លំអិត​ច្បាស់លាស់​បាន​ខ្ញុំ​ដក​លុយ​ពី​ក្រៅ​មក​ធ្វើ ម្យ៉ាង​​ទៀត​មុន​នឹង​ធ្វើ​ទី​នេះ​ត្រូវ​មាន​ក្រដាស​ស្នាម​ពី​ក្រសួង»

អតីត​ដី​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​កាទៀង កន្លង​ទៅ​មាន​ទំហំ​ជាង ៣០​ហិកតារ​អម​ទៅ​ដោយ​ព្រៃ​ឈើ​ហ៊ុមព័ទ្ធ​ជុំវិញ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ាន់​ប្រមាណ​ថា ផ្ទៃដី​តំបន់​ទឹកជ្រោះ​ត្រូវ​​បាន​ប្រជាពលរដ្ឋ និង​សហគមន៍​រុករាន​កាន់​កាប់​នៅ​សល់​ប្រមាណ ៥​ហិកតារ​ប៉ុណ្ណោះ។

​ទាក់ទិន​ករណី​នេះ​ដែរ តំណាង​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ធី ចាន់ដាលីន ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង និង​ការពារ​ដីធ្លី​តំបន់​រមណីយដ្ឋាន។ លោក​ថា មន្ត្រី​ជំនាញ​នឹង​ពិនិត្យ​ផ្ដល់​លទ្ធភាព​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​មួយ​នេះ​ទាក់ទាញ​អ្នក​ទេសចរ​បាន​ច្រើន​ឡើង​វិញ៖ «នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ទាមទារ​ការ​ប្រជុំ​ចង្អៀត​មួយ​ទៀត​រវាង​មន្ទីរ​រវាង​សហគមន៍ ​និង​លោក សេង ពេជ្រ និង​អាច​មាន​ជំនួយ​ពី​អង្គការ​ផ្នែក​ផ្លូវច្បាប់​ផង​ដែរ»

​មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​របស់​គម្រោង​តុ​សន្តិភាព​គឺ​បញ្ចប់​ជម្លោះ​ក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដោយ​សន្តិវិធី មិន​ចំណាយ​ពេលវេលា និង​ប្រាក់កាស​របស់​ភាគី​ជម្លោះ។ លោក​ថា​ ជំហាន​បន្ត​របស់​គម្រោង​គឺ​បន្ត​តាមដាន និង​ជំរុញ​ការ​អនុវត្ត​គោលការណ៍​បី​ចំណុច​ដែល​ឯកភាព​គ្នា​ក្នុង​វេទិកា​តុ​សន្តិភាព​ចុង​ក្រោយ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «គោលបំណង​យើង​បាន​សម្រេច​ហើយ យើង​នៅ​មាន​ជំហាន​សល់​បន្តិចបន្តួច​ទៀត​ដើម្បី​តាមដាន និង​ពិនិត្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នៅ​ពេល​នេះ»

កាល​ពី​ឆ្នាំ​២០១១ ម្ចាស់​ការដ្ឋាន​កិន​ថ្ម គឺ​លោកស្រី សុ សូភី បាន​ពង្រីក​ដី​ការដ្ឋាន​កិន​ថ្ម​មក​ធ្វើជា​ដី​ដាំ​ដុះ​ពី​មួយ​ហិកតារ​រហូត​មក​ដល់ ៨​ហិកតារ​បំពាន​ចូល​តំបន់​ព្រៃ​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាទៀង។ ទំនាស់​ដោយ​ឡែក​មួយ​ទៀត គឺ​ជា​ទំនាស់​គ្រប់គ្រង​ទឹក​ជ្រោះ​ដោយសារ​តែ​សហគមន៍​ថ្នាំងថ្នាក់​ជាមួយ​ភ្នាក់ងារ​​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​គឺ​លោក សេង ពេជ្រ ដែល​បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ប្រពៃណី​ជនជាតិ​ដើម​ជា​លក្ខណៈ​ឯកជន​ក្នុង​តំបន់​ទឹក​ជ្រោះ​ដែល​ធ្វើ​ឲ្យ​សហគមន៍​បារម្ភ​ថា គម្រោង​នេះ​នឹង​យក​ដី​តំបន់​ទឹក​ជ្រោះ​កាទៀង ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​ល្បាំង២ លោក ធិត ចាង ចាត់​ទុក​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​ពិសេស​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​សហគមន៍​ទឹក​ជ្រោះ​កាទៀង នៅ​ពេល​នេះ​មាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​សំណូមពរ​ឲ្យ​ដោះស្រាយ​​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​បន្ត​អនុវត្ត​ឲ្យ​បាន​ច្រើន​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ព្រៃឈើ​ក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បច្ចុប្បន្ន៖ «យើង​ចេះតែ​និយាយ​ម្នាក់ៗ​អ៊ីចឹង​រាប់​ម៉ឺន​ឆ្នាំ​ក៏​មិន​ចប់​បើ​យើង​និយាយ​តែ​ពីរ​ភាសា អ៊ីចឹង​ផលប្រយោជន៍​សម្រាប់​ពួក​ខ្ញុំ​ដែរ។ មាន​រឿងរ៉ាវ​យើង​សហការ​គ្នា​អ៊ីចឹង​យើង​មាន​អាជ្ញាធរ​មេធាវី ខាង​មន្ទីរ​ចូល​​រួម​កុំ​ឲ្យ​ទម្លាក់​តែ​ម្ខាងៗ​ថា អ្នក​នេះ​ខុស​អ្នក​នេះ​ត្រូវ ខ្ញុំ​ថា​ត្រឹមត្រូវ​ទាំង​អស់​គ្នា ដឹង​ឮ​ទាំង​អស់​គ្នា»

​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អនុវត្ត​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំង​អស់​គ្នា​បាន​រៀបចំ​វេទិកា​តុ​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ​សកល​វិទ្យាល័យ​បៀលប្រាយ ឋិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​ឡើង​នៅ​ក្នុង​សហគមន៍​រមណីយដ្ឋាន​ទឹកជ្រោះ​កាទៀង។ អ្នក​ចូល​រួម​វេទិកា​តុ​សន្តិភាព​នេះ មាន​តំណាង​សហគមន៍ អ្នក​សង្កេតការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​តំណាង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ និង​តំណាង​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី មាន​គ្នា​សរុប​ជាង ២០ ​ចូលរួម​ពិភាក្សា​ដោះស្រាយ​ទំនាស់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។