ពលរដ្ឋ​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ថា​បន្ត​ឈូស​ឆាយ​យក​ដី​សហគមន៍

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ទំពួន ភូមិ​សាមុទ្រលើ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ ខណៈ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច រ័ត្ន សាខន បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ត្រៀម​បម្រុង​សហគមន៍​កាន់​តែ​ច្រើន។

ដី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍​ភូមិ​សាមុទ្រលើ ប្រមាណ ១​ពាន់​ហិកតារ ត្រូវ​បាន​អ្នក​ភូមិ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន រ័ត្ន សាខន ថា​បាន​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។

ការ​អះអាង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​តំណាង​សហគមន៍​ជាមួយ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា នៅ​សាល​ប្រជុំ​ភូមិ​សាមុទ្រលើ។

​ប្រធាន​សហគមន៍​ភូមិ​សាមុទ្រលើ លោក ទុយ ញ៉េប រៀបរាប់​ថា អ្នក​ភូមិ​រង់ចាំ​ដំណោះស្រាយ​ជិត​មួយ​ឆ្នាំ​ហើយ ដែល​មន្ត្រី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​វាស់វែង​កាត់​ចេញ​ដី​ត្រៀម​បម្រុង​សហគមន៍​ដែល​បាន​ស្នើ​សុំ​ប្រមាណ ១​ពាន់​ហិកតារ​សម្រាប់​ជា​ដី​ត្រៀម​បម្រុង ខណៈ​ក្រុមហ៊ុន​​​បាន​ឈូស​ឆាយ​ដី ៤០០​ហិកតារ​ក្នុង​តំបន់​សហគមន៍​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ដោយ​មិន​បាន​ផ្ដល់​ដំណឹង ឬ​ពិភាក្សា​ជាមួយ​សហគមន៍។

លោក​ថា សហគមន៍​បាន​ធ្វើ​ការ​តវ៉ា​ច្រើន​លើក​ឲ្យ​ក្រុមហ៊ុន​​ផ្អាក​ការ​ឈូស​ឆាយ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា៖ «ទំហំ​គាត់​យក​ប្រហែល ១​ពាន់​ហិកតារ ប៉ុន្តែ​កន្លែង​សហគមន៍​ចង់​បាន ៥០០​ហិកតារ ចាប់​ពី​អូរណាងណង ទៅ​ដល់​ត្រពាំង​ណងខ្នីង ហ្នឹង​សហគមន៍​គេ​ចង់​បាន​ដើម្បី​ថែរក្សា​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច»

សហគមន៍​ការពារ​ធម្មជាតិ​សេដា រតនគិរី ៨៥៥
សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សេដា ក្នុង​ភូមិ​សាមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Ratha Visal

នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​ឧសភា តំណាង​សហគមន៍ និង​ក្រុម​ការងារ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ធ្វើ​ដំណើរ​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​ដើម្បី​ស្វែង​រក​វិធី​ជួប​ពិភាក្សា​គ្នា​បញ្ហា​នេះ ប៉ុន្តែ​នាយក​ក្រុមហ៊ុន​មិន​មាន​វត្ត​មាននៅ​ការដ្ឋាន​នោះ​ទេ។

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ដាំ​ដុះ​ក្រុមហ៊ុន រ័ត្ន សាខន គឺ​ជា​ជនជាតិ​ចិន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​កំពុង​មាន​បញ្ហា​ជាមួយ​សហគមន៍​ពាក់ព័ន្ធ​ដី​សម្បទាន​របស់​ក្រុមហ៊ុន ក៏ប៉ុន្តែ​លោក​បដិសេធ​ថា មិន​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ។ លោក​ថា ក្រុមហ៊ុន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី ហេតុ​នេះ​ការ​ដោះស្រាយ​យ៉ាង​ណា​អាស្រ័យ​លើ​នាយក​ក្រុមហ៊ុន​ជា​អ្នក​សម្រេច៖ «បញ្ហា​ហ្នឹង​គាត់​ជ្រាប​ដូច​គ្នា ប៉ុន្តែ​បញ្ហា​ហ្នឹង​គាត់​កំពុង​ទាក់ទង​ខាង​នគរបាល​ឃុំ​ស្រុក​ដោះស្រាយ​ការងារ​ហ្នឹង»

​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អភិបាលកិច្ច​ល្អ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គិត ទូច ថ្លែង​ថា សហគមន៍​បាន​ស្នើ​ឲ្យ​មន្ត្រី​គម្រោង​ជួយ​រក​លទ្ធភាព​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ចំពោះ​សហគមន៍។ លោក​បន្ត​ថា គម្រោង​កំពុង​ស្វែងរក​លទ្ធភាព​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ចូលរួម​វេទិកា​តុ​សន្តិភាព​មួយ​នៅ​ពេល​ខាង​មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «យើង​នឹង​កសាង​សំណុំ​រឿង​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដាក់​ជូន​ថ្នាក់​ខេត្ត​លោក​ពិនិត្យ និង​សំណើ​ជំនួប​ក្រោម​រូបភាព​តុ​សន្តិភាព​ដែល​យើង​ធ្លាប់​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៨»

ក្រុមហ៊ុន រ័ត្ន សាខន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៨​ពាន់​ហិកតារ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក៏​ប៉ុន្តែ​ដី​មួយ​ផ្នែក​ដែល​រដ្ឋ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន គឺ​ជា​ដី​សហគមន៍​ភូមិ​សាមុទ្រលើ បាន​គ្រប់គ្រង និង​អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ដី​ជិត​ពីរ​ពាន់​ហិកតារ អ្នកភូមិ​រក្សា​ទុក​ជា​ដី​ត្រៀម​បម្រុង​សម្រាប់​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។