៥ហេតុផល ដែល​ជនជាតិ​ចិនខ្លះ មិនចូលចិត្ត​ថ្ងៃបុណ្យចូលឆ្នាំចិន

យើងដឹងហើយថា ពិធីបុណ្យ​ចូលឆ្នាំចិន​ ឬ​ហៅ​ម៉្យាងទៀត​ថា បុណ្យចូលឆ្នាំនៃចន្ទគតិ គឺជា​ទិវាដ៍​សំខាន់​​បំផុត​សម្រាប់ សហគមន៍ជនជាតិចិន​ នៅ​គ្រប់ទីកន្លែងជុំវិញពិភពលោក​។ ប៉ុន្ដែ តើលោកអ្នកធ្លាប់​បាន​លឺ​ដែរឬទេ អំពី​ពាក្យដែលគេ​និយាយ​ពី “ភាពខ្លាច​រអា​ នឹងការឆ្លងឆ្នាំថ្មីប្រពៃណីចិន”? ពិតណាស់ មាន​ប្រជាជន ដើមកំណើតចិន មួយ​ចំនួន​ ពិសេស​ក្រុមមនុស្ស​ក្មេងៗ ក្នុង​វ័យ​ពី​២០ ទៅ​៣៥ឆ្នាំ ពួកគេ​មាន​នូវ​អារម្មណ៍​ខ្លាចៗ នឹង​ការប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំចិននេះ ដោយពួកគេ​ឈរលើ​ មូលហេតុ​ខ្លះៗ​ខាងក្រោម៖

1ការវិលត្រឡប់ទៅ​ផ្ទះ​វិញ​មាន​ការពិបាក

នាពេលបច្ចុប្បន្ន មាន​មនុស្ស​វ័យក្មេងមិនតិចនាក់ ទេ​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​ដើម្បី​ មក​បន្ដ​ការ​សិក្សា ឬ​ធ្វើការងារនៅ​ទី​ប្រជុំជន ក្រុង។ ហេតុនេះ ថ្ងៃឈប់សម្រាក​ នៃ​បុណ្យ​ចូលឆ្នាំ​ចិន​​ជា​ពេល​វេលា​ដ៏សមស្រប​សម្រាប់​ វិល​ទៅ​ស្រុក​កំណើត​វិញ​។
ករណីនេះ មធ្យោបាយ​ធ្វើដំណើរ​ត្រូវ​បាន​ចោទជាបញ្ហា។ តើ​គួរ​ទៅ​តាមយន្ដហោះឬ? តែតម្លៃ​ថ្លៃខ្លាំងណាស់។ ចុះ​បើ​ជិះឡានវិញ? គឺ​វា​ប្រឈម​នឹង​ការកកស្ទះចរាចរណ៍
ចំពោះប្រទេសជឿនលឿន រថភ្លើង​ជា​ជម្រើស​ល្អសម្រាប់​ធ្វើ​ដំណើរ​ តែ​យើង​សាកស្រមៃ​ល៎មើល ថា​បើ​មនុស្ស​ជាច្រើន ប្រជ្រៀត​គ្នា​ជិះ​រថភ្លើង​ក្នុង​ពេល​តែ​មួយ​ តើ​សភាពនឹងទៅ​ជាយ៉ាងណា? ដូចនេះ បញ្ហាធ្វើដំណើរជា​កង្វល់ទីមួយ។

2គួរ​ប្រារព្ធនៅទីណា?

ចំណុចនេះ មិន​ពាក់ព័ន្ធ​នឹង​ក្រុមមនុស្ស​នៅ​លីវទេ ព្រោះ ពួកគេដឹងច្បាស់​ក្នុង​ចិត្ត​ថា គឺ​ត្រូវតែ​ទៅ ស្រុក​កំណើត​ដើម្បី​ប្រារព្ធ​ពិធីនេះ។ ប៉ុន្ដែ​ចំពោះ​ អ្នកដែល​រៀបការហើយ មាន​គ្រួសារ ពួកគេ​ពិបាក​នឹង​សម្រេចចិត្ត​ថា តើ​គួរទៅផ្ទះខាងប្ដី ឬ​ផ្ទះខាងប្រពន្ធ?

តាមប្រពៃណី​ចិន​បុរាណ​ ភរិយា ត្រូវ​ទៅ​​ផ្ទះ​ប្ដី​ជាមុន នៅ​ថ្ងៃ​១កើត ទាល់តែ​ថ្ងៃទី​២នៃ​ថ្ងៃចូលឆ្នាំ ទើបអាច​ទៅ​លេង​ផ្ទះ​ឪពុកម្ដាយ​បង្កើត​ខ្លួនបាន។ ទាក់ទិននឹងគោលនយោបាយ​កូនមួយ​របស់​ចិន បើគ្រួសារ​មួយ​មាន​កូនស្រី​តែមួយ​ នោះ​ពេលកូនស្រី​រៀបការ​ចេញទៅ ឪពុកម្ដាយ​នឹងត្រូវ​ប្រារព្ធ​ថ្ងៃដំបូងនៃ​បុណ្យចូល​ឆ្នាំ​ចិនតែឯងហើយ ដោយគ្មាន​កូនស្រីមកចូលរួមទេ។
សំនួរដ៏វិលមុខនៅតែ​សួរថា “តើទៅ​ផ្ទះអូន ឬទៅផ្ទះបង?”

3ការជួបជុំគ្រួសារធំ

និយាយដល់ចូលឆ្នាំចិន គឺនិយាយ​ដល់ការជួបជុំក្រុមគ្រួសារ។ ការទទួលទាន​អាហារជួបជុំគ្នា សួរ​សុខទុក្ខរវាងគ្នានឹងគ្នា ជារឿងដ៏គួរ​ឲ្យរីករាយ។ តែ​ចំពោះ​អ្នកខ្លះ ឬ​ក្នុង​គ្រួសារខ្លះ ការជួបជុំគ្នា​ ជា​ពេល​វេលា​នៃ​កម្រង​សំណួរ​ដ៏គួរឲ្យទើសទាល់ និង​ខ្មាស់អៀន កំឡុងពេល​ទទួលទាន​អាហារតុ​មូល​។

“ហ្អេ៎! ឯងមានសង្សារឬនៅ?”, “ពេលណាឯងរៀបការ?”, “នែ៎! ឯងអាយុសាមជាង​ហើយ ពេលណាបានយកកូន? ដឹងអត់​ពពោះក្រោយអាយុ៣០ ប្រឈមនឹងគ្រោះថ្នាក់ណាស់​ណា!”, “មួយខែឯងរកបានប៉ុន្មាន?”…

ទាំងនេះ​សុទ្ធតែ​ជា​សំនួរ​ដ៏ពេញនិយម​របស់​មនុស្ស​ចិន​វ័យ​ចំណាស់​សួរមកកាន់ក្មេង។ មាន​អ្នកខ្លះ​ដោយ​អៀនខ្មាស់ខ្លាំងពេក ដល់ថ្នាក់ទៅ​ ជួលសង្សារ​មក​បង្ហាញញាតិមិត្ត ឬ​រៀបចំសម្ដែង​ជាមាន​ផ្ទៃពោះ​ដើម្បី​គេចចេញ​ពី​សំណួរ​ដ៏ចាក់ដោត​ទាំងនេះ។

4សេចក្ដីភ័យខ្លាច នឹងអាំងប៉ាវ

ជាប្រពៃណី ក្នុងកំឡុងរដូវកាល​ចូលឆ្នាំ​ចិននេះ រឿងសំខាន់គឺ​ កញ្ចប់ប្រាក់​ពណ៌ក្រហម ដែល​ត្រូវ​បាន​ហៅ​ថា “អាំងប៉ាវ” នោះ។ កញ្ចប់លុយនីមួយៗ ជាទូទៅ​ត្រូវផ្ដល់ទៅ​ឲ្យ​ បុគ្គលិកការងារ បង​ប្អូន កូនៗ ក្មួយៗ ដែល​នូវក្នុងនោះ​ត្រូវមាន​ប្រាក់ពី ១០០យ័ន ទៅ​ ១០ ០០០យ័ន ឬ​ប្រមាណ ៥ ដុល្លារ ទៅ ​៥០០០ដុល្លារ។

ទទួល​អាំងប៉ាវ​ជា​រឿង​ដ៏ត្រេកអរ តែ​បើ​ជូនអាំងប៉ាវទៅ​អ្នកដទៃ ច្រើន​ពេក នោះ​វា​ក៏ជារឿង​ត្រូវពិចារណាណាស់ដែរ។ ហើយ​បើនិយាយ​ពី​គ្រួសារ២វិញ បើគេ​ឲ្យ​កូនយើង​ប៉ុណ្ណេះ តើ​យើងគួរ​ឲ្យ​កូន​គេ​ប៉ុន្មាន? មាន​ទៅ​មាន​មក​ នេះ​អាច​ជាកង្វល់​សម្រាប់​មនុស្ស​មួយ​ចំនួន។

5ការគោរពប្រពៃណី

មាន​ច្បាប់ក្បួន​ជា​ច្រើន​ដែល​ត្រូវ​អនុវត្ត​ក្នុងកំឡុង​ពេល​ពិធីបុណ្យ​នេះ។ រាប់ចាប់​តាំង​ពី​ការ​រៀប​ចំ​តុប​តែង​លម្អ​ផ្ទះ​ជាពិសេស រួម​ទាំងការ​ទិញ​គ្រឿង​សំណែន រហូត​ដល់​ការ​រៀបចំ​អត្ត​ចរិក តមនេះ​ តម​នោះ ដែល​នេះ​អាចជារឿង​ពិបាក​សម្រាប់​មនុស្ស​វ័យ​ក្មេង​ ដែល​មាន​គំនិត​បែបសេរីនិយម។​

អុជធូប អុជទៀន​ ដុតក្រដាស ដុតផាវ ហុយផ្សែងទ្រលោម ហើយបើ​កុសលអាក្រក់​ រហូត​ដល់​មាន​អគ្គីភ័យ បង្ក​​គ្រោះ​កាច​ទៅ​វិញ​ ដែល​នេះជាមូលហេតុ​មួយ​ផ្សេង​ទៀត​ ដែល​នាំ​គេ​មិន​សូវ​ចូល​ចិត្ត​ថ្ងៃ​ចូលឆ្នាំ​ចិន។

ទោះ​យ៉ាងណា ក៏បញ្ហាជំនឿ វាចំណុះ​ទាំង​ស្រុង​​នឹង​ការ​គិត​របស់​បុគ្គល រៀង​ៗខ្លួន។ អ្នកខ្លះ​គិត​អញ្ចេះ​ អ្នកខ្លះគិត​អញ្ចុះ ដោយ​លើកហេតុផល​រៀងៗខ្លួន សំខាន់​គឺ​វិចារណញ្ញាណ​របស់យើង​ ថ្លឹងថ្លែង​ថា គួរ​ធ្វើ​បែប​ណា ដើម្បី​សេចក្ដីល្អ និង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ព្រមទាំង​ក្រុមគ្រួសារ។

ជាមួយ​គ្នានេះ ខេមបូមេក​ សូមឆ្លៀតឱកាស​ជូនពរ​ប្រិយមិត្ត​ទាំង​អស់ ឲ្យ​រកទទួលទាន​មាន​បាន​ ជោគជ័យ​គ្រប់​ភារៈកិច្ច​ការងារ ទ្រព្យ​សម្បិត្ត មាសប្រាក់ហូរចូលផ្ទះ សម្រាប់​ឆ្នាំថ្មីនេះ។

​ដោយ៖ NEA
ប្រភព៖

  • ៥ហេតុផល ដែល​ជនជាតិ​ចិនខ្លះ មិនចូលចិត្ត​ថ្ងៃបុណ្យចូលឆ្នាំចិន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: