អ្នក​ភូមិ​ជាង​២០០​គ្រួសារ​នៅ​ស្ទឹងត្រែង​នឹង​មិន​​ចេញ​ពី​លំនៅ​បើ​​អាជ្ញាធរ​មិន​​ដោះស្រាយ​សំណង

ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​យល់​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត បើ​អាជ្ញាធរ​ខែត្រ​មិន​ពិចារណា​សំណើ​របស់​ពួកគេ។ ក្នុង​សំណើ​នោះ​អ្នក​ភូមិ​ទាមទារ​ដី​លំនៅឋាន​ទំហំ ២៥​ម៉ែត្រ បណ្ដោយ ៥០​ម៉ែត្រ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ និង​វាស់វែង​ពុះ​ជា​ឡូត៍ ហើយ​ត្រៀម​សាងសង់​លំនៅឋាន​ថ្មី។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​ឆ្លើយ​តប​ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ​ទេ ទាក់ទិន​ការ​ផ្ដល់​សំណង​ដី​លំនៅឋាន​ដែល​ពួកគេ​បាន​ស្នើ​តាមរយៈ​អាជ្ញាធរ​ឃុំ។

​ពលរដ្ឋ​ដែល​រស់​នៅ​ឃុំ​ស្រែគរ លោក អ៊ី គឿន អះអាង​ថា ការ​ផ្ដល់​សំណង​ដី​លំនៅឋាន​ទំហំ​ទទឹង ២០​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ មិន​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់​នៅ​ចិញ្ចឹម​ជីវិត​ឡើយ បើ​ពួកគាត់​មាន​គ្រួសារ​បែកចេញ​នៅ​ថ្ងៃ​ខាង​មុខ។ លោក​កត់សម្គាល់​ថា ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​គ្រោង​ជម្លៀស​ពួកគាត់​ឲ្យ​ទៅ​រស់​នៅ​នោះ​ឋិត​នៅ​ត្រើយ​ម្ខាង​ទន្លេ​សេសាន គឺ​ជា​តំបន់​សំបូរ​ដោយ​ព្រៃឈើ ឆ្ងាយ​ពី​ភូមិ​ស្រែគរ​ចាស់ ប្រហែល​ជាង ៣​គីឡូម៉ែត្រ៖ «២៥​ម៉ែត្រ​អត់​បាន​ផង បណ្ដោយ ៥០​ម៉ែត្រ ភាគ​ច្រើន​គេ​ថា បើ​មិន​គ្រប់ ២៥​ម៉ែត្រ គេ​មិន​ចាកចេញ​ទេ»

​ឆ្លើយ​តប​រឿង​នេះ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត បញ្ជាក់​យ៉ាង​ខ្លី​ថា ក្រុមហ៊ុន​អនុវត្ត​គម្រោង​ផ្អែក​លើ​គោលនយោបាយ​ថ្នាក់​ជាតិ​ដែល​បាន​អនុម័ត និង​មាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះ​ពាក់​ថ្នាក់​ខែត្រ​ចូលរួម​ត្រួត​ពិនិត្យ និង​តាមដាន៖ «យើង​ធ្វើ​តាម​សំណូមពរ​គាត់​ចុះ​អ្នក​ដែល​គាំទ្រ​គម្រោង​ហ្នឹង​យើង​បាន​ដោះស្រាយ​ឲ្យ​គាត់​ហើយ មាន​ផ្ទះ​ឲ្យ​គាត់​ស្នាក់​នៅ​ហើយ យើង​ដោះស្រាយ​យ៉ាង​ម៉េច នេះ​ជា​សមភាព»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំ​​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ឧសភា ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦  អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​កំណត់​ឱសានវាទ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្ដល់​ទិន្នន័យ​ផល​ប៉ះពាល់​ជូន​ក្រុម​ការងារ ដើម្បី​ក្រុម​ការងារ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​គណនា និង​ទូទាត់​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​បាន​គ្រប់​ក្រុម​គ្រួសារ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ នៃ​អ្នក​រង​ផល​ប៉ះពាល់​ជាង ១​ពាន់​គ្រួសារ មិន​ព្រម​ទទួល​យក​សំណង។ ខ្លឹមសារ​នៃ​ការ​ដាក់​ឱសានវាទ​នោះ បញ្ជាក់​ថា  រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង មិន​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​មិន​សហការ​ផ្ដល់​ទិន្នន័យ​ផល​ប៉ះពាល់​នោះ​ឡើយ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ និយាយ​ថា លោក​បាន​ទទួល​សំណើ​ពលរដ្ឋ​រួច​ហើយ​ជុំវិញ​បញ្ហា​នេះ។ លោក​ថា បន្ទាប់ពី​ទទួល​យក​សំណើ​នោះ​លោក​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ស្រុក​ដើម្បី​ដោះស្រាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

លោក​ថា អាជ្ញាធរ​ខែត្រ និង​តំណាង​ក្រុមហ៊ុន​គួរតែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​ជា​បន្ទាន់ ដើម្បី​បញ្ចប់​ជម្លោះ​បន្ទាប់​ពី​ទីតាំង​ថ្មី​នោះ​មាន​ផ្ទៃដី​ធំធេង សុទ្ធ​ជា​តំបន់​ព្រៃឈើ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ៖ «ក្នុង​នាម​ខ្ញុំ​អាជ្ញាធរ​ខ្ញុំ​ក៏​គាំទ្រ​ពលរដ្ឋ​ដែល​គាត់​ពិចារណា មូលហេតុ​ដែល​គាត់​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា មួយ​ជីវិត​គាត់​បានតែ​ម្ដង​ហ្នឹង​គត់។ ស្រែគរ​ថ្មី​នោះ​គឺ​ដី​ធំ​ណាស់ ស្មើ​នឹង​ខែត្រ​ស្ទឹងត្រែង​ ពីរ​ដង​ក៏​មិន​អស់​ដែរ។ ដូច្នេះ​គួរតែ​ផ្ដល់​ឲ្យ​គាត់ ៥​ម៉ែត្រ​ទៀត»

​ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​ស្រែពក ទន្លេសេកុង និង​ទន្លេ​សេសាន លោក មៀច មាន យល់​ថា ប្រសិនបើ​សហគមន៍​បាន​ស្នើ​ទៅ​អាជ្ញាធរ​ខែត្រ​តាមរយៈ​អាជ្ញាធរ​ឃុំ ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​ខ្លួន ហើយ​អាជ្ញាធរ​ខែត្រ​មិន​ព្រម​ដោះស្រាយ និង​មិន​ឆ្លើយ​តប គឺ​ជា​ការ​អនុវត្ត​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​មិន​ត្រឹមត្រូវ។

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​មាន​ទំហំ ៣.៥០០​ហិកតារ។ ចំណែក​ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង​កន្លង​មក បាន​យល់ព្រម​ទទួល​យក​សំណង​ជា​បណ្ដើរៗ។ បច្ចុប្បន្ន​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​នៅ​ឃុំ​ស្រែគរ មាន​ចំនួន ១៧៦​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៥០​គ្រួសារ។ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាងសង់​សម្រេច​បាន​ប្រហែល ៧០​ភាគរយ ហើយ​គ្រោង​នឹង​សាងសង់​ឲ្យ​រួចរាល់​នៅ​ដើម​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។