លោក ហ៊ុន សែន ចោទ​អ្នក​ប្លន់​គេហទំព័រ​របស់​លោក​ថា​ជា​ក្រុម​ប្រឆាំង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​អ្នក​លួច​ចូល​ទៅ​វាយលុក ឬ ហេគ (Hack)​ ក្នុង​គេហទំព័រ​របស់​លោក​ថា ជា​ចោរ​ដែល​ប្លន់​គេហទំព័រ និង​ថា​ជា​ក្រុម​ប្រឆាំង។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការងារ​សង្គម​ថា ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ដើរ​លឿន​ហួស​ការងារ​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ប្រព្រឹត្ត។

ភ្លាមៗ​ក្រោយ​ក្រុម​ចោរ​ប្លន់ (Hacker) គេហទំព័រ (Website)  របស់​លោក ហ៊ុន សែន www.samdechhunsen.gov.kh ម៉ោង​ជាង ៤​ព្រឹក ថ្ងៃ​ទី​៧ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ពេល​នេះ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​របស់​រាជរដ្ឋាភិបាល​កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រាប់​សាធារណជន​ថា ទិន្នន័យ​មួយ​ចំនួន​ធំ​ក្នុង​នៅ​ក្នុង​វ៉ឹបសាយ ត្រូវ​បាត់បង់​ក្រោយ​ក្រុម​ចោរ​ប្លន់។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ចោរ​បាន​លួច​ប្ដូរ​រូបភាព និង​បាន​លួច​ប្ដូរ​ដាក់​សារ​សំឡេង​ជា​ភាសា​ខ្មែរ​តាម​បែប HACKER។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី គេហទំព័រ​របស់​លោក ហ៊ុន សែន ដែល​មាន​ដាក់​រូបថត​លោក​មួយ​សន្លឹក​អម​ដោយ​រូប​វិមាន​សន្តិភាព​នៅ​ពី​ក្រោយ រូបភាព​ក្រុម​គ្រួសារ និង​សកម្មភាព​ការងារ ព្រម​ទាំង​ការ​បង្ហាញ​ប្រវត្តិ​លោក ហ៊ុន សែន បណ្ណាល័យ ស្នាដៃ​និពន្ធ វិនិយោគ​នៅ​កម្ពុជា ជា​ដើម​នោះ បាន​វិល​ត្រឡប់​មក​ជា​ធម្មតា​វិញ​ហើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សុំ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ​មិន​មែន​ជា​ជំនាញ​របស់​លោក។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា នេះ​ជា​សញ្ញា​បញ្ជាក់​ថា គេហទំព័រ​របស់​ស្ថាប័នរដ្ឋ​ផ្សេង​ទៀត ឬ​របស់​មន្ត្រី​ធំ​ផ្សេងៗ​ទៀត ប្រឈម​ហានិភ័យ​ខ្ពស់​ដោយ​ការ​យាយី​របស់​ចោរ​ប្លន់​វ៉ឹបសាយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មើល​ឃើញ​យុត្តិធម៌​សង្គម​នៅ​កម្ពុជា មិន​បាន​ផ្ដល់​ឲ្យ​បាន​ស្មើ​គ្នា​រវាង​ប្រមុខ​គណបក្ស​ប្រឆាំង និង​ប្រមុខ​រដ្ឋាភិបាល​ឡើយ។ លោក​ថា ករណី​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​លោក កឹម សុខា ដែល​គេ​បង្ហោះ​ពេញ​បណ្ដេញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ឃើញ​សមត្ថកិច្ច​ចាត់​វិធានការ​អ្នក​ទម្លាយ​សំឡេង​នេះ​ទេ៖ «»។

​ទាក់ទង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា​ចោរប្លន់​គេហទំព័រ​របស់​លោក​ជា​ក្រុម​ប្រឆាំង​នោះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ស្នើ​ទៅ​លោក ហ៊ុន សែន រង់ចាំ​មើល​សមត្ថកិច្ច​បង្ហាញ​មុខ​ជន​ប្រព្រឹត្ត​សិន មុន​លោក​ធ្វើ​ការ​ចោទ​ប្រកាន់​បែប​នេះ។

ចំណែក​លោក ហ៊ុន សែន ដែល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម HACKER ចោទ​ប្រកាន់​ថា នេះ​ជា​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ទង្វើ​នេះ​បាន​បំផ្លាញ​កិត្តិយស និង​បង្ក​ការ​រំខាន​ដល់​លោក។ ភ្ជាប់​ជាមួយ​រឿង​នេះ សង្គម​ស៊ីវិល​ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​ដែល​ទម្លាយ​ខ្សែអាត់​សំឡេង​សន្ទនា​របស់​លោក កឹម សុខា យក​មក​ផ្ដន្ទាទោស​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។