អាជ្ញាធរ​​ខណ្ឌ​សែន​សុខ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ និង​សាលារៀន​នៅ​សង្កាត់​ឃ្មួញ​

អាជ្ញាធរ​​ខណ្ឌ​សែន​សុខ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ និង​សាលារៀន​នៅ​សង្កាត់​ឃ្មួញ​



ភ្នំពេញ​ ៖ ​លោក​ថេ​ង សុ​ថុល អភិបាល​រង​ខណ្ឌ​សែន​សុខ​ ទទួលបន្ទុក​ផ្នែក​សំណង់​ និង​សណ្ដាប់ធ្នាប់​ បរិស្ថាន ​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​បោសសំអាត​សំរាម​ និង​រៀបចំ​តាម​ដង​ផ្លូវ​នៅ​ជុំវិញ​សាលារៀន​បឋមសិក្សា ​សែន​សុខ ​នៅ​សង្កាត់​ឃ្មួញ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០១៦ បន្ទាប់ពី​​មើល​ឃើញ​នូវ​ភាព​ស្មុគស្មាញ​ និង​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​ ប្រជាជន និង​សិស្សានុសិស្ស ព្រមទាំង​គ្រូបង្រៀន។

លោក​ថេ​ង សុ​ថុល ​បាន​មានប្រសាសន៍​ថា​ ជំហាន​ដំបូង​​យើង​គ្រាន់តែ ដឹកនាំ​កម្លាំង​ចុះ​មក រៀបចំ​សំណង់ផ្ទះ​តូចៗ​របស់​ប្រជាជន ​ដែល​សង់​លយ​ចូល​មក​លើ​ផ្លូវ​បេតុង និង​ដាក់​សម្ភារៈ​ រាយប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់​ សង់​តូប​លក់ដូរ មក​​លើ​ផ្លូវ​ និង​ទីធ្លា​សួនច្បារ​​ជុំវិញ​របង​សាលារៀន​ប៉ុណ្ណោះ​នៅ​ទីនោះ។ ដោយសារ​ពេល​ចុះ​មក​ត្រួតពិនិត្យ​​មើល​តាមផ្លូវ​ជាប់​របង​សាលា​ចំហៀង​ខាង​​កើត​ បែរ​ជា​មាន​ក្លិនស្អុយ​ពេក​ទើប​លោក បញ្ជា​កម្លាំង​ឲ្យ​មក​ចាត់ការ​បោសសំអាត​នៅ​ទីនោះ​ និង​វាយ​កម្ទេច​ចោល​នូវ​អាង​ដាក់​សំរាម ​ចំនួន​៥​ទីតាំង នៅ​ជុំវិញ​សាលារៀន​នោះ​តែ​ម្ដង។

ប្រជាជន​នៅ​ទីនោះ បាន​និយាយ​ថា ពួកគាត់​រីករាយ​ នៅ​ពេលដែល​អាជ្ញាធរ​ខណ្ឌ​បាន​សម្រេច​វាយ​កម្ទេច​អាង​ដាក់​សំរាម​នោះ​ចោល ដោយ​លើក​មូល​ហេតុ​ថា ដំបូង​ឡើយ ​ពួក​គាត់​បាន​សំណូមពរ​ឲ្យ​ខាង​អង្គការក្រៅរដ្ឋាភិបាល​មួយ ជួយ​កសាង​អាង​ដាក់​សំរាម​នេះ ​ព្រោះតែ​ គ្មាន​កន្លែង​ចោល​សំរាម។ ពួកគាត់​(​ពលរដ្ឋ​) បាន​បន្តថា លុះ​ពេល​នាំគ្នា​យក​សំរាម​មក​ដាក់​ចោល​នៅ​ទីនោះ វា​បាន​រលួយ​ជះ​ក្លិន​ស្អុយ ពិបាក​ទ្រាំ ព្រោះតែ ខាង​ឡាន ក្រុមហ៊ុន​ស៊ិន​ទ្រី ទទួលខុសត្រូវ​ខាង​ដឹក​សំរាម យឺតយ៉ាវ​មក​យក​សំរាម​ពេក​ ទុក​រយៈពេល​១​អាទិត្យ ​ឬ​កន្លះ​ខែ​ឯណោះ​ ទើប​មក​ប្រមូល​សំរាម​ម្ដង។

ចំណែក​ឯ​លោកនាយក​សាលាបឋមសិក្សា សែន​សុខ ក៏បាន​សប្បាយចិត្ត​ជាខ្លាំង​ណាស់​ដែរ ​​ការ​ដែល​​​លោក អភិបាលរងខណ្ឌ បាន​មក​សម្អាត​ និង​ចាត់​ការ​រំលាយ​អាង​ដាក់​សំរាម នៅក្បែរ​សាលារៀន​ចោល​នោះ​ ដោយបាន​បញ្ជាក់​វា​បាន​ជះ​ក្លិន​ស្អុយ​ណាស់​ដល់​សិស្ស​ និង​គ្រូៗ​ ដែល​កំពុង​រៀន និង បង្រៀន ក្នុង​សាលា​រាល់​ថ្ងៃនេះ។

ស្ទើរ​តែ​រៀងរាល់ថ្ងៃ គេ​តែង​សង្កេត​​ឃើញ ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ មមាញឹក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​តាម​ការ​ណែនាំ​ពី​លោកប៉ឹល កុសល អភិបាលខណ្ឌ បញ្ជា​ឲ្យ​លោក​ថេ​ង សុ​ថុល ចាត់ការ​បញ្ហា​​សណ្ដាប់ធ្នាប់ ​និង​សំណង់​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ដើម្បី​ឲ្យ​បរិស្ថាន​ល្អ​ទីក្រុង​ស្អាត​ តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ និង​តាម​គោលការណ៍​របស់​​​រាជរដ្ឋាភិបាល​ផង៕

អាជ្ញាធរ​​ខណ្ឌ​សែន​សុខ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ និង​សាលារៀន​នៅ​សង្កាត់​ឃ្មួញ​

អាជ្ញាធរ​​ខណ្ឌ​សែន​សុខ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ និង​សាលារៀន​នៅ​សង្កាត់​ឃ្មួញ​