មេឃ​ក្ដៅ​ខ្លាំង ​ធ្វើឲ្យ​ផល​ស្រូវប្រាំង​ធ្លាក់​ចុះ

មេឃ​ក្ដៅ​ខ្លាំង ​ធ្វើឲ្យ​ផល​ស្រូវប្រាំង​ធ្លាក់​ចុះ



ភ្នំពេញ ​៖​ ប្រជាកសិករ​៤​ភូមិ​មាន ភូមិ​សំរោង​កណ្ដាល ភូមិ​សំរោង​ត្បូង ភូមិ​សំរោង​ជើង និង​ភូមិ​គ្រួស ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី ប្រកបមុខរបរ​ធ្វើ​ស្រូវប្រាំង​ប្រមាណ ៨០​ភាគរយ និង​នេសាទ​២០​ភាគរយ លើ​ផ្ទៃដី​ស្រែប្រាំង​២០០​ហិកតា។ តែ​នៅ​ក្នុង​ឆ្នាំ ២០១៦​នេះ​ កសិករ​ធ្វើ​ស្រូវប្រាំង​បាន​ផង​តិច​ជាង​ឆ្នាំ​ទៅ ​ដោយសារ​មេឃ​ក្ដៅ​ខ្លាំង​ក្នុង​ពេល​ច្រូត​កាត់​ចុង​ខែ​​​​ខែ​មីនា​ កន្លងទៅ។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឡេង សារុន ចៅសង្កាត់​សំរោង​ទី​២​ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អំពី​កសិករ​យើង​ ដែល​ធ្លាប់​ធ្វើ​ស្រែប្រាំង​បាន​ច្រើនដង​ត្រូវ​មក​ធ្វើ ស្រូវប្រាំង​​​តិចតួច​នៅ​តាម​ទីទួល​ ដែល​មាន​ប្រភព​ទឹក​គ​គ្រាប់​គ្រាន់។ ដោយឡែក​កសិករ ចាន់ វង់ រស់នៅ​ភូមិ​សំរោង​កណ្ដាល និយាយទៀតថា​ បងប្អូន​យើង​ភាគតិច​ណាស់​ដែល​ធ្វើ​ស្រូវ ប្រាំង​បាន​ច្រើនដង​ ជា​ទំនៀម​ទម្លាប់​ច្រើន​ធ្វើ​ស្រូវប្រាំង​បាន​ម្ដង​ដោយ​ទិន្នផល​ទទួល​បាន​ក្នុង​មួយ​ហិកតា ​​៣​តោន ទៅ​៥​តោន​ និង​ប្រើប្រាស់​ពូជស្រូវ​ស្រាល​មានឈ្មោះ​ថា​ណាំ ប៊ុង ដាំ​រយៈពេល​ខ្លី​ និង​មាន​តម្រូវ​ទីផ្សារ​ច្រើនជាងគេ។ លោក​ចាន់ វង់ បន្តថា បងប្អូន​យើង​ក្នុង​សង្កាត់​សំរោង​ពុំមាន​ដីធ្លី​អាចធ្វើ​ស្រូវប្រាំង​ធំ​ទូលាយ​នោះទេ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​ធ្វើ​ស្រូវប្រាំង​បានតែ ៨​អារ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​បាន​ត្រឹម​២០​អារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ ហើយ​អ្នកខ្លះ​មានលទ្ធភាព​អាច​ទិញ​ដី​បាន​ធំ​ធ្វើស្រែ​ប្រាំង​បាន​ច្រើន។ លោក​ឡេង សារុន បញ្ជាក់​ថា​ រដូវ​ធ្វើស្រែ​ប្រាំង​ចាប់ពី​ខែវិច្ឆិកា​រហូតដល់​ខែ​មិនា។ ក៏ប៉ុន្តែ​ឆ្នាំនេះ​បងប្អូន​យើង​នៅតែ​បន្តធ្វើ​ស្រូវប្រាំង​ច​ន្ល​ក់​តិចតួច​ចុងដៃ​ជាការ​បំពេញបន្ថែម​ក៏​ព្រោះតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើឲ្យ​ផល​ស្រូវ​ធ្លាក់ចុះ​ពី​ធម្មតា។

សូម​រំលឹក​ថា​ ស្ថានភាព​ផ្ទៃដី​ស្រែប្រាំង​ក្នុង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ ​រំពឹង​ទៅលើ​ប្រភពទឹក​បឹង​តា​មោក​ទាំងស្រុង ដែល​មក​ដល់​ពេលនេះ​ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​កែ​លម្អ​បឹង​តា​មោក​ដោយ កសាង​អាង​ច្រោះ​ទឹកស្អាត​ជា​ជំហានៗ​ ដើម្បី​យក​ទឹកស្អាត​មក​ប្រើប្រាស់​ផង​និង សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ផង៕