Page​ បុរស​ខ្លាំង​ទម្លាក់​កំហុស​លើ​បក្ស​ប្រឆាំង​ រឿង​ក្រុម​ Hacker​ ប្លន់​គេហទំព័រ​ (Website)

Page​ ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៤​និង​១២​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ មាន​ក្រុម​ Hacker​ ចូល​មក​ប្លន់​(Hacked)​គេហទំព័រ​របស់​បុរស​ខ្លាំង​ ដោយ​បាន​លួច​ប្តូរ​រូបភាព​ លួច​ប្តូរ​ដាក់​សារ​សំឡេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ​ Hacker​ និង​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ Website(www.samdechhunsen.gov.kh)​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​របស់​ក្រុម​ Hacker​ ដែល​ចូល​ប្លន់​(Hacked)​គេហទំព័រ​របស់​បុរស​ខ្លាំង​នេះ​ គឺ​ Page​ របស់​បុរស​ខ្លាំង​បាន​ Post​ ទម្លាក់​កំហុស​ និង​ចោទប្រកាន់​ថា​ ជា​អំពើ​របស់​បក្ស​ប្រឆាំង​(Sic!)​ ។​

​សេចក្តីថ្លែងការណ៍​ដែល​បាន​ Post​ នៅ​ក្នុង​ Page​ របស់​បុរស​ខ្លាំង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ "​នៅ​ពេល​នេះ​ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស​ Hacker​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​រិះគន់​ទៅ​លើ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ដែល​បាន​ Post​ នៅ​ក្នុង​ Page​ បុរស​ខ្លាំង​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ថា​ "​ហាក់ដូចជា​ប្រញាប់​ពេក​ក្នុង​ការ​ចោទប្រកាន់​ទម្លាក់​កំហុស​ទៅ​លើ​បក្ស​ប្រឆាំង​ ពាក់ព័ន្ធ​នឹង​ក្រុម​ Hacker​ ប្លន់​គេហទំព័រ​នាយក​រដ្ឋមន្ត្រី​ មុន​ពេលធ្វើការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការ​ពិត​ "​ ។​ ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ទៀត​ថា​ "​បក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​ការ​លំបាក​ទាំង​អយុត្តិធម៌​ ក្នុង​ករណី​បក្ស​កាន់​អំណាច​ខូចខាត​ ឬ​បាត់បង់​របស់​ ឬ​បាត់បង់​កិត្តិយស​ដោយ​ការ​ធ្វេសប្រហែស​របស់​ខ្លួន​ ឬ​ដោយ​ភាព​កំសោយ​របស់​ខ្លួន​ផ្ទាល់​ ហើយ​បែរជា​រក​លេស​ទម្លាក់​កំហុស​ចោទប្រកាន់​មក​លើ​បក្ស​ប្រឆាំង​ "​ ៕​

Page​ បុរស​ខ្លាំង​ទម្លាក់​កំហុស​លើ​បក្ស​ប្រឆាំង​ រឿង​ក្រុម​ Hacker​ ប្លន់​គេហទំព័រ​ (Website)

Related