វៀតណាម ថៃ មី​យាន់​ម៉ា ឡាវ បាន​ផលប្រយោជន៍​ច្រើន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ជប៉ុន

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Fumio Kishida បានបញ្ចប់​នៅ​ថ្ងៃទី​០៦​ខែឧសភា​ម្សិលមិញ​ហើយ​។ វត្តមាន​រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​នាំមក​នូវ​ផល ប្រយោជន៍​ដែលជា​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​ជាច្រើន​មកកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​ប្រទេស​មេគង្គ​ក្រោម​នោះ​។​

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក  Fumio Kishida បាន​វិល​ត្រលប់​ទៅកាន់​ជប៉ុន​វិញ​ហើយ​បន្ទាប់ពី​លោក បាន​បិទ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ចិន និង​ប្រទេស​អាស៊ីអាគ្នេយ៍​រួមមាន​ថៃ មី​យ៉ាន់​ម៉ា ឡាវ និង វៀតណាម​។ ដំណើរ​ទស្សនកិច្ច​មុនពេល​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម G7 ក្នុង​ក្រុង​តូ​ក្យូ​នេះ បានធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​ដែល​ស្ថិតនៅ​តំបន់​មេគង្គ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ថៃ​ដែលជា​ទិសដៅ​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃទី​០២ ខែឧសភា​លោក​រដ្ឋមន្ត្រី Fumio Kishida បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​
យុទ្ធ ច័ន្ទ​អូ​ចា​ដើម្បី ជជែក​ពី​បញ្ហានយោបាយ និង​សេដ្ឋកិច្ច​។ ប្រមុខ​ការ​ការទូត​រូបនោះ បាន​អះអាង​នៅក្នុង​ក្រុង​បាងកក​ថា​ជប៉ុន នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ ហើយ លោក​ក៏បាន​ប្រកាស​ដំណើរការ​គំនិត​ផ្តួច​ផ្តួច​ដែលជា​ជំនួយ​របស់​ជប៉ុន​ក្នុង​ទំហំ​៧​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផងដែរ​។

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​បាងកក នៅ​ថ្ងៃទី​០៣ ខែឧសភា លោក​រដ្ឋមន្ត្រី Fumio Kishida  បាន​បន្ត​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា និង​ចូលជួប​ពិភាក្សា​ជាមួយនឹង​សម​ភាគី​រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ នា​ជំនួប​នោះ លោក​រដ្ឋមន្ត្រី Kishida ក៏បាន​អះអាង​ដែរ​ថា ជប៉ុន ក៏មាន​គម្រោង​ក្នុងការ​គាំទ្រ​មី​យ៉ាន់​ម៉ា​លើ​វិស័យ​ការងារ ការអប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ ជាពិសេស​នោះ ជប៉ុន ក៏​គ្រោង​នឹង​បង្កើត​សាលា​វេជ្ជសាស្ត្រ​នៅ​មី​យ៉ាន់​ម៉ា​នៅ​ពាក់កណ្តាល​ខែឧសភា​នេះ ដើម្បី​បង្ហាត់បង្រៀន​ប្រជាជន​ឲ្យ​ចេះ​ប្រើប្រាស់​សម្ភារ​វេជ្ជសាស្ត្រ​ទំនើបៗ​ផងដែរ​។ លោក​រដ្ឋមន្ត្រី Kishida ក៏បាន​សង្កត់ធ្ងន់ថា ជប៉ុន នឹង​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ដំណើរការ​ផ្សះផ្សារ​ជាតិ​ឲ្យ​អស់ពី​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

ចាកចេញ​ពី​មី​យ៉ាន់​ម៉ា ប្រមុខ​ការទូត​ជប៉ុន បាន​បន្តដំណើរ​ទៅកាន់​ឡាវ​។ ក្នុងជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith លោក​រដ្ឋមន្ត្រី Fumio Kishida មិនបាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ច្រើន​នោះទេ តែ​លោក គ្រាន់តែ​បញ្ជាក់​ពី​ចេតនា​របស់​ជប៉ុន​ក្នុងការ​ធ្វើការ​ជិតស្និទ​ជាមួយ ឡាវ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

បន្ថែម​ពីនេះ នៅក្នុង​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់ លោក​រដ្ឋមន្ត្រី Fumio Kishida បាន​ចូលជួប​ពិភាក្សា​ជាមួយនិង​សម​ភាគី​វៀតណាម​លោក Pham Binh Minh​។ ខណៈពេល​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​តានតឹង លោក Fumio Kishida បាន​សន្យា​ពង្រឹង​កិច្ចប្រតិបត្តិការ​ជាមួយនឹង​វៀតណាម​ដែលជា​ភាគី​នៃ​ជម្លោះ​ផងដែរ​នោះ​ដើម្បី​ធានា​ពី​សន្តិសុខ​ដែនសមុទ្រ​។ ជាពិសេស​នោះ លោក​ក៏បាន​បញ្ជាក់ថា ជប៉ុន នឹង​ផ្តល់​នាវា​ល្បាត​ដែល​ប្រើប្រាស់​ហើយ​បន្ថែម​លើ​នាវា​ល្បាត​ដែល​ផ្តល់​កាលពីមុន​៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម​ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ​រប​ស់​វៀតណាម​៕