PSG ត្រៀម​ឆក់​យក​លោក​ Jose Mourinho ខណៈ​ Man Utd …

ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះមានព័ត៌មានជាច្រើនទាក់ទងលោក Jose Mourinho ថានឹងអាចក្លាយជាគ្រូបង្វឹករបស់ក្លឹប Man Utd នៅរដូវកាលក្រោយ ។ តែយ៉ាងណាគិតមកដល់ពេលនេះក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ។

ដោយឡែកសម្រាប់ក្លឹប PSG ដែលទើបតែជ្រុះពីការប្រជែងពានរង្វាន់ UEFA Champion League ក្រោយបរាជ័យក្រោមដៃ Man City កាលសប្ដាហ៍មុនហាក់បង្ហាញថាពួកគេអស់ជំនឿចិត្តលើគ្រូបង្វឹកបច្ចុប្បន្នគឺលោក Laurent Balnc ក្នុងនាំពួកគេឈ្នះពានរង្វាន់ដ៏ធំក្នុងតំបន់អឺរ៉ុបទៅហើយ ដូចនេះពួកគេកំពុងស្វែងរកគ្រូបង្វឹកថ្មីមកជំនួស ។

ខណៈយោងតាមប្រភពពី Sky Sport បានបញ្ជាក់ឲ្យដឹងថាប្រធានក្លឹប PSG គឺលោក Nasser Al-Khelaifi បានបង្ហើបថាខ្លួនត្រៀមខ្លួនពិភាក្សាជាមួយលោក Jose Mourinho ដើម្បីឲ្យមកដឹកនាំក្លឹបនារដូវកាលក្រោយនេះ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៩ខែមេសាកន្លងទៅនេះលោក Jose Mourinho ធ្លាប់បានបដិសេធថាលោកពុំទាន់បានចុះកិច្ចព្រមព្រៀងណាមួយជាមួយក្លឹប Man Utd នៅឡើយទេ ប៉ុន្តែលោកគ្រាន់តែនិយាយថានៅរដូវកាលក្រោយលោកនឹងចូលដឹកនាំក្លឹបសារជាថ្មីក្រោយសម្រាកអស់ពេលយ៉ាងយូរ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ