រថយន្ត​តួ​រី​ស​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​

6 Videos


មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីថ្ងៃទី៦ ខែឧសភា នេះនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៩_៤០.ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបង្កឡើងដោយម៉ូតូនិងរថយន្តតួរីសបណ្ដាលឲ្យស្លាប់អ្នកបើកបរភាគីខាងម៉ូតូនៅនិងកន្លែងកើតហេតុ ។

ប៉ូលិសស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា : បុរសដែលបានស្លាប់ក្នុងហេតុការណ៍នោះមានឈ្មោះ សយ.សុខា.អាយុ ៥៤ ឆ្នាំរស់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកវីវ៉ា(VIVA)ពណ៍ខ្មៅគ្មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុមានបំណងបត់ទៅកើតក៏ត្រូវរថយន្តបុកតែម្តង ។ រីឯរថយន្តម៉ាកសាំយ៉ុងប្រភេទទេសចរណ៍ពណ៌សម្បកឪឡឹកពាក់ស្លាកលេខភ្នំពេញ.2AC.85.48.បើកបរពីកើតទៅលិចអ្នកបើកបរឬម្ចាស់រថយន្តឈ្មោះ អឿ ពិសី ភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង ត្រូវបានសមត្តកិច្ចឃាត់ខ្លួន ។

សាក្សីឃើញហេតុការណ៍បានរៀបរាប់ថា : នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងជិះតែម្នាក់ឯងបោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុបែបមានបំណងបត់ទៅកើតក៍ស្រាប់តែរថយន្តបុកយ៉ាងពេញទំហឹងតែម្តង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ប៉ូលិសបានបញ្ជាក់ថា : ករណីនេះបង្ករឡើងដោយភាគីខាងម៉ូតូបើកបរគ្មានសិទ្ធិអាទិភាពខ្វះការប្រុងប្រយ័ត្ន។បន្ទាប់ពីធ្វើការវាស់វែងបាញ់សញ្ញាសម្គាល់រួចនោះសពត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯលំនៅដ្ឋានចំណែកឯរថយន្តនិងម៉ូតូត្រូវយកមករក្សាទុកនៅអធិការដ្ផាននគបាលស្រុកខ្សាច់កណ្ដាលរង់ចាំការដោះស្រាយជាក្រោយហើយអ្នកបើកបររថយន្តត្រូវធ្វើការឃាត់ដើម្បីសួរនាំ ៕ សុថាត់