ក្មេងឃ្វាលគោ​លេង​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​ស្លាប់ ២ នាក់

សង្គ្រាមក្នុងស្រុកជាច្រើនទសវត្សរ៍បានបន្សល់ទុកនូវគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់មិនអស់ស្ទើរតែពាសពេញប្រទេស ទោះបីជាមានការដោះមីនយ៉ាងណាក្តី ក៏គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះនៅតែសម្លាប់ប្រជាជនខ្មែរយ៉ាងច្រើនជារៀងរាល់ឆ្នាំ ។

ក្មេងឃ្វាលគោ​លេង​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​ស្លាប់ ២ នាក់

ជាក់ស្តែងនៅថ្ងៃត្រង់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះ មានក្រុមក្មេងឃ្វាលគោមួយក្រុមមានគ្នាចំនួន ៣ នាក់ដើរឃ្វាលគោនៅចំណុចវាលស្រែខាងកើតភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រទះឃើញគ្រាប់សល់ពីសម័យសង្គ្រាម យកមកបោកលេងបណ្តាលឱ្យផ្ទុះស្លាប់មនុស្ស ២ នាក់ និង របួសធ្ងន់ម្នាក់ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តឧត្តរមានជ័យបានប្រាប់ថាក្មេង ឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ ១២ ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់ ក្រុងសំរោង បានស្លាប់នៅកន្លែងកើតហេតុ ។ ទី២- ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោងក៏ស្លាប់នៅកន្លែងកើតហេតុដែរនិង ម្នាក់ទៀតឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងនិងយកក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យរីឯក្មេងស្លាប់បាត់បងជីវិតត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីជាតិ ៕ សុថាត់