រថយន្ត​ដឹក​ខ្សាច់​ឡើង​ច្រាំង រអិល​ថយក្រោយ​ក្រឡាប់​កិន​អ្នកបើកបរ​ស្លាប់​

6 Videos


បុរសម្នាក់បានបើករថយន្តកែច្នៃដឹកខ្សាច់ឡើងច្រាំងទន្លេតែឡើងមិនរូចក៍បានរអិលថយក្រោយវិញក្រឡាប់កិនចំពីលើខ្លួនឯងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦ នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល ។

លោកវរសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកល្វាឯម បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ថុល ភេទប្រុសអាយុ ៣៧ ឆ្នាំ មុខរបររកស៊ីបើករថយន្តដឹកដី ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅ ភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ នៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ យកទៅលក់ឲ្យអ្នកស្រុកនៅតាមផ្ទះ ។ លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ តែឡើងមិនរួចក៍បានរអិលថយក្រោយវិញស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែមធ្វើឲ្យរថយន្តក្រឡាប់បោកជនរងគ្រោះទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើបណ្តាលស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសពហើយក៍បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុថាត់