រមាំង​មួយ​ក្បាល ភ័យខ្លាច​ព្រានព្រៃ​សម្លាប់ រត់​ឲ្យ​អ្នកភូមិ​ជួយ​

មានសត្វរមាំងឈ្មោលមួយក្បាលភ័យខ្លាចព្រានព្រៃសម្លាប់ប្រឹងរត់គេចចេញពីព្រៃសម្បទានសេដ្ឋកិច្ចដាំអំពៅរបស់ក្រុមហ៊ុនចិនដើម្បីឲ្យអ្នកភូមិជួយការពារជីវិត ។ ហេតុការណ៍នេះស្ថិតនៅភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៦ ។

រមាំង​មួយ​ក្បាល ភ័យខ្លាច​ព្រានព្រៃ​សម្លាប់ រត់​ឲ្យ​អ្នកភូមិ​ជួយ​

ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ប្រមាណជា ១០០ នាក់ រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើឆែប និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ ប្រឹងព័ទ្ធចាប់វាបាននៅក្រោយសាលាស្រុកឆែប ចម្ងាយប្រមាណជា ៤០០ ម៉ែត្រប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីនៅសម្បូរព្រៃឈើគ្មានសត្វព្រៃណាមួយរត់គេចចេញពីព្រៃមកឲ្យមនុស្សជួយនោះទេ ។ ប៉ុន្តែមកដល់សម័យនេះព្រៃឈើដែលជាជម្រកដ៏សុខសាន្តរបស់វាត្រូវបានមនុស្សឈូសឆាយសម្អាតអស់ព្រៃ ឈើដើម្បីយកផ្ទៃដីវិនិយោគដាំអំពៅអស់រាប់ម៉ឺនហិកតារ ធ្វើឲ្យសត្វព្រៃទាំងអស់កំពុងខ្វះទីជម្រកជ្រកកោននិងឈានទៅផុតពូជអស់ថែមទៀត ។

លោក វង្ស វិសិដ្ឋ នាយរងផ្នែករដ្ឋបាលព្រៃឈើឆែបបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ថា សត្វរមាំងឈ្មោលមួយក្បាលនេះ ទម្ងន់ ប្រមាណ ៤០ គីទ្បូក្រាមវារត់ចេញពីដីព្រៃដាំអំពៅស្ថិតនៅភូមិឆែបចូលក្នុងភូមិឲ្យមនុស្ស ជួយ ។ ពេលអ្នកភូមិចាប់វាទុកហើយដោះលែងវាទៅវិញគឺវាមិនព្រមរត់ចូលព្រៃវិញទេសង្ស័យវាភ័យខ្លាចហើយប្រឹងរត់គេចពីមនុស្សដែលចង់សម្លាប់វា ហើយលោកថាសត្វរមាំងដើរទៅណាតែងតែមានញីឈ្មោលហើយរមាំងញីសង្ស័យមនុស្សសម្លាប់វាបាត់ទៅហើយទើបអាឈ្មោលវារត់គេចចូលភូមិឲ្យមនុស្សជួយវា ។ រមាំងឈ្មោលខាងលើនេះត្រូវរបួសគ្រាំខ្លួនងើបដើរមិនរួចទេនៅរសៀលថ្ងៃទី០៥ ខែឧសភា នេះ ។

មន្ត្រីរដ្ឋបាលព្រៃឈើឆែប និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឯកភាពគ្នាសម្រេចប្រគល់រមាំងមួយក្បាលនេះទៅឲ្យម្ចាស់សួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ៕ សុថាត់