បួន​ថ្ងៃ​ទៀត​ចូល​រោងការ​ត្រូវ​ខ្យល់​កន្ត្រាក់​ប្រហារ​ខាង​ស្រី​

គួរឲ្យអាណិតខ្លាំងណាស់គូដណ្ដឹងមួយគូត្រូវបានយមរាជខ្យល់កន្ត្រាក់មកបំបែកឲ្យទាល់តែបាននៅពេលដែលសល់ ៤ ថ្ងៃទៀតប៉ុណ្ណោះនឹងចូលរោងការ ។ ខ្យល់កន្ត្រាក់បានឆក់យកជីវិតខាងស្រីទៅបាត់ឯខាងប្រុសរងរបួសធ្ងន់នៅក្នុងហេតុការណ៍នេះបណ្តាលមកពីរលំផ្ទះបាក់សង្កត់លើពួកគេកំពុងដេកក្រោមផ្ទះនាព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បួន​ថ្ងៃ​ទៀត​ចូល​រោងការ​ត្រូវ​ខ្យល់​កន្ត្រាក់​ប្រហារ​ខាង​ស្រី​

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅឃុំឈើតុំ ស្រុកក្រគរ មានភ្លៀងធ្លាក់មួយមេលាយឡំដោយផ្លេកបន្ទោរនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងនោះបណ្ដាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងរលំរាបដល់ដី ។ ជាក់ស្ដែងផ្ទះមួយខ្នងនៅភូមិឃុំកើតហេតុខាងលើដែលជន រងគ្រោះជាគូដណ្តឹងនិងគ្នាបានសម្រាកនោះគឺបានរលំធ្លាក់សង្កត់បណ្តាលឲ្យខាងនារីស្លាប់ភ្លាមៗ តែម្តងចំណែកខាងបុរសបានរងរបួសធ្ងន់ ។ នារីរងគ្រោះដែលស្លាប់មានឈ្មោះ ក្រិច ចាន់ដែត អាយុ ១៩ ឆ្នាំ និងបុរសជាគូដណ្តឹង ឈ្មោះ សែន អៃ អាយុ ២៥ ឆ្នាំ របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

លោកអធិការបានបន្ថែមទៀតថាអ្នកទាំងពីរជាគូដណ្ដឹងនឹងគ្នានៅសល់តែ ៤ ថ្ងៃទៀតរៀបការហើយផ្ទះនោះទើបនឹងធ្វើថ្មីសម្រាប់ត្រៀមរៀបចំពិធីមង្គលការ។ នៅល្ងាចថ្ងៃកើតហេតុនោះពេលមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ ហើយជនរងគ្រោះទាំងពីរនាក់កំពុងនៅក្រោមផ្ទះស្រាប់តែផ្ទះរលំមកសង្កត់លើបណ្ដាលឲ្យស្លាប់និងរបួសតែម្ដង ៕ សុថាត់