សិស្ស​វិទ្យាល័យ កញ្ញា ហ៊ីម ឡា​វី បង្កើត Robot ធ្វើ​ឲ្យ​អំពូល​ភ្លឺ​ពេលយប់​ស្វ័យប្រវត្តិ

រូបខាងស្តាំ ឡាវី ខាងឆ្វេងមិត្តភក្តិឡាវីភ្នំពេញ​៖ អ្នកវិទ្យាសាស្ត្រ​វ័យក្មេង កញ្ញា ហ៊ីម ឡា​វី បាន​បង្កើត Sleepy Robot ដែលជា​ឧបករណ៍ ផ្តល់​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ម៉ូតូ រថយន្ត និង កាមេរ៉ា​សុវត្ថិភាព ដែល​ស្ថិតនៅ​កន្លែង​ទី​ងងឹត​។ Sleepy Robot ត្រូវបាន​កញ្ញា ហ៊ីម ឡា​វី យកមក​បង្ហាញ​ក្នុង​ពិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា លើក​ទី​១២ នៅ​សាល​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​។

Sleepy Robot គឺជា​ឧបករណ៍ ដែល កញ្ញា ឡា​វី និង​មិត្តភក្តិ​ម្នាក់ទៀត រួមគ្នា​បង្កើត ដើម្បី​បង្ក​ការងាយស្រួល​ដល់​អ្នកប្រើប្រាស់​អំពូល​ភ្លើងអគ្គិសនី កុំ​ឲ្យ​ពិបាក​បិទ​បើក​អំពូល​ភ្លើង​។ កញ្ញា ហ៊ីម ឡា​វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​ពិធី​តាំងពិព័រណ៍ STEM ថា Sleepy Robot នេះ មាន​សមត្ថភាព ធ្វើ​ឲ្យ​រថយន្ត ម៉ូតូ និង​កាមេរ៉ា​សុវត្ថិភាព ដែល​កំពុង​នៅ​ទី​ងងឹត ភ្លឺ​ដោយ​ស្វ័យប្រវត្តិ​។ មាន​អាយុ​១៧​ឆ្នាំ យុវតី​សម្បុរ​សរូប​នេះ បាន​ពន្យល់ថា​៖«Sleepy Robot ជា​ឧបករណ៍​ខ្លាច​ពន្លឺ មានន័យថា បើ​គេ​ប្រើប្រាស់​វា​ជាមួយ​ឡាន ម៉ូតូ គឺ​វា​បិទ​ភ្លើង​អំពូល​ឡាន​ម៉ូតូ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ថ្ងៃ ដោយ​មិនចាំបាច់​ចុច​កុងតាក់​នោះទេ​។ តែ​នៅ​ពេលយប់ អំពូល​ភ្លើង​ឡាន​ម៉ូតូ នឹង​ភ្លឺ​ដោយ​ស្វ័យប្រវត្តិ​»​។

ជា​សិស្ស​ថា្នក់​ទី​១១ នៅ​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ កញ្ញា ហ៊ីម ឡា​វី បាន​បន្តថា ក្រៅពី​ប្រើប្រាស់​បានជា​មួយ​ឡាន​ម៉ូតូ Sleepy Robot ក៏​អាច​ប្រើប្រាស់​បានជា​មួយ​កាមេរ៉ា​សុវត្ថិភាព ពីព្រោះ វា​មាន​សមត្ថភាព​ធ្វើ​ឲ្យ​កាមេរ៉ា មាន​ពន្លឺ​ច្បាស់​នៅពេល​យប់​។ លើសពីនេះ អំពូល​ភ្លើង​នៅតាម​ផ្លូវ ឬ​ក្នុងផ្ទះ ឧបករណ៍​នេះ នឹងធ្វើ​ឲ្យ​អំពូល​ភ្លើង​ទាំងនោះ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ពោល គឺ​ពេល​ព្រះអាទិត្យ​រះ អំពូល​ភ្លើង​នឹង​បិទ​ដោយ​ខ្លួនឯង តែ​នៅពេល​ព្រះអាទិត្យ​លិចទៅ​វិញ អំពូល​ភ្លើង​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​៕
   
​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​បន្ថែម​របស់ កញ្ញា ហ៊ីម ឡា​វី ដូចតទៅ​៖