ស្ដាប់​ពូ​ចប និង​ពូជីក​និយាយ​រឿង​ច្បាប់​ចរាចរណ៍​ថ្មី

ងឺត ង៉ត ងឺត ង៉ត !

សម្លេង​ស្រែក​ចេញ​ពី​ក្នុង​ហាង​​កាហ្វេ​មួយ​​បាន​​បន្លឺ​ឡើង !

“លោក​ប្អូន​ចប​អើយ​ ថ្ងៃ​នេះ​មិច​បាន​ជិះ​កង់​​មក​ហាង​កាហ្វេ​ចឹង ឯណា​ម៉ូតូ​ ? មើល​ទៅ​កង់​ដូចជា​ខាន​ជិះ​យូរ​ហើយ​មើល​ទៅ ​បាន​ជា​លាន់​សូ​បែប​នេះ​? ​វាយ​ជន្ទុល​កង់​​ហើយ​អង្គុយ​ពិសា​គុយទាវ​ កាហ្វេ ជាមួយ​គ្នា” ពូជីក​ពោល​ឡើង។

ពូចប​ក៏​បាន​វាយ​ជន្ទុល​កង់​របស់​ខ្លួន​ហើយ​​ទៅ​​អង្គុយ​រួម​តុ​ជាមួយ​ពូ​ជីក​​​ជា​អ្នក​ស្គាល់​គ្នា​​​ ដែល​កំពុង​តែ​អង្គុយ​ម្នាក់​ឯង​ រូច​ក៏​ឆ្លើយ​នូវ​សំនួរ​ដែល​​បាន​សួរ ។

ពូចប ៖ លោក​បង​អើយ​ម៉ូតូ​វា​គ្មាន​ទៅ​ណា​ទេ ក្រៅ​ពី​នៅ​ផ្ទះ

ពូជីក ៖ ហើយ​វា​ខូច​អី​មែន​ទេ​លោក​ប្អូន?

ពូចប ៖ អត់ទេ លោក​បង តែ​មក​ពី​អា​ច្បាប់​ចរាចរណ៍​ថ្មី​នឹង​ណា ខ្ញុំ​វា​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ​ ហើយ​ម្យ៉ាង​ពេល​ជិះ​ត្រូវ​យក​ឯកសារ​ដើម​ដាក់​តាម​ខ្លួន​ទៀត​ ខ្លាច​បាត់​ទើប​ល្មម​ៗ​ ជិះ​កង់​ខ្លះ​ទៅ

ពូជីក ៖ ហាក លោក​ប្អូន​អត់​ទាន់​មាន​ប័ណ្ណ​បើក​បរ​ទេ ?

ពូចប ៖ មែន​ហើយ​លោក​បង​ ប្រកាស​ភ្លាម​ ចាប់​ភ្លាម​ នរណា​ទៅ​ធ្វើ​ទាន់​លោក​បង ? ​អា​ច្បាប់​ចរាចរណ៍​ថ្មី​ស្អី​គេ​ណឹង​បង្កើត​មក​ខុស​គេ

ពូជីក ៖ មិច​និយាយ​ចឹង​ប្អូន អា​រឿង​ប័ណ្ណ​បើក​បរ​ណឹង ច្បាប់​​គេ​មាន​យូរ​ហើយ​ណាស់​តែ​ពី​មុន​គេ​មិន​ទាន់​​ផាក​ពិន័យ​​តឹង​រឹង​ ហើយ​ប្រជា​ពលរដ្ឋ​ខ្លួន​យើង​ទេ​ដែល​ជា​អ្នក​មិន​បាន​ខ្វាយ​ខ្វល់​ក្នុង​ការ​ រៀន និង​ប្រលង​​យក​ប័ណ្ណ​បើក​បរ ដឹង​អត់​លោក​ប្អូន អ្នក​ដែល​បើកបរ​អត់​មាន​ប័ណ្ណ​គឺ​វា​មាន​ទោស​ហើយ។

ពូចប ៖ ខ្ញុំ​អត់​ដឹង​សោះ​ ស្មាន​តែ​គេ​ទើប​តែ​បង្កើត​ក្នុង​​ច្បាប់​ថ្មី​នេះ

ពូជីក​ ៖ លោក​ប្អូន​ដឹង​ទេ បើ​ម្នាក់​ៗ បាន​ឆ្លង​កាត់​នូវ​ការ​សិក្សា​ពី​ច្បាប់​ចរាចរណ៍ ប្រលង​យក​ប័ណ្ណ​បើក​បរ ហើយ​នាំ​គ្នា​គោរព​នូវ​ច្បាប់​ទាំង​នោះ​ប្រហែល​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​យើង​សព្វ​ថ្ងៃ​ក៏​មិន​សូវ​រញេ​រញៃ​បែប​នេះ​ទេ។ ដោយ​សារ​ម្នាក់ៗ​មិន​ចេះ​ច្បាប់ ហើយ​អ្នក​ខ្លះ​ចេះ​ហើយ​មិន​គោរព​ទើប​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នៅ​លើ​ដង​ផ្លូវ​ និង​សម្បូរ​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​បែប​នេះ មាន​ទាំង​ជិះ​បញ្ច្រាស​ បើកបរ​ហួស​ល្បឿន​កំណត់ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ និង​គំនូស​ចរាចរណ៍​ជា​ដើម​។

ពូចប​ ៖ បើ​អញ្ចឹង​ខ្ញុំ​នឹង​ទៅ​រៀន​ និង​ប្រលង​យក​ប័ណ្ណ​បើក​បរ​ហើយ ប៉ុន្តែ​លោក​បង ចុះ​អារឿង​ដាក់​ឯកសារ​ដើម​ តាម​ខ្លួន​ណឹង​យ៉ាង​ម៉េច​វិញ ចុះ​បើ​ដាក់​តាម​ខ្លួន​ហើយ​ម៉ូតូ​ត្រូវ​គេ​លួច​បាត់ ឬ​ក៏​ចោរ​ប្លន់​ វា​មិន​ងាយ​ស្រួល​លក់​ទៅ​ហើយ​មែន​ទេ​លោក​បង មាន​ទាំង​កាតគ្រី​ស្រាប់​បែប​ណឹង ។

ពូជីក ៖ អា​ត្រង់​ណឹង​ហើយ​ដែល​មាន​មនុស្ស​ច្រើន​ណាស់​មិន​ទាន់​យល់​ច្បាស់ បើ​យើង​បាន​ដាក់​ឯក​សារ​ដើម​តាម​ខ្លួន​ តែ​ត្រូវ​ចោរ​លួច​ ឬ ប្លន់​​ម៉ូតូ​បាត់​ ហេតុ​អី​យើង​មិន​ដាក់​ពាក្យ​បណ្ដឹង​ ? បើ​ដាក់​ពាក្យ​បណ្ដឹង​ហើយ​បើ​ចោរ​ណឹង​យក​​ឯកសារ​ដើម​ទៅ​​ប្រើប្រាស់​វា​ដូចជា​ល្ងង់​ពេក​ហើយ ប៉ូលិស​ក៏​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ដែរ។ បើ​សិនជា​ចោរ​វា​យក​ទៅ​លក់​ តើ​វា​លក់​បាន​ដោយ​របៀប​ម៉េច​បើ​គេ​តម្រូវ​ឲ្យ​កាត់​ឈ្មោះ​ អញ្ចឹង​អ្នក​ទិញ​ណឹង​ហ៊ាន​ទិញ​ដែរ​បើ​កាត់​ឈ្មោះ​មិន​កើត​ផង​ ព្រោះ​លោក​បង​ចោរ​មិន​មែន​ជា​ម្ចាស់​កាតគ្រី​ឯណា។ ប៉ុន្តែ​ក្នុង​ករណី​លោក​ប្អូន​ចង់​កូ​ពី​ប្រើ​នូវ​ប័ណ្ណ​បើក​បរ កាត​គ្រី ឬ​អត្តសញ្ញាណ​ប័ណ្ណ គឺ​ទៅ​សុំ​សាលា​ក្រុង​ឬ​ខេត្ត​ឬ​ការិយាល័យ​ចំហ​ស្រុក​ទាំង​៤ ដែល​ឲ្យ​បិទ​តែម​បញ្ជាក់​ថា​ពិត​ជា​បាន​កូពី​ប្រើ​ប្រាស់​មែន និង​មាន​ត្រា​ក្រហម​បញ្ជាក់​ដើម្បី​​ឲ្យ​គេ​ទទួល​ស្គាល់។​

ពូចប ៖ អរគុណ​លោក​បង​ហើយ​ដែល​ជួយ​ពន្យល់​ណែនាំ​ខ្ញុំ​អំពី​បញ្ហា​ទាំង​អស់​នេះ

ពូជីក ៖ មិន​អី​ទេ​លោក​ប្អូន បើ​សិន​ជា​យើង​ទាំង​អស់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​វា​ជា​រឿង​ដ៏​ល្អ​ ហើយ​ក៏​មិន​បាច់​ខ្លាច​ពី​ការ​ផាក​ពិន័យ​របស់​ប៉ូលិស​ផង​ដែរ ប៉ុន្តែ​ប៉ូលិស​ក៏​ដូចជា​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ក៏​ដូចជា​ណែនាំ​ពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ជាង​នេះ មុន​ពេល​ធ្វើ​ការ​ផាក​ពិន័យ​តឹង​រឹង។

ខ្ញុំ​ដូចជា​ដល់​ម៉ោង​ទៅ​ផ្ទះ​ហើយ​លោក​ប្អូន ខ្ញុំ​គិត​ថា​លា​លោក​ប្អូន​ទៅ​មុន​ហើយ ។ ពូ​ប៉ែល គិត​លុយ​មួយ !

ពូចប​ ៖ មិន​អី​ទេ​លោក​បង​ចាំ​ខ្ញុំ​ជា​អ្នក​ចេញ​ឲ្យ​ ទុក​ជា​ការ​អរគុណ​លោក​បង​ទៅ​ចុះ !

ពូជីក ៖ អញ្ចឹង​អរគុណ​ហើយ​ ព្រោះ​ខ្ញុំ​ក៏​ដូចជា​ភ្លេច​យក​កាបូប​លុយ​មក​ដែរ ចាំ​ជួប​គ្នា​ថ្ងៃ​ក្រោយ ចាំ​ខ្ញុំ​​ប៉ាវ​លោក​ប្អូន​វិញ​ម្ដង


​​

 

ដោយ ៖ ជលស័យ
រក្សាសិទ្ធិដោយ CAMBOMAG


  • ស្ដាប់​ពូ​ចប និង​ពូជីក​និយាយ​រឿង​ច្បាប់​ចរាចរណ៍​ថ្មី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: