ផ្សារ​ភាគ​ហ៊ុន​ជា​អ្វី​​ ? ស្វែង​យល់​ពី​ផ្សារ​ភាគ​ហ៊ុន​ និង​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​កម្ពុជា​

តើ​ទីផ្សារ​ភាគហ៊ុន​ជា​អ្វី ?

បើ​និយាយ​ឲ្យ​ងាយ​យល់​ ពាក្យ​ផ្សារ​ភាគ​ហ៊ុន​ មាន​ន័យ​ថា​ ជា​កន្លែង​ដែល​ភាគ​ហ៊ុន​ត្រូវ​បាន​ទិញ​​និង​លក់​ ដោះ​ដូរ​ទៅ​វិញ​ទៅ​មក​​ ហើយ​ពាក្យ​ថា ​”ភាគ​ហ៊ុន”​ ​ទៀតសោត​​ សំដៅ​លើ​ចំណែក​ដើម​ទុន​ របស់​ក្រុមហ៊ុន​ណា​មួយ​ ។ ឧទាហរណ៍​ថា​ ​អ្នក​ទិញ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន XYZ ​​ នោះ​មាន​ន័យ​ថា​ អ្នក​ក៏​​ជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុនXYZ ​នោះ​ផង​ដែរ​ កាល​ណា​ដែល​ក្រុមហ៊ុន​នោះ​ចំណេញ​អ្នក​ក៏​ចំណេញ​ តែ​បើ​កាល​ណា​ក្រុមហ៊ុន​នោះ​ខាត​អ្នក​ក៏​ខាត​តាម​ហ្នឹង​ដូច​គ្នា​ ។

បើ​យើង​ងាក​ទៅ​មើល​បណ្ដា​ប្រទេស​រីក​ចំរើន​ក្នុង​សកល​លោក​ ពួក​គេ​បាន​កំពុង​ប្រើប្រាស់​វិស័យ ​ទីផ្សារ​ភាគហ៊ុន​​មួយ​នេះ ដែល​មាន​ហេតុផល​ចំនួន​ដែល​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​ទាំង​នោះ​ ត្រូវការ​ទីផ្សារ​ភាគហ៊ុន ដើម្បី​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​រឹងមាំ​។
ទោះ​បី​ជា​ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សេដ្ឋកិច្ច​ប្រទេស​នីមួយ​ៗ​ក៏​ពិត​មែន​​ ប៉ុន្តែ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ការ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ទីផ្សារ​ភាគហ៊ុន​ក៏​មិនទាន់​បាន​ចូល​រួម​ជា​ចំណែក​សំខាន់​នៅ​ឡើយ​ទេ ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ២០១១ ​ ​ប្រទេស​កម្ពុជា​យើង​ ​បាន​សម្ពោធ​នូវ​​ទីផ្សារ​មូលបត្រ​ជា​លើក​ដំបូង​របស់​ខ្លួន​ ក្រោម​ឈ្មោះ ទីផ្សារ​មូលបត្រ​កម្ពុជា Cambodia Security Exchange—CSX

បើ​គិត​​ដល់​ថ្ងៃ​នេះ​CSX បាន​​ដំណើរ​​ការ​រយៈ​ពេល​ប្រហែល​៥​ឆ្នាំ​មក​ហើយ​​ បើ​ទោះ​បី​សព្វ​ថ្ងៃ​ CSX មាន​ក្រុមហ៊ុន​បោះ​ផ្សាយ​លក់​មូលប័ត្រ​ជា​សាធារណៈ​ចំនួន​៣​ក៏​ដោយ ក្នុង​នោះ​មាន​ #១.រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA ) #២.ក្រុម​ហ៊ុន​កាត់​ដេរ​ ហ្រ្គេន​ធ្វីន​ អាំង​ទែរ​ណា​ស្យូណាល់( Grand Twins International ) #៣.កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP) ​​ តែ​វា​ពិត​ជា​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ដើម្បី​អោយ​ប្រជាជន​កម្ពុជា​យើង​ស្គាល់​នូវ​ស្ថាប័ន​មួយ​នេះ​ច្បាស់​គ្រប់​គ្នា​នោះ​ ។

អាស្រ័យ​ហេតុ​​នេះ​ហើយ​ទើប​ ទីផ្សារ​មូលប័ត្រ​កម្ពុជា​ ឬ ហៅ​កាត់​ថា​ CSX ​បាន​បង្កើត​នូវ​ ​ពិព័រណ៍​ផ្សារ​ភាគហ៊ុន​កម្ពុជា​ – MY FIRST STOCK នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១​ ម្សិល​មិញ​នេះ ដើម្បី​អោយ​ប្រជាជន​យើង​ស្គាល់​និង​ចូលរួម​អភិវឌ្ឍន៍​ទីផ្សារ​មូលប័ត្រ​របស់​យើង​ទាំង​អស់​គ្នា​ ។ យោង​តាម​សៀវភៅ​អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូលប័ត្រ​ របស់​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​ មាន​លើក​ឡើង​នូវ​អត្ថប្រយោជន៍​របស់​​ផ្សារភាគហ៊ុន​សំខាន់​ជា​ច្រើន​​ ក្នុង​នោះ​មួយ​ចំនួន​មាន​​ដូច​ជា​ ៖

១.ចូល​រួម​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ​​
២.ជំរុញ​ការ​វិនិយោគ​ និង​ បង្កើត​ការងារ​​
៣.ធានា​ស្ថិរភាព​អាជីវកម្ម និង កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​
៤.ទទួល​បាន​ចំណូល​ពី​ការ​វិនិយោគ​ក្នុង​ទីផ្សារ​មូលប័ត្រ​
៥.ជួញ​ជំរុញ​ទម្លាប់​នៃ​ការ​​សន្សំ​ និង​ វិនិយោគ​

ដូចនេះ​តើ​ការ​វិនិយោគ​ក្នុង​ផ្សារ​ភាគហ៊ុន​មាន​ហានិភ័យ​ដែរ​ឬទេ ?

ក្នុង​ទីផ្សារ​ហ៊ុន​ រមែង​តែង​មាន​អ្នក​វិនិយោគ​២​ប្រភេទ​ ៖​

១.​ឈ្មួញ​ចាំ​ទិញ​និង​លក់​ទៅ​វិញ​ ​( Trader ) ៖ ពួក​គេ​តែង​តែ​វិភាគ​ និង រក​ផល​ចំណេញ​ក្នុង​ពេល​១​រំពេច​​ភែ្នក ដោយ​ទិញ​ហ៊ុន​ក្នុង​ពេល​មាន​តម្លៃ​ថោក​ និង​ លក់​ទៅ​វិញ​ក្នុង​តម្លៃ​ថ្លៃ​ តែ​បើ​វិភាគ​និង​ទិញ​ហ៊ុន​ខុស​វិញ​នោះ​ពួក​គេ​ក៏​ខាត​លុយ​វិញ​លឿន​ដូច​គ្នា​ផង​ដែរ​​ ។​

ឧទាហរណ៍​ ៖​ សព្វ​ថ្ងៃ​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ ZIKA មាន​ការ​ចម្លង​យ៉ាង​ខ្លាំង​ ដូច្នោះ​ក្រុមហ៊ុន​បរិក្ខារ​ពេទ្យ​ ឬ ក្រុមហ៊ុន​ផលិត​វាក់​សាំង​ប្រាកដ​ជា​លក់​ផលិត​ផល​របស់​ខ្លួន​បាន​ច្រើន​ ដែល​នាំ​អោយ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​នោះ​កើន​តម្លៃ​យ៉ាង​លឿន​ , ចំពោះ​ឈ្មួញ​ដែល​ចាំ​ទិញ​និង​លក់​​​​ប្រភេទ​នេះ​ គេ​នឹង​ព្យាយាម​​ទិញ​ភ្លាម​មុន​ក្នុង​ពេល​ហ៊ុន​មាន​តម្លៃ​ថោក​ និង​លក់​ពេល​កើន​ថ្លៃ​​យក​ផល​ចំណេញ​ក្នុង​ពេល​ដ៏​ខ្លី​ ។ ផ្ទុយ​ទៅ​វិញ​បើ​ការ​គិត​វិភាគ​បែប​នេះ​ខុស​ ស្ថានភាព​ពិភព​លោក​ជាក់​ស្ដែង​មិន​ដូច​អ្វី​ដែល​ពួក​គេ​មាន​គិត​ រួច​ហ៊ុន​មិន​ឡើង​ថ្លៃ​ បែរ​ជា​ចុះ​ថោក​​​ នោះ​ពួក​គេ​ក៏​នឹង​ខាត​បង់​លុយ​​ភ្លាម​ៗ​វិញ​ផង​ដែរ​ ។​

២.វិនិយោគិន​ចាំ​ទទួល​ភាគ​លាភ​ ៖ ពួក​គាត់​វិនិយោគ​លុយ​របស់​គាត់​ទៅ​ក្រុមហ៊ុន​ណា​មួយ​ រួច​ក្រោយ​មក​ពេល​ដែល​ក្រុមហ៊ុន​នោះ​មាន​ការ​ចំណេញ​ ក្រុមហ៊ុន​នោះ​នឹង​បែក​ចែក​ផល​ចំណេញ​មក​ដល់​ពួក​គេ​ ប្រចាំ​​ត្រី​មាស​ ឆមាស​ ឬ ប្រចាំ​ឆ្នាំ​ តាម​លក្ខខណ្ឌ​ក្រុមហ៊ុន​នីមួយ​ ។ តែ​បើ​ក្រុមហ៊ុន​នោះ​រកស៊ី​ទៅ​ខាត​ អ្នក​វិនិយោគ​ទាំង​នោះ​ ក៏​ខាត​ដូច​គ្នា​​ ។

ដូច្នោះ​ចម្លើយ​សម្រាប់​សំណួរ​ដែល​សួរ​ថា​តើ​ការ​វិនិយោគ​ក្នុង​ភាគ​ហ៊ុន​មាន​ហានិភ័យ​ខាត​បង់​ដែរ​ឬ​ទេ​ នោះ​គឺ​ថា​ វា​អាស្រ័យ​តាម​ស្ថាន​ភាព​ទាំង​២​ខាង​លើ​ បើ​អ្នក​វិភាគ​ត្រូវ​ស្រប​នឹង​កត្តា​ពាក់​ព័ន្ធ​ផ្សេង​ៗ​នោះ​​អ្នក​ប្រាកដ​ជា​ចំណេញ​ប្រាក់​ ហើយ​បើ​ការ​​វិភាគ​ឬ​វិនិយោគ​ខុស​អ្នក​ប្រាកដ​ជា​​​ខាត​ តែ​វា​នឹង​មិន​មាន​ស្ថានភាព​អាក្រក់​ពេក​នោះ​ដែរ​ បើ​សិន​ជា​អ្នក​ពិត​ជា​ចង់​វិនិយោគ​លុយ​របស់​អ្នក​ពិត​ ព្រោះ​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​មាន​អន្តរការី​ដែល​ក្នុង​នោះ​មាន​សេវា​ជួយ​ប្រឹក្សា​ដល់​អ្នក​ផង​ដែរ​ ។

​ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​នូវ​ផល​ប្រយោជន៍​របស់​ទីផ្សារ​ភាគ​ហ៊ុន​ ដូច​នេះ​បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​មាន​ចំណាប់​អារម្មណ៍​​ចង់​​បើក​គណនី​ជួញ​ដូរ​មូលប័ត្រ​​ អ្នក​អាច​ទៅ​បើក​ជាមួយ​ក្រុមហ៊ុន​អន្តរការី​នានា​ របស់​គណៈកម្មការ​មូល​ប័ត្រ​​កម្ពុជា​ ដែល​មាន​ដូច​ខាង​ក្រោម ៖

១.យាន់​តា​ ស៊ីឃ្ឃូរិធី (ខេមបូឌា) ភិអិលស៊ី​ –
២.អ អេច ប៊ី អូ អេស​ ខេ​ ឥណ្ឌូឆៃណា​ ស៊ីឃ្ឃូរិធី លីមិធីត​ –
៣.កាណា​ ស៊ីឃ្ឃូរិធី អិលធីឌី –
៤.កម្ពុ ស៊ីឃ្ឃូរិធី ភីអិលស៊ី​ –
៥.ខេមបូឌា-វៀតណាម ស៊ីឃ្ឃូរិធី ភីអិលស៊ី –
៦.អេសប៊ីអាយ រ៉ូយ៉ាល់​ ស៊ីឃ្ឃូរិធី –
៧.ភ្នំ​ពេញ​ ស៊ីឃ្ឃូរិធី​ ភីអិលស៊ី​ –
៨.ហ្គោលដេន ហ្វ័រឈួន (ខេមបូឌា) ស៊ីឃ្ឃូរិធី ភីអិលស៊ី​ –
៩.អេស៊ីលីដា ស៊ីឃ្ឃូរិធី ភីអិលស៊ី –
១០.ខេប ស៊ីឃ្ឃូរិធី លីមីធីត​ –

ក្រុមហ៊ុន​ខាង​លើ​សុទ្ធ​សឹង​ជា​ ក្រុមហ៊ុន​ឈ្មួញ​កណ្ដាល​ធានា​ក្នុង​ការ​ទិញ​ លក់​ភាគ​ហ៊ុន​ ដែល​មាន​ការ​កាត់​យក​នៅ​ថ្លៃ​កម្រៃ​ជើង​សារ​ ក្នុង​រង្វង់​ប្រហាក់​ប្រហែល​ ពី​ ០.៥% ទៅ​ ០.៧% ក្នុង​មួយ​ប្រតិបត្តិ​ការ​សម្រេច ដែល​អស់​លោក​អ្នក​អាច​ទំនាក់​ទំនង​ក្នុង​ការ​បើក​គណនី​បាន​ដោយ​ទៅ​កាន់​ការិយាល័យ​របស់​ពួក​គាត់​។ ​​​​គួរ​បញ្ជក់​ផង​ដែរ​ ​តម្លៃ​​ក្នុង​ការ​បង្កើត​គណនី​ជួញ​ដូរ​ មាន​តម្លៃ​ ២០០០០​រៀល​ ដោយ​អ្នក​ត្រូវ​​មាន​ភ្ជាប់​ជាមួយ​នូវ​ ៖

១.អត្តសញ្ញាណ​ប័ណ្ណ​ ឬ លិខិត​ឆ្លង​ដែន ​
២.រូប​ថត​ ៤x ៦ ២សន្លឹក​
៣.ព័ត៌មាន​គណនី​ធនាគារ​ (អាច​ជា​ ទំព័រ​ដំបូង​របស់​ PassBook )​​​
៤.ព័ត៌មាន​បន្ថែម​ ដូច​ជា​ ប័ណ្ណ​ធ្វើ​ការ​ ឬ ប្រវត្តិរូប​ការងារ&សិក្សា​ .ល. ។

រូបភាព ផ្សេងៗ ទៀត ក្នុង ពិព័រណ៍ ផ្សារ ភាគហ៊ុន កម្ពុជា - MY FIRST STOCK
1 of 13

រៀប​រៀង​​ និង​ថតរូបដោយ​ ៖ Limbique


  • ផ្សារ​ភាគ​ហ៊ុន​ជា​អ្វី​​ ? ស្វែង​យល់​ពី​ផ្សារ​ភាគ​ហ៊ុន​ និង​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​កម្ពុជា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: