ផ្សឹក​ព្រះសង្ឃ​ដើមបណ្តឹង , យល់ព្រម​ឈប់​មើលងាយ​ព្រះសង្ឃ បន្ទាប់ពី​តុលាការ​កោះហៅ​ទាំង​គ្រងចីវរ​ទៅ​សួរចម្លើយ​

បន្ទាយមានជ័យ:
បន្ទាប់ពី​មន្ត្រី​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា និង​មន្ត្រី​គណៈសង្ឃ​រិះគន់​តុលាការខេត្ត​បន្ទាយមានជ័យ ដែល​ចេញ​ដីកា​បង្គាប់ ហើយ​អោយ​ព្រះសង្ឃ​ទាំង​គ្រង់​ស្បង់​ចីវរ ចូលខ្លួន​មក​តុលាការ ដើម្បី​សួរចម្លើយ ទីបំផុត​គេ​ឯកភាពគ្នា កុំ​ប្រមាថ​ព្រះសង្ឃ​តទៅទៀត​។​
 
​ឯ​ភិក្ខុសង្ឃ​ដើមបណ្តឹង​ទទួល​លក្ខខណ្ឌ​ចំនួន​៣ តែបើ​មិន​ព្រម​ទេ ត្រូវ​ផ្សឹក​ដោយ​បង្ខំ​។​
   លោក​យិន យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៧​ឧសភា​ថា ករណី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ និង​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​ដីកា​កោះហៅ ហើយ​ព្រះសង្ឃ​ដើមបណ្តឹង​និង ព្រះគ្រូ​ចៅអធិការ​វត្ត​វត្ត​ជា​ចុង​ចម្លើយ មក​បំភ្លឺ​និង​ឆ្លើយ​នូវ​ការសួរចម្លើយ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ កន្លងមកនេះ​បាន​ដល់ទី​បញ្ចប់​ហើយ​។​
    
​លោក​និយាយ​បន្តថា ករណី​នោះ នៅ​សាលា​គណ​ខេត្តបន្ទាយមានជ័យ គណៈសង្ឃ​គណ​ខេត្ត​ដឹកនាំ​ដោយ​ព្រះគ្រូ​ធុល សុធា ព្រះ​មេគណ​ខេត្ត ព្រះគ្រូ​ព្រំ ស​ង្អូ​ន ព្រះ​វិន័យធរ​គណ​ខេត្ត ព្រះគ្រូ​សំ វីរៈ ព្រះ​អនុគណ​ស្រុក​មង្គល​បូរី និង​មន្ត្រី​សង្ឃ លោក​ផ្ទាល់​(​យិន យឿន​) អនុប្រធាន​មន្ទីរ​បាន​ប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃទី​២៩​មេសា​ថ្មីៗ​នេះ ។​
    សាមីខ្លួន​ព្រះសង្ឃ​គូ​ជម្លោះ​ប្តឹងផ្តល់​ទាំង​២​អង្គ​ក៏​ចូលរួម​ដែរ​។​
   អង្គប្រជុំ​នោះបាន​សម្រេច​ថា : ទី​១-​ព្រះ​ភិក្ខុ​ណង សុផារ៉ា (​ដើមបណ្តឹង​) ត្រូវ​ដក​ពាក្យបណ្តឹង​ជាបន្ទាន់​ពី​តុលាការ (​ដែល​ប្តឹង​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​ព្រះ​ភិក្ខុ​យឿន ប៊ុនធឿន ព្រះគ្រូ​ចៅអធិការ​វត្ត​កោះ​កែវ​លង្កា​រាម​)​។ ទី​២-​បើ​គ្រប់​ម៉ោង​និង​ស្ថានីយ៍​វិទ្យុ​ដែល​អនុញ្ញាតិ​អោយ​ព្រះ​ភិក្ខុ​ណង សុផារ៉ា ផ្សព្វផ្សាយ​ធម៌​និង​កិច្ចការ​សាសនា​នានា​។ ទី​៣-​ព្រះ​ភិក្ខុ​ណង សុផារ៉ា អាច​និមន្ត​ទៅ​គង់​វត្ត​ណា​ក៏បាន បើសិនជា​ព្រះគ្រូ​ចៅអធិការ ព្រះសង្ឃ គណៈកម្មការ​អាចារ្យ​និង​ពុទ្ធបរិស័ទ​ទីនោះ​យល់ព្រម​។ (​នៅ​បន្ទាយមានជ័យ​មាន​វត្ត​២៤៥)​។ ឱសានវាទ​សម្រេចចិត្ត​ត្រូវ​ទុកពេល​១៥​ថ្ងៃ គឺ​ត្រូវអស់​នៅ​ថ្ងៃទី​១២​ឧសភា​ខាងមុខ​ដ៏​ខ្លី​នេះ​។​
  ហើយ​តាំងពី​មានការ​ប្តឹងផ្តល់ ពីថ្ងៃ​ទី​៣​ខែមិថុនា​ឆ្នាំ​២០១៥​កន្លងមក ព្រះ​ភិក្ខុ​ដើមបណ្តឹង​បាន​គង់នៅ​ផ្ទះ​ញោម ឯ​ភូមិ​ពោ​ធី​រៀង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី និង​នៅតែមាន​ទំនាក់ទំនង​ស្នេហា នឹង​ប្រពន្ធ​របស់​ពុទ្ធបរិស័ទ​ក្បែរ​វត្ត​កោះ​កែវ​ដដែល​។​
  ករណីនេះ​ព្រះ​ភិក្ខុ​ចុង​ចម្លើយ​យឿន ប៊ុនធឿន បាន​ឯកភាព​។ តែ​ព្រះ​ភិក្ខុ​ដើមបណ្តឹង​ណង សុផារ៉ា មិន​ឯកភាព​ឡើយ​។​
      
​លោក​យិន យឿន និយាយ​បន្តថា "​បើ​ព្រះ​ភិក្ខុ​ណង​សុផារ៉ា មិន​អនុវត្តន៍​តាម​ក៏ត្រូវ​គណៈសង្ឃ​សម្រេច​ផ្សឹក​ដោយ​បង្ខំ​ដែរ ព្រោះ​រឿងនេះ ព្រះ​ភិក្ខុ​ក៏បាន​ប្តឹងផ្តល់​ទៅ​ច្រើន​កន្លែង​រាប់ទាំង​ទៅ​គណៈសង្ឃ​នាយក សម្តេច​សង្ឃ​គណៈមហានិកាយ ក្រសួង​ធម្មការ​..​ហើយ​បណ្តឹង​នោះ ត្រូវបាន​ទម្លាក់​អោយ​ខេត្ត​និង​ស្រុក​ដោះស្រាយ​វិញ​"​។​
   ក្នុងនោះ​សាលា​អនុគណ​ស្រុក​មង្គល​បូរី ទទួល​សិទ្ធិ​សម្រេច​អោយ​ព្រះ​ភិក្ខុ​ណង សុផារ៉ា ចាក​ចេញពី​កុដិ​នៃ​វត្ត​កោះ​កែវ ដោយ​គ្មាន​លក្ខខណ្ឌ​។​
     ឆ្លើយតប​ការរិះគន់​របស់​ព្រះសង្ឃ មន្ត្រី​ធម្មការ​និង​សាធារណជន​នានា​កន្លងមក នៅ​ថ្ងៃទី​៥​ឧសភា នា​វត្ត​ខ្ចាស់ ឃុំ​បុ​ស្សូវ ស្រុក​ព្រះនេត្រព្រះ លោក​ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​នៃ​អយ្យការ​អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និយាយ​ទៅកាន់​ពិធី​ចែក​ទឹក​មួយ​ថា ក្នុង​នីតិវិធី​ច្បាប់​ព្រះសង្ឃ ពុំមាន​អភ័យឯកសិទ្ធិ​ទេ​។ ហេតុនេះ​បើ​មាន​ករណី​ប្តឹងផ្តល់ ហើយ​ព្រះសង្ឃ​មកប្តឹង​តុលាការ ត្រូវ​កោះ​មក​តុលាការ និង​ដំណើរការ​រឿងក្តី​ទាំង​ស្បង់​ចីវរ​បាន​។​
   
​លោក​បន្តថា នេះ​ក៏​ជាការ​សម្រួល​កុំ​អោយដល់​ថ្នាក់​ផ្សឹក ព្រះសង្ឃ​មុន​សម្រេច​អង្គសេចក្តី​។ បើ​ផ្សឹក​ហើយ ព្រះសង្ឃ​មិន​ងាយ​បំបួស​បាន​វិញ​ទេ​។​
 ប៉ុន្តែ​ព្រះរាជអាជ្ញា​រូបនេះ ក៏​បង្ហាញ​ការសោកស្តាយ​ដែរ ចំពោះ​រឿងក្តី​ដែលមាន​ព្រះសង្ឃ​ប្តឹង​ព្រះសង្ឃ ហើយ​តុលា​ការកោះហៅ​មក​តុលាការ ទាំង​គ្រង​ស្បង់​ចីវរ​បែបនេះ ជា​លើកដំបូង​នៅ​ខេត្តបន្ទាយមានជ័យ ចំពេល​លោក​នៅ​បម្រើការ​ដែរ​។​
     ក្នុងការ​សន្ទនា​ជាមួយ​លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត លោក​យិន យឿន បាន​ស្រង់​សំដី​លោក​ព្រះរាជអាជ្ញា ដូចដែល​និយាយថា លោក​ទទួលយក​សេចក្តី​សុំ​បិណ្ឌ​បាត្រ និង​ស្នើ​របស់​មន្ត្រី​គណៈសង្ឃ​ខេត្ត គឺ​ក្រោយៗ​មិន​ទទួល​សំណុំរឿង​ព្រះសង្ឃ​ប្តឹង​ព្រះសង្ឃ ហើយ​ដំណើរការ​រឿងក្តី​ព្រះសង្ឃ​ទាំង​គ្រង​ស្បង់​ចីវរ បែបនេះ​ទៀត​ដែរ​។​
     រឿង​ព្រះសង្ឃ គឺ​ទុក​ជូន​ប្រគេន​មន្ត្រី​សង្ឃ និង​ធម្មការ​ដោះស្រាយ​អោយអស់​នីតិវិធី​សិន ដើម្បី​ចៀសវាង​ថា ទង្វើរ​បែប​នោះ បាន​ប្រមាថ​ព្រះសង្ឃ​និង​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ហើយក៏​ចៀសវាង​កុំអោយ​សាធារណជន រិះគន់ថា សូម្បី​ព្រះសង្ឃ​ក៏​តុលា​ការមិន​លើកលែង​ដែរ​។​
 ប៉ុន្តែ​បើ​សំណុំរឿង​ព្រហ្មទណ្ឌ តុលាការ​ក៏​រង់ចាំ​អោយ​គណសង្ឃ​និង​ធម្មការ ផ្សឹក​សាមីជន​ព្រះសង្ឃ​ដាច់​អាបត្តិ​ជាមុន​ដែរ​។​
   
 សូម​រំលឹក​ដែរ​ថា ដោយ​មិន​អស់ចិត្ត ភិក្ខុ​ណង សុផារ៉ា បែរជា​មក​ប្តឹងផ្តល់​រឿង​ព្រហ្មទណ្ឌ​នៅ​តុលាការខេត្ត​បន្ទាយមានជ័យ​។ រឿង​ហួសចិត្ត​នោះ គឺ​តុលាការ​និង​អយ្យការ មិន​ត្រឹមតែ​មិន​ទទួល​ឬ​ច្រានចោល​បណ្តឹង ទុកជា​មិនបានការ ព្រោះ​ខុស​នឹង​ប្រពៃណី សាសនា និង​នីតិវិធី​ប៉ុណ្ណោះ​ទេ តែ​បែរជា​ឈានដល់​ចាត់ការ ហើយ​ចេញ​ដីកា​ចុះ​ទី​២៤​មេសា បង្គាប់​អោយ​ព្រះ​ភិក្ខុ​យឿន ប៊ុនធឿន (​ចុង​ចម្លើយ​) ចូលខ្លួន​ថ្ងៃទី​២៥​មេសា​ឆ្នាំ​២០១៦​។ ពេល​ព្រះគ្រូ​ចៅអធិការ​វត្ត​មកអោយ​តុលាការ សួរចម្លើយ​ដូច​ការកោះហៅ តែមាន​ព្រះសង្ឃ​ក្នុង​វត្ត​ជិត​២០​អង្គ បាន​និមន្ត​មក​តវ៉ា​ឬ​ចូលរួម​ដល់​មុខ​តុលាការ​ដែរ​។​
  ហើយ​មុន​ន​នោះ មួយ​ព្រឹក តុលាការ​ក៏​កោះហៅ​ព្រះ​ភិក្ខុ​ចុង​ចម្លើយ​មក​បំភ្លឺ​ដែរ​។​
      សូម​រំលឹកថា យោង​ដីកា​បង្គាប់​អោយចូល​ខ្លួន​ចុះ​ថ្ងៃទី​២៤​មេសា​ឆ្នាំ​២០១៦ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ម៉ម ច័ន្ទ​វណ្ណៈ អោយដឹងថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៦៦​ចុះ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៥ និង​ដីកា​បញ្ជូន​រឿង​អោយ​ស៊ើបសួរ​លេខ​៦៧៧​ចុះ​ថ្ងៃទី​១១​វិច្ឆិកា​ឆ្នាំ​២០១៥ របស់លោក​សុក កែវ​បណ្ឌិត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ គឺ​បង្គាប់​អោយចូល​ខ្លួន​:១-​ឈ្មោះ​យឿន ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​សញ្ជាតិ​ខ្មែរ មុខរបរ​ព្រះសង្ឃ (​ព្រះគ្រូ​ចៅអធិការ​វត្ត​) ទីកន្លែង​កំណើត​ភូមិ​នាង​កេតុ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី អាស័យដ្ឋាន គង់នៅ​វត្ត​កោះ​កែវ ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក​។ ២-​គូកន​។ (​គ្មាន​សាវតា​ជាតិ​គ្រប់គ្រាន់​) ត្រូវបាន​ដាក់អោយ​ត្រួតពិនិត្យ​ពីបទ​:"​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​"​។​
  បទល្មើស​មានចែង​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ្ត​មាត្រា​៤១១ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​កោះ​កែវ​នេះ កាលពី​ថ្ងៃទី​១១​ឧសភា​ឆ្នាំ​២០១៥​។​
    ចៅក្រម​ស៊ើបសួរ​ម៉ម ច័ន្ទ​វណ្ណៈ បង្គាប់​មក​ជន​ត្រូវ​ចោទ​ឈ្មោះ​យឿន ប៊ុនធឿន (​ព្រះគ្រូ​ចៅអធិការ​វត្ត​) អង្គ​នេះ​ចូលកាន់​តុលាការខេត្ត​បន្ទាយមានជ័យ (​បន្ទប់​ចៅក្រម​-​ច​-) ក្នុង​ថ្ងៃទី​២៥​មេសា​ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​(​ចម្លើយ​)​ក្នុង​សំណុំរឿង​ខាងលើ​។​
   ករណី​មិន​ចូលខ្លួន​តាម​កំណត់ តុលា​ការចេញ​ដីកា​បង្គាប់​អោយ​អោយ​នាំខ្លួន​។​
     ពោលគឺ​កន្លងមក ព្រះគ្រូ​ចៅអធិការ​វត្ត​នេះ ត្រូវ​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង (​តំណាង​អយ្យការ​) បាន​កោះហៅ​សួរចម្លើយ​ម្តង​ហើយ ហើយ​សំណុំ​រឿងនេះ លោក​តំណាង​អយ្យការ លោក​ចៅក្រម​ស៊ើបសួរ​ក៏បាន​កោះហៅ​ព្រះសង្ឃ និង​គ្រហស្ថ ជា​សាក្សី​មួយចំនួន កោះហៅ​ព្រះសង្ឃ​នាម​ណង សុផារ៉ា ព្រះជន្ម​២៨​វស្សា​ដើមចោទ (​អ្នកប្តឹង​) មក​បំភ្លឺ  ឆ្លេច​ចម្លើយ​បន្ថែម​លើ​ពាក្យបណ្តឹង​របស់ខ្លួន​ព្រះអង្គ ដែល​ប្តឹង​ព្រះគ្រូ​ចៅអធិការ​វត្ត នាម​យឿន ប៊ុនធឿន កាលពី​ថ្ងៃទី​៣​មិថុនា​ឆ្នាំ​២០១៥​កន្លងមក​។​
     គឺ​ករណី​ព្រះគ្រូ​ចៅអធិកា​យឿន ប៊ុនធឿន និង​ព្រះ​អនុគណ​ស្រុក ព្រះសង្ឃ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច បាន​រុះរើ​អីវ៉ាន់ គរុ​ភ័​ណ្ឌ សៀវភៅ ...​និង​បណ្តេញ​ចេញពី​វត្ត​ព្រះ​តេជគុណ​ណង សុផារ៉ា​។ ការបណ្តេញ​នោះ ដោយសារ​ភិក្ខុ​ណង សុផារ៉ា មិន​ចូលរួម​សកម្មភាព​សាសនា មិន​ឆាន់​រួម មិន​ស្តាប់​មតិរួម​ក្នុង​វត្ត ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ភិក្ខុ​នេះ​បាន​ដាច់​អាបត្តិ រឿង​ដើរ​ដេក​តាម​ផ្ទះ​អ្នកស្រុក ដោយ​គ្មាន​សុំច្បាប់ បាន​ឆាន់​មាន់​រស់ គឺ​ទាក់ទង​ស្នេហា​នឹង​ប្រពន្ធ​ពុទ្ធបរិស័ទ រហូត​បែកបាក់​ជីវិត​ប្តី​ប្រពន្ធ​គេ​។​
      តែ​ភិក្ខុ​ណង សុផារ៉ា ថា​ព្រះអង្គ​ទទួល​ពី​ព្រះគ្រូ​ចៅ​វត្ត ព្រះ​អនុគណ​ស្រុក​និង​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​នូវ​អយុត្តិធម៌​។ ព្រះអង្គ​រៀន​ចេះ​ចាំ ហើយ​ពូកែ​សូត្រធម៌ ចេះ​ទេសនា​ស្រោច​ទឹក និង​មាន​ប្រជាប្រិយ ទើប​ព្រះគ្រូ​ចៅអធិការ​ថ្មី និង​ព្រះសង្ឃ​ក្នុង​វត្ត​ច្រណែន​៕

ផ្សឹក​ព្រះសង្ឃ​ដើមបណ្តឹង , យល់ព្រម​ឈប់​មើលងាយ​ព្រះសង្ឃ បន្ទាប់ពី​តុលាការ​កោះហៅ​ទាំង​គ្រងចីវរ​ទៅ​សួរចម្លើយ​

ផ្សឹក​ព្រះសង្ឃ​ដើមបណ្តឹង , យល់ព្រម​ឈប់​មើលងាយ​ព្រះសង្ឃ បន្ទាប់ពី​តុលាការ​កោះហៅ​ទាំង​គ្រងចីវរ​ទៅ​សួរចម្លើយ​

ផ្សឹក​ព្រះសង្ឃ​ដើមបណ្តឹង , យល់ព្រម​ឈប់​មើលងាយ​ព្រះសង្ឃ បន្ទាប់ពី​តុលាការ​កោះហៅ​ទាំង​គ្រងចីវរ​ទៅ​សួរចម្លើយ​

ផ្សឹក​ព្រះសង្ឃ​ដើមបណ្តឹង , យល់ព្រម​ឈប់​មើលងាយ​ព្រះសង្ឃ បន្ទាប់ពី​តុលាការ​កោះហៅ​ទាំង​គ្រងចីវរ​ទៅ​សួរចម្លើយ​