និស្សិត​នៅ​បរទេស បង្ហាញ​អារម្មណ៍​នឹក​ម្ដាយ​ខ្លាំង​ក្នុង​ថ្ងៃ Mother’s Day

អ្នកម្ដាយ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ដែលខំ​ចិញ្ចឹម​បីបាច់កូន​ប្រុស​ស្រី តាំង​ពី​បាតជើង​ក្រហមងាំង រហូត​ធំដឹង​ក្ដី បាន​រៀនសូត្រ និង រៀបចំ​ឱ្យ​មានគូស្រករ។ ថ្ងៃនេះ​ជា​ «ទិវា​អ្នកម្ដាយ»​ ហើយ​មនុស្ស​មិន​តិច​ទេ ដែល​បាន​បង្ហាញ​អារម្មណ៍ និង​ធ្វើទង្វើ​ល្អ​ៗ ចំពោះ​ម្ដាយ​ជាទី​ស្រលាញ់​​របស់​ពួកគេ។ ចំណែក​​និស្សិត​អាហារូបករណ៍​​ ដែល​កំពុង​សិក្សា​​នៅ​​បរទេស​​ ៣ ​​​រូប​នេះវិញ ក៏​បាន​សម្ដែង​អារម្មណ៍​ ដឹងគុណ និង​នឹក​ម្ដាយ​ខ្លាំង​ដែរ ក្រោយ​ពួកគេ​បែក​ពី​គ្រួសារ​យូរ​ខែ​ឆ្នាំ​។

 

និស្សិត​នៅ​បរទេស បង្ហាញ​អារម្មណ៍​នឹក​ម្ដាយ​ខ្លាំង​ក្នុង​ថ្ងៃ Mother’s Day

យុវជន រិទ្ធ រតនៈ

 

យុវជន រិទ្ធ រតនៈ និស្សិត​​​រៀន​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ល្បី ហ៊ិតុហ្សឹបាស៊ិ បាន​ផ្ញើ​សារ​ថា លោក​​ពិត​ជា​នឹក​ម្ដាយ​​ខ្លាំង​ណាស់ ហើយ​​លោកសូម​​​អរគុណ​ចំពោះ​​ការ​លះបង់​ មើល​ថែ​ ទំនុក​បម្រុង​គ្រួសារ​គ្រប់​បែប​យ៉ាង រហូត​​មក​ដល់​ថ្ងៃ​នេះ។

 

រតនៈ ថា៖ “បើ​ទោះ​ជា​រូប​កាយ​នៅ​ឆ្ងាយ​ពី​ម៉ែ​ក្ដី តែ​ចិត្ត​នៅ​គិត​អាល័យ​ដល់​ម៉ែ​ជានិច្ច។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​លះបង់​ ខិតខំ​ប្រឹងប្រែង​ពុះពារ ជម្នះ​ឧបសគ្គ​គ្រប់បែប​យ៉ាង ដើម្បី​មើល​ថែទាំ​ទំនុកបម្រុង​ខ្ញុំ​ឱ្យ​​បាន​មក​ដល់​ថ្ងៃ​នេះ ដោយ​មិន​ខ្វល់​ពី​ការ​លំបាក​ខ្លួន​ឯង​។ ខ្ញុំ​សូម​ជូនពរ​ម៉ែ​ឱ្យ​មាន​សុខភាព​ល្អ និង​សំណាង​ល្អ”។

 

និស្សិត​នៅ​បរទេស បង្ហាញ​អារម្មណ៍​នឹក​ម្ដាយ​ខ្លាំង​ក្នុង​ថ្ងៃ Mother’s Day អៀង សុខយៀប 

 

ចំណេក​និស្សិត​​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ Dali ក្នុង​ខេត្ត yunnan ប្រទេស​ចិន អៀង សុខយៀប ក៏​បាន​ឱ្យ​ដឹង​ដូចគ្នា​ថា បើ​ទោះ​កាយ​ឆ្ងាយ​គ្នា​​យ៉ាង​ណា ប៉ុន្តែ​អារម្មណ៍​ស្រលាញ់​​អ្នក​ម្ដាយ ​នៅ​តែ​ដិតជាប់​អារម្មណ៍​ជា​និច្ច។

 

សុខយៀប និយាយ​ថា៖ “នៅ​ថ្ងៃ Mother’s Day ខ្ញុំ​មាន​អារម្មណ៍​ថា​នឹក​ម៉ាក់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ចង់​និយាយ​​ប្រាប់​​ម៉ាក់​ថា ម៉ាក់​គឺ​ជា​មនុស្ស​ដែល​អស្ចារ្យ​ជាង​គេ​សម្រាប់​​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ម៉ាក់​មែន ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​នៅ​តែ​នឹក​ម៉ាក់​ស្រលាញ់​ម៉ាក់​ណាស់​។ កូន​ជូនពរ​ឱ្យ​ម៉ាក់​មាន​សុខភាព​ល្អ កុំ​ឱ្យ​មាន​ជំងឺ​ឈឺ​ស្កាត់”។

 

និស្សិត​នៅ​បរទេស បង្ហាញ​អារម្មណ៍​នឹក​ម្ដាយ​ខ្លាំង​ក្នុង​ថ្ងៃ Mother’s Dayយស សំណព្វ និង​លោក​ឪពុក អ្នកម្ដាយ

 

កំពុង​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត ​ផ្នែក​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​បច្ចេកទេស ស្វីនបន ទីក្រុង​មែលបន ប្រទេស​អូស្ត្រាលី លោក យស សំណព្វ បាន​និយាយ​ថា ឃ្លាត​ឆ្ងាយ​ពី​ផ្ទះជិត ៣ ខែទើបដឹង​ថា គ្មាន​ទីណា​កក់ក្ដៅ​ជាង​នៅ​ជួបជុំ​គ្រួសារ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឡើយ។
 
សំណព្វ លើក​ឡើង​ថា៖ “ក្ដី​ស្រលាញ់​របស់​អ្នក​ម៉ែ​ចំពោះ​កូនៗ និង ចៅៗ គ្មាន​អ្វី​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ខ្ញុំ​ចង់​ប្រាប់​ម៉ែ​ថា ឱ្យ​ខ្ញុំ​សូមទោស​ដែល​មិន​បាន​ធ្វើ​ជា​កូន​ល្អ ធ្វើ​ឱ្យ​អ្នក​ផ្ទះ​បារម្ភ គ្មាន​ពេល​គ្រប់​គ្រាន់​​​នៅ​ជាមួយ​គ្រួសារ​។ កូន​សូម​អរគុណ​ចំពោះ ក្ដី​ស្រលាញ់ និង​គុណ​អ្នក​ម៉ែ ចំពោះ​កូន ចៅ ។ កូន​សូម​ជូនពរ​ម៉ែ និង​ពុក មាន​សុខភាព​ល្អ និង​សប្បាយ​រីករាយ​រាល់​ថ្ងៃ”៕

 

ឃើញ​រូបភាព​ទាំង​នេះ ទើប​ដឹង​ថា​អ្នក​ម្ដាយ​​គ្រប់​រូប ខំ​​ដើម្បី​កូន​ខ្លាំង​ប៉ុណ្ណា!

គន្លឹះ​ស្វែងយល់​ ពី​ផ្លូវចិត្ត​ម្តាយ

 

អត្ថបទ៖ អ៊ុំ សុភក្តិ