ជិត​ដល់​ថ្ងៃ​​ចូល​រោងការ ខ្យល់​កន្ត្រា​ក់រ​លំ​ផ្ទះ​ផ្តាច់​សង្ខារកូនក្រមុំ ​កូនកំលោះ​របួសធ្ងន់

ជិត​ដល់​ថ្ងៃ​​ចូល​រោងការ ខ្យល់​កន្ត្រា​ក់រ​លំ​ផ្ទះ​ផ្តាច់​សង្ខារកូនក្រមុំ ​កូនកំលោះ​របួសធ្ងន់



ខេត្តពោធិ៍សាត់ ៖ ភ្លៀង​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បោកបក់​រលំ​ផ្ទះ​សង្កត់​នារី​ម្នាក់​ជា​អនាគត​កូនក្រមុំ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ឯ​បុរស​ជា​គូ​ដណ្ដឹង​និង​ជា​កូនកំលោះ​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ គ្រោះ​ធម្មជាតិ​នេះ បាន​កើតឡើង​នៅ​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​៥ ខែឧសភា ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៧​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៥ ខែឧសភា នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ មាន​ភ្លៀង​ធ្លាក់​មួយ​មេ លាយឡំ​ដោយ​ផ្លេកបន្ទោរ​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​លំនៅ​ឋាន​មួយ​ចំនួន​ត្រូវ​ខ្យល់​វាយ​បំ​ប៉ើង​ដំបូល​និង​ជញ្ជាំង ខ្លះ​ធ្លាក់​ពីលើ​ជើង​តាង និង​ខ្លះ​ទៀត​រលំ​រាប​ដល់​ដី ។ ជាក់ស្ដែង​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ផ្ទះ​ចេក ធ្វើ​អំពី​ឈើ សសរថ្ម ទំហំ​៧,៥០​ម៉ែត្រ​គុណ​នឹង​៨,២០​ម៉ែត្រ បាន​រលំ​ធ្លាក់​សង្កត់​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ និង​ងាប់​ជ្រូក​២​ក្បាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ក្រិ​ច ចាន់​ដែ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ​(​ស្លាប់​) ឯ​អ្នក​របួសធ្ងន់​ឈ្មោះ សែន អៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ទាំង​២​នាក់​ជា​គូ​ដណ្ដឹង​នឹង​គ្នា ហើយ​ផ្ទះ​ដែល​រលំ​សង្កត់​ស្លាប់​និង​របួស​នេះ​ទើបនឹង​ធ្វើ​ថ្មី​ត្រៀម​រៀបចំ​សម្រាប់​ពិធី​មង្គលការ​នៅ​៤​ថ្ងៃ ខាង​មុខ ។

នៅ​ព្រលប់​ថ្ងៃ​នោះ ពេល​មាន​ភ្លៀង​ធ្លាក់​អ្នក​ទាំង​២​នាក់​ដែល​ជា​គូ​ដណ្ដឹង​ត្រៀម​រៀប​ការ កំពុង​នៅ​ក្រោមផ្ទះ ។ ខណៈ​នោះ ស្រាប់តែ​ផ្ទះ​រលំ​មក​សង្កត់​លើ បណ្ដាល​ឱ្យ​ស្លាប់​និង​របួស​តែ​ម្ដង មិនតែប៉ុណ្ណោះ​ជ្រូក​២​ក្បាល​ក៏​ងាប់​ក្នុង​ពេល​នោះ​ដែរ ៕