កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​ពីរ​នាក់​នៅ​កោះ​ណាវរូ

កម្ពុជា នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ (Nauru) បន្ទាប់​ពី ទទួល​ដំណឹង​ថា មាន​ជន​ភៀស​ខ្លួន​ពីរ​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់ (Iran) យល់​ព្រម​មក​រស់នៅ​ប្រទេស កម្ពុជា។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ ថា​នៅ​ពេល​នេះ កម្ពុជា រង់ចាំ​តែ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ពី​ស្ថានទូត​អូស្ត្រាលី ជា​មុន​សិន មុន​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សាន សុវិទ្យា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ស្ថានទូត​ប្រទេស​អូស្ត្រាលី ថា ជនជាតិ​អ៊ីរ៉ង់ ដែល​យល់​ព្រម​មក​រស់នៅ​ប្រទេស​កម្ពុជា គឺ​ជា​ការ​ស្ម័គ្រចិត្ត​របស់​ជន​ភៀស​ខ្លួន។ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពេលវេលា​ជាក់លាក់​បាន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ពី​ភាគី​អូស្ត្រាលី សិន៖​«យើង​ត្រូវ​បញ្ជូន​មន្ត្រី​របស់​យើង​ដើម្បី​សម្ភាស​ឡើង​វិញ ប៉ុន្តែ​មិន​សម្ភាស​លម្អិត​ដូច​ជន​ភៀស​ខ្លួន​ដទៃ​ទេ ព្រោះ​ជន​ភៀស​ខ្លួន​នេះ​មាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន។ យើង​សម្ភាស​បញ្ជាក់​ឡើង​វិញ​ថា គេ​ស្ម័គ្រ​មក​ប្រទេស​កម្ពុជា ឬ​មាន​ការ​បង្ខិតបង្ខំ»

សព្វថ្ងៃ​នេះ ជន​ភៀស​ខ្លួន​ដែល​យល់​ព្រម​មក​រស់នៅ​ប្រទេស​កម្ពុជា នៅ​សល់​តែ​ម្នាក់​ទេ។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សាន សុវិទ្យា បញ្ជាក់​ថា ជន​ភៀស​ខ្លួន​មួយ​រូប​នោះ​រស់នៅ​ធម្មតា និង​កំពុង​រស់នៅ​ក្នុង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ឬ​ហៅ​កាត់​ថា អាយ.អូ.អិម (I.O.M)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។